ពីនេះ ពីនោះ
សុខភាព
ងាយៗ​! ចង់ឱ្យ​ស្បែ​កមុខ​ស​ស្អាត​តាមបែប​ធម្មជាតិ កុំ​រំលង​អត្ថបទ​នេះ​
03, Oct 2020 , 6:59 pm        
រូបភាព
​គ្រប់គ្នា​នរណា​ក៏​ចង់​មាន​ស្បែក​មុខ​សរ​លោង​ស្រស់ស្អាត​គ្មាន​មុន​, ស្នាម​ជាំ​អ៊ុច​ខ្មៅ គួរ​ឲ្យ​ទាក់ទាញ​ដែរ​។ ការព្យាបាល​បែប​ទំនើប និង​ការប្រើប្រាស់​ផលិតផល​សម្រស់​ផ្សេងៗ មិន​ត្រឹមតែ​តម្រូវ​ឲ្យ​អ្នកចំណាយ​ប្រាក់​អស់​ច្រើន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ពេលខ្លះ​ផ្ដល់​ប៉ះពាល់​ចំពោះ​សុខភាព​ទៀត​តាមរយៈ​សារធាតុ​គីមី​ដែល​ផលិតផល​ទាំងនោះ​មាន​ផ្ទុក​។ កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​រូបមន្ត​បែប​ធម្មជាតិ​ងាយៗ​មួយចំនួន​ដោះស្រាយ​កម្ចាត់​បញ្ហា​ស្នាម​ជាំ​អ៊ុច​ខ្មៅ​លើ​ផ្ទៃមុខ​ប្រកបដោយ​ប្រសិទ្ធិភាព​ខ្ពស់ ៖

 
១. ប៉េងប៉ោះ​និង​ទឹកក្រូច​ឆ្មារ​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​ប៉េង​បោះ​ឱ្យ​ក្លាយជា​ខាប់ៗ​សឹម​លាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​។ លាប​ម៉ាស្សា​លើ​ផ្ទៃមុខ​និង​រងចាំ​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី​សិន សឹម​លាង​សម្អាត​ចេញ​។ ប្រសិនបើ​មាន​អារម្មណ៍​ស្បែក​ផ្សា ឬ​ឈឺ​ឆៀបៗ​បន្ទាប់ពី​លាប ចូរ​លាង​សម្អាត​មុខ​ចេញ​ភ្លាមៗ​។​
 
២. ប្រេង​អាល់​ម៉ុ​ន​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ម៉ាស្សា​ប្រេង​អាល់​ម៉ុ​ន​សម្រាប់​រយៈពេល​ពី ២ ទៅ ៣ នាទី និង​ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ៥ នាទី​សិន សឹម​ប្រើប្រាស់​ក្រណាត់​ស្អាត​ជូត​ផ្ទៃមុខ​ថ្នមៗ​។​
 
៣. ទឹកក្រូច​ឆ្មារ​ស្រស់​ជាមួយ​ទឹក​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​យក​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ផ្លែ លាយ​ជាមួយ​ទឹក​ធម្មតា​បន្តិច​សិន ហើយ​ប្រើប្រាស់​សំឡី​ជ្រលក់​លាប ឬ​ផ្ដិត​ថ្នមៗ​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់ និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១ ទៅ ២ ម៉ោង​សិន សឹម​លាង​ជាមួយ​ទឹក​ធម្មតា​។ អនុវត្ត​រូបមន្ត​នេះ ២ ដង​ក្នុង​មួយថ្ងៃ ហើយ​ត្រូវ​ប្រាកដថា​អ្នក​មិន​ចេញ​ក្រៅ​ត្រូវ​ពន្លឺព្រះអាទិត្យ​ក្រោយពី​លាបទឹក​ក្រូចឆ្មារ​រួច​។ សម្រាប់​អ្នក​ដែលមាន​ស្បែ​កមុខ​ស្ដើង​ងាយ​ប្រតិកម្ម គួរ​លាយ​ទឹក​ផ្កា​កុលាប​ប៉ុន្មាន​ដំណក់​ចូល​ជាមុនសិន​សឹម​លាប​ល្បាយ​លើ​ផ្ទៃមុខ​។ រីឯ​អ្នក​ដែលមាន​របួស​លើ​ផ្ទៃ​មុន​មិនគួរ​អនុវត្ត​រូបមន្ត​នេះឡើយ​។​
 
៤. ទឹកឃ្មុំ​សរីរាង្គ​និង​ទឹក​ក្រូចឆ្មារ​ស្រស់​
 
​លាយ​ទឹកឃ្មុំ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់​ដោយ​កូរ​ឱ្យ​សព្វ​។ សម្រាប់​អ្នក​ដែលមាន​ស្បែ​កមុខ​ឆាប់​ប្រតិកម្ម​អាច​ជំនួស​ទឹកក្រូច​ឆ្មារ​ស្រស់​ជាមួយ​ជែ​ល​ប្រទាល​កន្ទុយក្រពើ​។ លាប​ម៉ាស្សា​ល្បាយ​លើ​ផ្ទៃមុខ​ដោយ​ប្រុងប្រយ័ត្ន​កុំឱ្យ​ចូល​ភ្នែក​។ ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី សឹម​លាង​សម្អាត​ចេញ​។​
 
៥. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​យក​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​មក​លាប​លើ​ស្បែ​កមុខ​ដែល​ទទួលរង​ផលប៉ះពាល់ ហើយ​ម៉ាស្សា​សម្រាប់​រយៈពេល​ពី ១០ ទៅ ១៥ នាទី​សិន សឹម​លាងមុខ​ចេញ​ជាមួយ​ទឹក​ធម្មតា​។ អ្នក​អាច​លាយ​ទឹកក្រូច​ឆ្មារ ជាមួយ​ម្ស៉ៅ​រមៀត និង​ជែ​ល​ប្រទាល​កន្ទុយក្រពើ​លាប​លើ​ផ្ទៃមុខ​ក៏បាន​។ អនុវត្ត​ម្ដង​ក្នុង​មួយថ្ងៃ សម្រាប់​រយៈពេល​ពី ២ ទៅ ៣ សប្តាហ៍​។​
 
៦. ទឹកក្រូច​ឆ្មារ​ស្រស់ ទឹកឃ្មុំ និង​យ៉ា​អួរ​សុទ្ធ​
 
​លាយ​ទឹកឃ្មុំ​កន្លះ​ស្លាបព្រា​កាហ្វេ ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​កាហ្វេ និង​យ៉ា​អួរ​សុទ្ធ ១ ស្លាបព្រា​កាហ្វេ​។ លាប​ល្បាយ​លើ​ផ្ទៃមុខ​ឱ្យបាន ១ ទៅ ២ ដង​ក្នុង​មួយ​សប្តាហ៍​សម្រាប់​រយៈពេល ២០ នាទី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com