កីឡាជាតិ
ជាតិ
ពីរ​គូ ត្រូវ​ប្រជែង​គ្នា​ក្នុង​ពានរង្វាន់​លី​គ​កំពូល ថ្ងៃនេះ​
03, Oct 2020 , 1:43 pm        
រូបភាព
អ្នកចាំទី គង់ រ៉ាហ្វាត់ (ឆ្វេង) និងកីឡាករ ដាវ នីម របស់ក្លិបគីរីវង់សុខសែនជ័យ
អ្នកចាំទី គង់ រ៉ាហ្វាត់ (ឆ្វេង) និងកីឡាករ ដាវ នីម របស់ក្លិបគីរីវង់សុខសែនជ័យ
ដោយ:
​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​ថ្ងៃ​សៅរ៍ ទី​៣ តុលា ឆ្នាំ​២០២០ នេះ មានការ​ប្រកួត​ចំនួន​ពីរ​គូ ក្នុងនោះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ បើកទ្វារ​កីឡដ្ឋាន​ខ្លួន ទទួលភ្ញៀវ​អគ្គិសនី​កម្ពុជា ស្របពេល​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​ប៉ះ​នគរបាលជាតិ​។ ការប្រកួត​ទាំងពីរ​ធ្វើឡើង​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​ដូចគ្នា​។

 
​ក្រុម​គីរីវង់​សុខ​សែន​ជ័យ ត្រូវការ​ឈ្នះ​អគ្គិសនី​កម្ពុជា​នៅថ្ងៃនេះ ដើម្បី​បាន​៣​ពិន្ទុ​បន្ថែម​ក្នុងការ​ពង្រឹង​ទីតាំង ដែល​ខ្លួន​កំពុង​ឈរ​លេខ​៨​មាន​១៧​ពិន្ទុ​។ កាល​ជើង​ទី​១​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តតាកែវ​មួយ​នេះ បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​អគ្គិសនី​កម្ពុជា ដែល​កំពុង​ឈរ​លេខ​រៀង​ទី​១១ មាន​១០​ពិន្ទុ​។ 
 
​ការប្រកួត​នេះ​អាច​ក្លាយជា​ជំនួប​ដ៏​តានតឹង ដ្បិត​អគ្គិសនី​កម្ពុជា ក៏ត្រូវ​ការ​ឈ្នះ ដើម្បី​គេចផុត​ពី​ការ​កាត់​ចេញពី​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​រដូវ​កាល​នេះ​។ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា សម្រេច​កាត់​ក្រុម​ដែលមាន​ពិន្ទុ​ទាប​ជាង​ចំនួន​មួយ​ចេញពី​ក្របខណ្ឌ​លី​គ​កំពូល​នៅ​រដូវ​កាល​នេះ​។ ប៉ុន្តែ​បើ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​មាន​ពិន្ទុ​ទាប​ជាងគេ នោះ​ក្រុម​ដែល​ត្រូវ​កាត់ចេញ គឺ​ក្រុម​ឈរ​លេខ​រៀង​ពីលើ​បន្ទាប់​។​
 
​ក្រោយ​ស្គាល់​ជ័យជម្នះ​លើកដំបូង ២-១ លើ​ក្រុម​អាស៊ី​អឺរ៉ុប ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ដាក់​ឲ្យ​ប្រកួត​ក្នុង​លី​គ​កំពូល ដើម្បី​ដកស្រង់​បទពិសោធ ត្រូវ​តទល់​ជាមួយ​គរ​បាល​ជាតិ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​មជ្ឈមណ្ឌល​សាលា​បាល់ទាត់​ជាតិ​បាទី​។ កាល​ជើង​ទី​១ ក្រុម​ទាំងពីរ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១​។ 
 
​បច្ចុប្បន្ន​យុវជន​បាទី​ឈរ​បាត​តារាង​មាន​៦​ពិន្ទុ ខណៈ​នគរបាលជាតិ​ឈរ​លេខ​រៀង​ទី​១០​មាន​១១​ពិន្ទុ​៕ 

Tag:
 បាល់ទាត់​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com