ជាតិ
សាលារៀន​មួយ នៅ​ឧ​ត្ត​រ​មានជ័យ បង្កើត​សួន​ចម្រុះ ដើម្បី​ឲ្យ​សិស្ស យល់​ពី​បច្ចេកទេស​ដាំ​បន្លែ ដោយ​មិន​ប្រើ​គីមី​
02, Oct 2020 , 3:15 pm        
រូបភាព
​ដោយ​៖ ប៉ូ សុភា 

​វិទ្យាល័យ ហ៊ុន សែន​ឧ​ត្ត​រ​មានជ័យ បាន​បង្កើត​សួន​ចម្រុះ​មួយ ដើម្បីឱ្យ​សិស្ស​រៀន​ពី​ជំនាញ និង​បច្ចេកទេស​ដាំ​បន្លែ​តាមបែប​ធម្មជាតិ ដោយ​មិន​ប្រើ​ជាតិគីមី​។ សាលារៀន​នេះ ស្ថិតក្នុង​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​



​លោក អៃ សុគន្ធ នាយក​វិទ្យាល័យ ហ៊ុនសែន​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា សួន​បន្លែ​ធម្មជាតិ​នេះ អាច​ផ្ដល់​ទាំង​ចំណេះដឹង និង​ជំនាញ​កសិកម្ម​ដល់​សិស្ស សម្រាប់​យកទៅ​ប្រើការ ក្រោយ​បញ្ចប់​ថ្នាក់​វិទ្យាល័យ​។​លោក​អៃ សុគន្ធ ថា សួន​ជីវចម្រុះ​ក្នុង​សាលា​នេះ បាន​ក្លាយជា​កន្លែង​អប់រំ និង​កន្លែង​កម្សាន្ត​សម្រាប់​សិស្ស​ក្នុងពេល​កំពុង​សិក្សា ហើយ​សួន​នេះ ក៏បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ផ្លាស់ប្តូរ​ទម្លាប់ និង​ទំនាក់ទំនង​រវាង​គ្រូ​និង​សិស្ស​ដែរ​។​
 
«​គ្រូ​នឹង​សិស្ស​នាំគ្នា​ចូលរួម​ដាំ​ដំណាំ​យ៉ាង​សស្រោក​ស្រ​ស្រាំ ជួយ​គ្នា​ថែទាំ​បន្លែ​ជា​រៀងរាល់ថ្ងៃ ចំណែក​ការប្រាស្រ័យ​ទាក់ទង​គ្នា​ក៏​ឃើញថា​មាន​ភាពស្និទ្ធស្នាល​គ្នា​ជាង​មុន​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុគន្ធ ដែល​បាន​បន្ថែមថា សួន​បន្លែ​នេះ គឺ​ដាំ​ដុះ​ដោយ​បែប​ធម្មជាតិ ដោយ​គ្មាន​ប្រើប្រាស់​ជីគីមី​នោះទេ​។​
 
​បើតាម​លោក អៃ សុគន្ធ សួន​បន្លែ​ក្នុង​សាលា​នេះ ពិត​ជាមាន​សារៈប្រយោជន៍​ច្រើន​ក្នុង​វិស័យ​អប់រំ និង​មាន​ឥទ្ធិពល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​សិស្ស ទាំង​ផ្នែក​បរិស្ថាន និង​សុខភាព​ទៀតផង​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នាយក​វិទ្យាល័យ ហ៊ុនសែន​ឧ​ត្ត​រ​មានជ័យ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« ការបង្កើត​សួន​បន្លែ​ជា​ផ្នែក​មួយ​ជួយ​អប់រំ​ឱ្យ​សិស្ស​ចេះ​ជំនាញ​កសិកម្ម​តាមបែប​ធម្មជាតិ ដែល​អាច​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​។ សួន​បន្លែ​នេះ​ក៏​ជា​ផ្នែក​មួយ​ជួយ​ឱ្យ​សិស្ស​យកចិត្តទុកដាក់ និង​ស្រលាញ់​ធម្មជាតិ ក្នុង​បរិវេណ​សាលា​នឹង​អាចជួយ​ផ្សព្វផ្សាយ​ចំណេះដឹង​ទាំងនេះ​ទៅកាន់​សហគមន៍​នៅ​ជុំវិញ​ផងដែរ »​។​
 
​ជា​គ្រូបង្រៀន​ផ្នែក​គណិតវិទ្យា នៃ​វិទ្យាល័យ​ហ៊ុនសែន​ឧត្ដរមានជ័យ លោក ផាន វុទ្ធី បាន​និយាយថា សួន​បន្លែ​នេះ ជា​កន្លែង​ផ្ដល់​មេរៀន​ជីវិត​ដល់​សិស្ស ឱ្យ​ស្វែងយល់​ពី​ជីវិត​ពិត​ជាក់ស្ដែង​។  លោកគ្រូ វុទ្ធី ដែល​បាន​បង្រៀន​សិស្ស​ឱ្យ​ស្គាល់​ពី​ពូជ និង​ការដាំ​បន្លែ​បែប​ធម្មជាតិ​នេះ បាន​និយាយ​ដូច្នេះ​ថា​៖« ជីវិត​របស់​យើង​សព្វថ្ងៃ ប្រៀបដូចជា​ការដាំ​បន្លែ​ដូច្នេះ​ដែរ ដំបូង​យើង​ត្រូវ​ជ្រើសរើស​ដី និង​ពូជ​ដើម្បី​ដាំ​។ បន្ទាប់មក​ថែទាំ​ដោយ​ការដាក់​ជី​នឹង​ស្រោច​ទឹក បាន​ផល​ឬ​អត់ វា​អាស្រ័យ​លើ​យើង​ជា​អ្នក​ដាំ​នេះឯង បើ​យើង​ខំប្រឹង​ដាំ​ហើយ​ថែ បន្លែ​នេះ នឹង​ទទួលផល​តាម​នឹង តែបើ​យើង​ព្រងើយកន្តើយ​យើង​នឹងមិន​បាន​ផល​អ្វី​សោះ​ពី​បន្លែ​ទាំងនោះ​»​។ 


 
​យុវជន ចាយ ឆ​ង វ័យ​២០​ឆ្នាំ​ជា​សិស្ស​ថ្នាក់​ទី​១២​ម្នាក់ ដែល​បាន​រៀន​ពី​បច្ចេកទេស​ដាំ​បន្លែ​តាមបែប​ធម្មជាតិ និង​វិធីសាស្ត្រ​ក្នុង​ការធ្វើ​ជីកំប៉ុស​ពីសា​លា​នេះ បាន​និយាយថា ជំនាញ​ដាំ​បន្លែ​មានតម្លៃ​សម្រាប់​ខ្លួន សម្រាប់​យកទៅ​ប្រើប្រាស់ បន្ទាប់ពី​ការសិក្សា​។​
 
​យុវ​សិស្ស ចាយ ឆ​ង និយាយ​បន្តថា ៖« បន្ទាប់ពី​បាន​រៀន​បច្ចេកទេស​ដាំ​ដំណាំ​តាមបែប​ធម្មជាតិ​ពីសា​លា​ខ្ញុំ​គិតថា ប្រសិនបើ​គ្រួសារ​របស់ខ្ញុំ​គ្មាន​សមត្ថភាព​ឱ្យ​ខ្ញុំ​រៀន​បន្ត ខ្ញុំ​នឹង​ចាប់​អាជីព​ដាំ​បន្លែ​ធម្មជាតិ​នេះ ទៅជា​ដំណាំ​ក​សិ​ទេសចរណ៍​នៅ​ក្នុងភូមិ​របស់ខ្ញុំ​តែម្តង ព្រោះ​នៅទីនេះ​មាន​តំបន់​ទាក់ទាញ​ស្រាប់​»​។​


 
​ជា​សិស្ស​រៀន​ថ្នាក់​ទី ១២​នៃ​វិទ្យាល័យ​ហ៊ុនសែន ឧត្ដរមានជ័យ​ម្នាក់ទៀត យុវតី ចក់ ម៉ា​ណាត់ បាន​យល់ច្បាស់​ពី​ចំណេះដឹង និង​បច្ចេកទេស​ថ្មី នៃ​ការដាំ​បន្លែ តាម​ការបណ្ដុះបណ្ដាល​ពី​គ្រូ​នៅ​សាលា​។ ម៉ា​ណាត់ ស្ទើរតែ​មិន​ចង់​ឃ្លាត​ពី​ការសិក្សា​ឡើយ ព្រោះ​ពេលដែល​នាង​ទៅ​រៀន គឺ​នាង​មានឱកាស​បាន​មើល​បន្លែ​ដែល​ខ្លួន បាន​ដាំ​ផ្ទាល់ដៃ​។ « ចាប់ពី​មាន​សួន​បន្លែ​នៅ​សាលា ខ្ញុំ​ផ្តើម​មាន​អារម្មណ៍​ចង់ទៅ​រៀន​រាល់ថ្ងៃ មិន​ចង់​ឈប់សម្រាក​មួយថ្ងៃ​ទេ ព្រោះ​ចង់ឃើញ​ការលូតលាស់​របស់​បន្លែ​ក្នុង​សួន ដែល​ខ្ញុំ​ដាំ​ដោយ​ដៃ​ផ្ទាល់ ។ ឥឡូវ​សួន​នេះ​ក្លាយជា​កន្លែង​បន្ធូរ​អារម្មណ៍ និង​ផ្ដល់​ស្នាមញញឹម​សម្រាប់​ខ្ញុំ ព្រោះ​ពេលដែល​ស្មុគស្មាញ​ពី​ការសិក្សា ខ្ញុំ​តែង​សំដៅ​ទៅរក​សួន​បន្លែ​ជានិច្ច​។ នេះ​ជាការ​បញ្ជាក់​របស់​យុវតី ម៉ា​ណាត់​។ 
 
​លោក សេង ថុល មាន​វ័យ ៤៥​ឆ្នាំ​ជា​ឪពុក​យុវតី ម៉ា​ណាត់ បាន​និយាយថា លោក​គាំទ្រ​កម្មវិធី​សាលា​ដែល​បង្កើតឱ្យមាន​សួន​ជីវចម្រុះ ព្រោះ​កម្មវិធី​នេះ​នឹង​ធ្វើឱ្យ​កូន​ខ្លួន មានចំណេះដឹង​ផ្នែក​កសិកម្ម​ខ្លះ​ក្នុងពេល​កំពុង​រៀន​ថ្នាក់​វិទ្យាល័យ ដែល​វា​ជា​ចំណេះវិជ្ជា​ដ៏​មានតម្លៃ​សម្រាប់​ពួកគេ​នៅ​ថ្ងៃ​អនាគត ។ « កម្មវិធី​នេះ​ល្អ​ណាស់ ត្បិត​ថា​កូនស្រី​ខ្ញុំ​រៀន​ត្រឹម​ថ្នាក់​វិទ្យាល័យ​ក៏ដោយ ក៏​ពួកគេ​អាច​ចេះ និង​ស្វែងយល់បាន​ខ្លះ​ពី​ការដាំ​ដំណាំ​តាមបែប​ធម្មជាតិ ទាំងនេះ​អាចជា​ជំនាញ​ទន់​នៅ​ថ្ងៃ​អនាគត​របស់​ពួកគេ​ដែរ »​។ នេះ​ជាការ​លើកឡើង​របស់លោក សេង ថុល​៕
 









Tag:
 បន្លែ​
  ដំណាំ​
  ធម្មជាតិ​
  ជំនាញ​
  ចំណេះ​
  វិទ្យាល័យ​
© រក្សាសិទ្ធិដោយ thmeythmey.com