កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ថា ៦-១ មិនអាច​បំផ្លាញ Solskjaer និង Man Utd បានឡើយ​
05, Oct 2020 , 9:38 am        
រូបភាព
Manchester United ទទួលបាន​បរាជ័យ​យ៉ាង​ចាស់ដៃ​ក្នុងផ្ទះ​ខ្លួនឯង​ក្រោម​ថ្វី​ជើង Tottenham Hotspur ក្នុង​លទ្ធផល ៦-១​។ យ៉ាងណា លោក Jose Mourinho ជឿថា លទ្ធផល​នេះ មិនអាច​បំផ្លាញ​លោក Ole Gunnar Solskjaer និង​ក្រុម​របស់គាត់​នោះឡើយ​។​


​នា​ការប្រកួត​ក្របខណ្ឌ Premier League ក្នុង​កីឡដ្ឋាន Old Trafford នៅ​យប់​ថ្ងៃទី​៤ ខែកញ្ញា Manchester United ដែល​សល់​គ្នា​១០​នាក់ ក្រោយ Anthony Martial ទទួល​កាត​ក្រហម បាន​ចាញ់​ភ្ញៀវ Spurs ដល់​ទៅ ៦-១​។ បិសាច​ក្រហម​រក​គ្រាប់​បាល់​នាំមុខ​ដោយ​ខ្សែបម្រើ Bruno Fernandes ទាត់​បាល់​ពិន័យ​ប៉េ​ណា​ល់​ទី មុនពេល Tanguy Ndombele, Son Heung-min និង Harry Kane (២​គ្រាប់​ម្នាក់​ដូចគ្នា​), និង Serge Aurier រក​គ្រាប់​រៀងៗ​ខ្លួន​សម្រាប់​ក្រុម​លោក Mourinho​។​
 
​នេះ​ជា​បរាជ័យ​ធ្ងន់ធ្ងរ​នៅផ្ទះ​ខ្លួនឯង​ក្នុងការ​ប្រកួត​លី​គ​កំពូល​អង់គ្លេស​របស់ Man Utd ចាប់តាំងពី​ពួកគេ​ចាត់ Manchester City ៦-១ កាលពី​ឆ្នាំ ២០១១​មក​។ មិនតែប៉ុណ្ណោះ​នេះ​ក៏​ជា​កំណត់ត្រា​អាក្រក់​សម្រាប់​លោក Solskjaer ផងដែរ ដែល​ដឹកនាំ​ក្រុម​បិសាច​ក្រហម​ត្រឹម​៣​ប្រកួត​ដំបូង​របូត​គ្រាប់​បាល់​ដល់​ទៅ​១១​គ្រាប់​។​
 
​ស្របពេល​គ្នា​នេះ លោក Mourinho ដែល​ដឹកនាំ​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស​ទទួលបាន​លទ្ធផល​ចាស់ដៃ​លើ​អតីត​ក្រុម​ខ្លួន យល់ថា​ភាពអាម៉ាស​នេះ​នឹងធ្វើ​ឲ្យ​លោក Solskjaer បង្កើន​ភាពជឿជាក់​ក្នុងការ​ដឹកនាំ Man Utd ទៅកាន់​កម្រិត​កំពូល​ក្នុង​លី​គ​អង់គ្លេស​នេះ​។​
 
​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ដែល​ចាក​ចេញពី Old Trafford ហើយ​ជំនួស​ដោយ​អ្នកចាត់ការ​ន័​រ​វែ​ស​នៅ​ឆ្នាំ​២០១៨ បាន​ប្រាប់​អ្នកយកព័ត៌មាន​ក្រោយ​ចប់​ការប្រកួត​ថា​៖« ខ្ញុំ​មានការ​អាណិតអាសូរ​ចំពោះ Solskjaer ដោយសារតែ​លទ្ធផល​នេះ​។ ខ្ញុំ​មិន​ចាំ​ទេ​ថា​ខ្ញុំ​ធ្លាប់​ចាញ់​៦​គ្រាប់ ៥ ឬ ៤ ហើយ​ខ្ញុំ​ដឹងថា​វា​ឈឺចាប់​យ៉ាងម៉េច​»​។​
 
​ផ្ទុយ​ពី​ការ​អាណិត Mourinho យល់ឃើញថា Man Utd កំពុងមាន​ការវិវឌ្ឍ​ន៍​ដ៏​ខ្លាំងក្លា​។ « Solskjaer មកដល់​ទីនេះ​មិនមែន​ក្រុម​គ្មាន​ភាពប្រសើរឡើង​ទេ​។ ក្រុម​នេះ​កំពុង​រីកចម្រើន ពួកគេ​មាន​កីឡាករ​ល្អៗ គាត់​បាន​ទិញ​កីឡាករ​វ័យក្មេង​ជាច្រើន​។ កីឡាករ​របស់គាត់​ពិត​ជា​ល្អ​ណាស់​។ វា​ជា​ការពិត​ដែលថា Edinson Cavani កំពុងតែ​មក​ទីនេះ ហើយ Cavani ជា​ខ្សែប្រយុទ្ធ​ម្នាក់​ក្នុងចំណោម​ខ្សែប្រយុទ្ធ​កំពូលៗ នៅលើ​ពិភពលោក​។ Man Utd គឺ Man Utd បរាជ័យ​នេះ​មិនអាច​បំផ្លាញ​ពួកគេ​បានទេ​»​។ Mourinho លើកឡើង​ដូច្នេះ មុន​សង្កត់ធ្ងន់ថា លោក​អាណិត Solskjaer អំពី​លទ្ធផល តែ​ក្រៅពីនោះ​លោក​គ្មាន​អាណិត​ទេ​។​
 
​ឆ្លងកាត់​ការប្រកួត​៤​លើក Spurs រកបាន​៧​ពិន្ទុ ឈរ​នៅ​លេខ​រៀង​ទី​៦​ក្នុង​តារាង Premier League ខណៈ Man Utd ដែល​ប្រកួត​៣​លើក​ចាញ់​២​ឈ្នះ​មួយ​មាន​៣​ពិន្ទុ​នៅ​ចំណាត់ថ្នាក់​ទី​១៦៕

Tag:
 Manchester United
  Jose Mourinho
  Ole Gunnar Solskjaer
© រក្សាសិទ្ធិដោយ thmeythmey.com