អន្តរជាតិ
ទី​ម័​រ​ខាងកើត ចាប់ផ្ដើម​នីតិវិធី​ចូល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដើម្បី​ជំរុញ​ឱកាស​ចូល​អាស៊ាន​
03, Oct 2020 , 10:19 pm        
រូបភាព
ក្មេងប្រុសម្នាក់កាន់ទង់ជាតិទីម័រខាងកើត។ រូបភាព AFP
ក្មេងប្រុសម្នាក់កាន់ទង់ជាតិទីម័រខាងកើត។ រូបភាព AFP
​ទី​ម័​រ​ខាងកើត នៅ​ថ្ងៃទី​២ ខែតុលា បានចាប់ផ្ដើម​ការចរចា​ផ្លូវការ​ដើម្បី​ចូលរួម​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) សំដៅ​ជំរុញ​ការដោះដូរ​ពាណិជ្ជកម្ម និង​ការលើកកម្ពស់​សេដ្ឋកិច្ច​។ មន្ត្រី​ទី​ម័​រ​ខាងកើត​អះអាងថា ការចូលរួម​ក្នុង​អង្គការ​អន្តរជាតិ​មួយ​នេះ ក៏​នឹង​ជួយ​ដល់​ការ​ក្លាយជា​សមាជិកសមាគម​រដ្ឋ​នៅ​អាស៊ីអាគ្នេយ៍​ផងដែរ​។​

 
​កិច្ចប្រជុំ​ក្រុមការងារ​ចម្រុះ​លើកទីមួយ​ដើម្បី​បើកផ្លូវ​ឲ្យ​ទី​ម័​រ​ខាងកើត​ក្លាយជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បានចាប់ផ្ដើម​នៅ​ថ្ងៃទី​២ ខែតុលា ដែលជា​សញ្ញា​ពី​ការចាប់ផ្ដើម​ការចរចា​ជា​ផ្លូវការ​លើ​សមាជិកភាពរ​បស់​ទី​ម័​រ​ខាងកើត​ដែលជា​រដ្ឋ​ក្រី​ក្រៅ​មួយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ នេះ​បើតាម​ការប្រកាស​របស់ WTO ។​
 
​ក្នុង​សេចក្ដីប្រកាស​របស់ WTO ប្រទេស​ជា​សមាជិក​បាន​គាំទ្រ និង​កោតសរសើរ​ការងារ​ដែ​ល​ធ្វើបាន​ដោយ​អាជ្ញាធរ​នៃ​រដ្ឋាភិបាល​ប្រទេស​និយាយ​ភាសា​ព័រទុយហ្កាល់​មួយ​នេះ​។ លោក Joaquim Amaral រដ្ឋមន្ត្រី​សម្របសម្រួល​កិច្ចការ​សេដ្ឋកិច្ច​របស់​ទី​ម័​រ​ខាងកើត​និយាយថា ការចូលរួម​ក្នុង WTO នឹង​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ទី​ម័​រ​ខាងកើត និង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ផងដែរ​។  
 
«​វា​ក៏​ក្លាយជា​ការបោះ​ជំហាន​ដ៏​សំខាន់​សម្រាប់​ទី​ម័​រ​ខាងកើត​ក្នុងការ​ក្លាយជា​សមាជិក​អាស៊ាន​ផងដែរ​។​» លោក Amaral បញ្ជាក់​បែបនេះ​ក្នុង​សុន្ទរកថា​តាម​ប្រព័ន្ធ​វីដេអូ​។ ទី​ម័​រ​ខាងកើត កំពុង​ចរចា​ដើម្បី​ក្លាយជា​សមាជិក​ទី​១១ របស់​អាស៊ាន ដោយ​ប្រទេស​សមាជិក​ជាច្រើន​បាន​គាំទ្រ ទោះ​មាន​ក្ដីបារម្ភ​ថា ប្រទេស​ក្បែរ​ខាង​របស់​ឥណ្ឌូណេស៊ី​មួយ​នេះ មិនទាន់​លទ្ធភាព​ក្ដី​។ 
 
​រដ្ឋមន្ត្រី​ទី​ម័​រ​ខាងកើត​បន្តថា ប្រទេស​របស់លោក​ប្ដេជ្ញាចិត្ត​ពេញលេញ​ក្នុងការ​កែទម្រង់​រចនា​សម្ព័ន្ធ ច្បាប់ និង​គោលនយោបាយ​ឲ្យ​ស្របតាម​បទបញ្ញត្តិ​របស់ WTO ។ ដំណើរ​ការចូល​ជា​សមាជិក WTO ត្រូវបាន​ចំណាយពេល​យូរ​គួរសម​។ កិច្ចប្រជុំ​ទាក់ទង​ការសុំ​ចូល​របស់​ទី​ម័​រ​ខាងកើត ទំនងជា​ចាប់ផ្ដើម​នៅ​ដើមឆ្នាំ​២០២១​ខាងមុខ​។ 
 
​ទី​ម័​រ​ខាងកើត ជា​ប្រ​ទេ​ក្មេងខ្ចី​មួយ​របស់​ពិភពលោក​។ ជា​អតីត​រដ្ឋ​ក្រោម​អាណានិគម​ព័រទុយហ្កាល់ ទី​ម័​រ​ខាងកើត បន្ត​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ឥណ្ឌូណេស៊ី មុននឹង​ក្លាយជា​រដ្ឋ​ឯករាជ្យ​នៅ​ឆ្នាំ​២០០២ ៕
 
 

Tag:
 ទី​ម័​រ​ខាងកើត​
  WTO
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com