កីឡាជាតិ
ជាតិ
ភួន ឡាំងកូស៊ីន នឹងយកភាពបរាជ័យធ្វើជាបទពិសោធ ដើម្បីប្រជែងដណ្តើមខ្សែក្រវាត់នៅភីអិនអិន
03, Oct 2020 , 5:50 pm        
រូបភាព
កីឡាករ ភួន ឡាំងកូស៊ីន (ឆ្វេង)ពេលចូលរួមក្នុងកម្មវិធីបើកការប្រកួតប្រដាល់អធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលទី៣
កីឡាករ ភួន ឡាំងកូស៊ីន (ឆ្វេង)ពេលចូលរួមក្នុងកម្មវិធីបើកការប្រកួតប្រដាល់អធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលទី៣
ដោយ:
ភាពបរាជ័យក្នុងការប្រកួតដណ្តើមខ្សែក្រវាត់លើកដំបូង ធ្វើឲ្យអ្នកលេងគុនខ្មែរ ភួន ឡាំងកូស៊ីន មានទំនុកចិត្តកាន់តែខ្ពស់ក្នុងការប្រជែងដណ្តើមខ្សែក្រវាត់ក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅសង្វៀនភីអិនអិនជាលើកទីពីរ។ កីឡាករមកពីខេត្តបន្ទាយមានជ័យរូបនេះ អះអាងថា រូបគេបានត្រៀមខ្លួនយ៉ាងល្អក្នុងការប្រជែងដណ្តើមជើងឯកជាមួយបេក្ខភាព៧រូបទៀត។ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរជំរុញឲ្យអាជ្ញាកណ្តាលចៅក្រមយកចិត្តទុកដាក់ក្នុងការកាត់ក្តី និងដាក់ពិន្ទុជូនកីឡាករ។



កីឡាករ ភួន ឡាំងកូស៊ីន ជាបេក្ខភាព១រូបក្នុងចំណោម៨រូប ដែលស្ថានីយទូរទស្សន៍ភីអិនអិនដាក់ឲ្យប្រកួតប្រជែងដណ្តើមខ្សែក្រវាត់ទម្ងន់៥៤គីឡូក្រាមក្នុងកម្មវិធីប្រដាល់អធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលទី៣។ នេះជាលើកទីពីរសម្រាប់រូបគេ ដែលបានបង្ហាញខ្លួនក្នុងការប្រកួតដណ្តើមខ្សែក្រវាត់នៅសង្វៀនភីអិនអិន ខណៈការបង្ហាញខ្លួនលើកដំបូងកីឡាកររូបនេះបានធ្លាក់ត្រឹមវគ្គជម្រុះខ្សែក្រវាត់ប្រាក់ ក្រោយប្រកួតចាញ់កីឡាករ ប៊ុន សុធា ដោយសន្លប់ក្នុងទឹកទី២នៅវគ្គផ្តាច់ព្រ័ត្រ។

ភាពបរាជ័យលើកដំបូងមិនបានធ្វើឲ្យកីឡាករមកពីខេត្តបន្ទាយមានជ័យរូបនេះ បាត់បង់ភាពខ្លាហាន ឬបាក់ទឹកចិត្តនោះទេ។ ផ្ទុយទៅវិញ វាបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យរូបគេ អាចស្វែងយល់ និងកែលម្អពីចំណុចខ្វះខាតរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរក្នុងការត្រៀមប្រកួតនៅលើកទីពីរនេះ។

«សម្រាប់ខ្ញុំមើលទៅពួកគាត់សុទ្ធតែល្អទាំងអស់ ព្រោះការប្រកួតដណ្តើមខ្សែក្រវាត់នេះ គេក៏ហាត់ យើងក៏ហាត់។ តែខ្ញុំមានជំនឿចិត្តលើកនេះ៦០ទៅ៧០ភាគរយ ក្នុងការសង្ឃឹមដណ្តើមបានខ្សែក្រវាត់»។ នេះជាការយល់ឃើញ និងបង្ហាញក្តីរំពឹងរបស់កីឡាករ ភួន ឡាំងកូស៊ីន ដែលបានបន្ថែមថា នៅលើកនេះរូបគេត្រៀមខ្លួនបានល្អជាងលើកទី១។

មួយវិញទៀត កត្តា ដែលធ្វើឲ្យកីឡាករវ័យ១៨ឆ្នាំរូបនេះ មានជំនឿចិត្តកាន់ខ្ពស់នោះ ដោយសារលើកនេះ រូបគេ ប្រកួតក្នុងទម្ងន់៥៤គីឡូក្រាមជាទម្ងន់ ដែលខ្លួនតែងតែប្រកួតនៅតាមសង្វៀននានា។ ខណៈកាលលើកទី១រូបគេត្រូវដំឡើងទម្ងន់ទៅប្រកួតក្នុងទម្ងន់៥៧គីឡូក្រាម ដែលសម្បូរដោយកីឡាករជើងចាស់ និងមានសមត្ថភាពខ្លាំង។

សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់នៅរដូវកាលទី៣នេះ កូនសិស្សរបស់លោក សាន់ សៅយ៉ាន់ រូបនេះ ត្រូវប្រជែងជាមួយកីឡាករ៧រូបផ្សេងទៀតរួមមានកីឡាករ រិន ដាវីដ, ស៊ឺន ថៃសាន់, ធន់ អៀនឡៃ, ពេជ្រ ប៊ុនសិដ្ឋ, ខេម ចាន់, ម៉ន ភារម្យ និងកីឡាករ យឹម ឌុក។ កីឡាករ ភួន ឡាំងកូស៊ីន ត្រូវប៉ះជាមួយកីឡាករជើងចាស់ ធន់ អៀនឡៃ នាជំនួបបើកឆាកនៅថ្ងៃអាទិត្យ ទី៤ តុលា នេះ ខណៈ រិន ដាវីត ប៉ះ ស៊ឺន ថៃសាន់។ ការប្រកួតនឹងធ្វើឡើងចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ។


បេក្ខភាពទាំង៨រូបដែលត្រូវប្រជែងដណ្តើមខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅរដូវកាលទី៣

ជាមួយគ្នានេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ជំរុញឲ្យកីឡាករទាំងអស់ខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព គោរពបទបញ្ជាការប្រកួត និងគោរពតាមគោលការណ៍ Fair Play។ បន្ថែមលើនេះ លោក បានក្រើនរំលឹកដល់មន្ត្រីអាជ្ញាកណ្តាលចៅក្រមឲ្យកាត់ក្តីនិងដាក់ពិន្ទុឲ្យបានត្រឹមត្រូវ ដោយជៀសវាងស៊ីសំណូកសូកប៉ាន់ និងប្រកាន់បក្សពួកជាដើម។


លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ

លោក ស្រ៊ឺ ស្រេង ហៅសំណព្វ ប្រធានផែនកីឡានៃស្ថានីយទូរទស្សន៍ភីអិនអិនបានបញ្ជាក់ពីមូលហេតុដែលភីអិនអិនរៀបចំការប្រកួតដណ្តើមខ្សែក្រវាត់ក្នុងទម្ងន់៥៤គីឡូក្រាមថា ដោយសារលោកចង់ផ្តល់ឱកាសឲ្យកីឡាករវ័យក្មេងបានបង្ហាញសមត្ថភាព និងដកស្រង់បទពិសោធដើម្បីអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែល្អប្រសើរ។ ម្យ៉ាងទៀត ដោយសារ លោក មើលឃើញថា ទម្ងន់ធ្ងន់ជាងនេះត្រូវបានស្ថានីយទូរទស្សន៍ដទៃរៀបចំឲ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ជាច្រើនច្រើនសាររួចមកហើយ។


(រូបទី៣) លោក សំណព្វ ប្រធានផ្នែកកីឡានៃស្ថានីយទូរទស្សន៍ភីអិនអិន

បើតាមលោក សំណព្វ ការប្រកួតដណ្តើមខ្សែក្រវាត់អធិរាជគុនខ្មែរ ISI PALM-ISI PIPE រដូវកាលទី៣ធ្វើឡើងតាមរូបមន្តវិលជុំ ដោយបែងចែកជាពីរពូល។ ក្នុងនោះពូល A មានកីឡាករ ភួន ឡាំងកូស៊ីន, រិន ដាវីដ, ស៊ឺន ថៃសាន់ និង ធន់ អៀនឡៃ រីឯពូល B ពេជ្រ ប៊ុនសិដ្ឋ, ខេម ចាន់, ម៉ន ភារម្យ និងកីឡាករ យឹម ឌុក។ កីឡាករក្នុងពូលនីមួយៗត្រូវប្រកួត៣ប្រកួតរៀងៗខ្លួន ហើយកីឡាករមានពិន្ទុខ្ពស់ជាងគេពីររូបក្នុងពូលនីមួយៗ នឹងឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងផ្តាច់ព្រ័ត្រ។ ម្ចាស់ជើងឯកនៅរដូវកាលនេះ ទទួលបានថវិកាលើកទឹកចិត្ត៣០លានរៀល ខណៈជើងឯករងបាន១០លានរៀល៕

Tag:
 ប្រដាល់គុនខ្មែរ
  ភួន ឡាំងកូស៊ីន
  តែម ម៉ឺន
  ស្រ៊ឺ ស្រេង
© រក្សាសិទ្ធិដោយ thmeythmey.com