កីឡាអន្តរជាតិ
អន្តរជាតិ
UEFA អនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​៣០​ភាគរយ​ចូល​កីឡដ្ឋាន​វិញ នៅ​តំបន់​អឺរ៉ុប​
02, Oct 2020 , 2:56 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) បានអនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូល​ទស្សនាការ​ប្រកួត​ក្នុង​តំបន់​អឺរ៉ុប និង​ការប្រកួត​របស់​ក្រុម​ជម្រើសជាតិ​ដោយ​កំណត់​ត្រឹម​៣០​ភាគរយ នៃ​ចំនួន​កៅអី​សរុប​ក្នុង​កីឡដ្ឋាន​។ យ៉ាងណាក៏ដោយ អាជ្ញាធរ​មូលដ្ឋាន ជា​អ្នកអារកាត់​ចុងក្រោយ​លើ​រឿងនេះ ប្រសិន​ពួកគេ​ភ័យខ្លាច​មាន​ករណី​ឆ្លង COVID-19​។


​ការប្រកាស​របស់ UEFA នៅ​ថ្ងៃទី​១ ខែតុលា ធ្វើឡើង​បន្ទាប់ពី UEFA ផ្ទាល់​មើលឃើញ​ពី​ភាពជោគជ័យ​ក្នុងការ​រៀបចំ​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​ទស្សនា​នា​ការប្រកួត​រវាង Bayern Munich ទល់នឹង Sevilla ពានរង្វាន់ Super Cup ក្នុង​ក្រុង Budapest ប្រទេស​ហុង​គ្រី កាលពី​ថ្ងៃទី​២៤ កញ្ញា​កន្លងទៅ​។​
 
​បើទោះជា​ប្រកាស​ពី​ការអនុញ្ញាត​បែបនេះ​ក៏ដោយ ប៉ុន្តែ​ស្ថាប័ន​គ្រប់គ្រង​កីឡាបាល់ទាត់​អឺរ៉ុប​បាន​កម្រិត​ចំនួន​អ្នកគាំទ្រ​ត្រឹម​៣០​ភាគរយ​ប៉ុណ្ណោះ​ដើម្បី​រក្សា​គម្លាត​សុវត្ថិភាព ហើយ​ការ​ឲ្យ​មាន​អ្នកគាំទ្រ​ចូល​កីឡដ្ឋាន ឬ​អត់​នោះ​ក៏​នឹង​អាស្រ័យ​លើ​ការសម្រេចចិត្ត​របស់​អា​ជ្ញា​ធរ​តាម​តំបន់​ដែលជា​ម្ចាស់ផ្ទះ​ផងដែរ​។​
 
​លោក Aleksander Ceferin ប្រធាន UEFA ក៏បាន​អះអាង​ដែរ​ថា មាន​ប្រទេស​នៅ​អឺរ៉ុប​ចំនួន ២៧​ហើយ បានអនុញ្ញាត​ឲ្យ​អ្នកគាំទ្រ​ចូល​កីឡាដ្ឋាន​វិញ​ដោយមាន​ការកម្រិត​ចំនួន​អ្នកទស្សនា និង​គោរព​តាម​គោលការណ៍​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល​ប្រទេស​ខ្លួន​។​
 
​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​បាន​ផ្អាក​ការប្រកួត​កាលពី​ខែមីនា ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ COVID-19 មុន​សម្រេច​ឲ្យ​ដំណើរការ​ប្រកួត​ឡើងវិញ​នៅ​ខែមិថុនា​ដោយ​បិទទ្វារ​កីឡដ្ឋាន​៕
 

Tag:
 UEFA
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com