អត្ថបទពាណិជ្ជកម្ម
សហភាពសហព័ន្ធយុវជនកម្ពុជា និងក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) រួមគ្នាដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយទៀត ក្នុងខេត្តកំពង់ស្ពឺ
02, Oct 2020 , 4:40 pm        
រូបភាព
ដោយ: ថ្មីៗ
ខេត្តកំពង់ស្ពឺ ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២០៖ សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)  បានសហការគ្នាយ៉ាងស្អិតល្មួត ក្នុងពិធីសម្ពោធគម្រោង « AquaTower-AquaSan ឬប៉មចម្រោះទឹកស្អាតស្វ័យប្រវត្តិ និងម៉ាស៊ីនលាងសម្អាតបន្ទប់ទឹក» នៅស្រុកឧដុង្គ  ខេត្តកំពង់ស្ពឺ ។ ពិធីនេះ ត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាព លោក សំ រិទ្ធី  តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាតំណាងរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈ ប្រចាំប្រទេសរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា។

 
គម្រោងនេះ មានទិសដៅផ្តោតសំខាន់លើបង្កើន និងពង្រឹងសុខមាលភាព របស់ប្រជាសហគមកម្ពុជា  ដោយចាប់ផ្តើមពីការប្រើប្រាស់ទឹកស្អាត មានសុវត្ថិភាព និងបន្ទប់ទឹកស្អាតក្នុងសាលារៀន។  ប៉មចម្រោះទឹកស្អាតមួយនេះ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតទឹកស្អាតបានជាង ១ ០០០ លីត្រ ក្នុងមួយម៉ោង មានសុវត្ថិភាពអាចទទួលទានបានភ្លាមៗ។ 


 
ប៉មចម្រោះទឹកនេះ បំពាក់ដោយប្រព័ន្ធចម្រោះ Ultra-Filtration technology របស់សហរដ្ឋអាមេរិក និងផ្គុំដោយក្បាលរ៉ូបីណេទឹកចំនួន៦ ប្រព័ន្ធអនាម័យសាប៊ូលាងដៃចំនួន ៣ ក៏ដូចជាម៉ាស៊ីនបាញ់ជម្រះបន្ទប់ទឹក ហៅថា AquaSan ដើរដោយបន្ទះសូឡា ដែលនឹងជួយសម្រួលដល់សិស្សានុសិស្ស ក្នុងការសំអាតបន្ទប់ទឹក  ស្របតាមគោលដៅរបស់សាលា  ដើម្បីអនុវត្តបន្ទប់ស្អាត  សាលារៀនគំរូ។   អង្គការមូលនិធិ Planet Water នឹងថែទាំរយៈពេល ៥ ឆ្នាំ រាប់ចាប់ពីថ្ងៃដំឡើង   ដោយផ្តោតទៅលើការត្រួតពិនិត្យគុណភាព  សុវត្ថិភាពទឹក។


 
ក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាតនេះ លោក រស់ សោភា បានមានប្រសាសន៍ថា៖ «គម្រោងនេះ  គឺជាផ្នែកមួយនៃចក្ខុវិស័យអាទិភាពជាសកល របស់ក្រុមហ៊ុនកូកា-កូឡា ក្រោមគម្រោងឈ្មោះថា «ការគ្រប់គ្រងទឹក ឬ Water Stewardship»  ដែលមានឆន្ទៈព្រមជាមួយការប្ដេជ្ញាយ៉ាងមុតមាំ ចំពោះគោលដៅចម្បង ៣ គឺសន្សំសំចៃទឹកក្នុងផលិតកម្ម  ធ្វើប្រព្រឹត្តកម្មចម្រោះទឹកកខ្វក់មុននឹងបង្ហូរបញ្ចេញទៅស្ទឹងបឹងបួរ  និងប្រគល់ត្រឡប់ទៅឲ្យសហគមន៍វិញ នូវតំណក់ទឹកស្អាតមានសុវត្ថិភាពអាចពិសាបានភ្លាមៗ  ដែលស្មើនឹងចំនួនតំណក់ទឹក ដែលយើងបានប្រើប្រាស់ក្នុងការផលិតភេសជ្ជៈរបស់យើង»។  


 
លោកបានបន្តទៀតថា៖ «ក្រុមហ៊ុន  មានមោទកភាព ដែលបានចូលរួមចំណែក ក្នុងគម្រោងនេះ  ហើយយើងនៅមានប៉មចម្រោះទឹកស្អាតចំនួន ១ គ្រឿងទៀត  ដែលបានត្រៀមរួចជាស្រេច សម្រាប់ដំឡើងក្នុងខេត្តកំពង់ចាម ក្នុងឆ្នាំ២០២០នេះ»។
 
លោក សំ រិទ្ធី  តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជំរុញឲ្យលោកគ្រូ អ្នកគ្រូ និងក្មួយសិស្សានុសិស្ស ថែរក្សាសុខភាពឲ្យបានល្អ ដោយទទួលទានទឹកស្អាត និងអនាម័យ ពោលគឺទទួលទានទឹកដែលចម្រោះចេញពីប៉ម Aquatower នេះ។ លោកបានបន្តទៀតថា៖ «សូមចូលរួមថែរក្សា និងកាពារប៉មចម្រោះទឹកនេះ អោយដូចជាសម្បត្តិផ្ទាល់ខ្លួន»។
 


សូមជម្រាបថា ប៉មចម្រោះទឹកស្អាត Aquatower នេះ គឺជាប៉មចម្រោះទឹកទី៤ ដែលបានដំឡើងនៅខេត្តកំពង់ស្ពឺ និងជាប៉មចម្រោះទឹកទី៣០ ដែលក្រុមហ៊ុន បានដំឡើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា  ក្រោមកិច្ចសហការជាមួយដៃគូនានា បើគិតចាប់តាំងពីឆ្នាំ២០១៦មក។ តាមរយៈគម្រោងនេះ ក្រុមហ៊ុនបានផ្តល់ទឹកស្អាតដល់សហគមន៍ នូវបរិមាណទឹកចំនួន ៨៨ លាន លីត្រ ដល់ប្រជាសហគមប្រមាណជាង ៦៩ ៨៣៧ នាក់ (ប្រាំមួយម៉ឺនប្រាំបួនពាន់ប្រាំបីរយសាមសិបប្រាំពីរ) រួមទាំងសិស្សានុសិស្ស អ្នកគ្រូលោកគ្រូ  នេះបើគិតចាប់តាំងពីឆ្នាំ២០១៦ មក៕
 













(អត្ថបទពាណិជ្ជកម្ម) 

© រក្សាសិទ្ធិដោយ thmeythmey.com