COVID-19
ជាតិ
ព្រះមហាក្សត្រ អំពាវនាវឲ្យពលរដ្ឋ ប្រកាន់ខ្ជាប់វិធានការថែសុខភាព ដើម្បីកុំឲ្យកូវីដ រាលដាលដល់សហគមន៍
05, Oct 2020 , 10:25 am        
រូបភាព
ព្រះមហាក្សត្រ ពេលទ្រង់ស្តេចយាងឡើងយន្តហោះ យាងទៅកាន់ប្រទេសបារាំង កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩ ដើម្បី​ធ្វើជា​ព្រះរាជ​កិត្តិយស នៅ​ក្នុងការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​សកម្មភាព​ការងារ​របស​គណៈកម្មាធិកា​រ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ដែល​ហៅ​កាត់​ថា ICC-Angkor (រូបពី AFP)
ព្រះមហាក្សត្រ ពេលទ្រង់ស្តេចយាងឡើងយន្តហោះ យាងទៅកាន់ប្រទេសបារាំង កាលពីអំឡុងខែឧសភា ឆ្នាំ២០១៩ ដើម្បី​ធ្វើជា​ព្រះរាជ​កិត្តិយស នៅ​ក្នុងការ​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​២៥​ឆ្នាំ នៃ​សកម្មភាព​ការងារ​របស​គណៈកម្មាធិកា​រ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ និង​អភិរក្ស​តំបន់​អង្គរ ដែល​ហៅ​កាត់​ថា ICC-Angkor (រូបពី AFP)
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ត សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានប្រទានព្រះរាជសារ ជូនទៅរដ្ឋសភា ក្នុងឱកាសនៃការបើកបវេសនាកាលសម័យប្រជុំលើកទី៥ នីតិកាលទី៦ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០នេះ។ ក្នុងព្រះរាជសារ ក្រៅពីកិច្ចការរដ្ឋសភានិងកិច្ចការរដ្ឋាភិបាល ព្រះមហាក្សត្រ ទ្រង់ក៏មានព្រះបន្ទូលអំពីជំងឺកូវីដ-១៩ផងដែរ។



តាមរយៈព្រះរាជសារ ដែលរដ្ឋសភា បង្ហោះលើបណ្តាញសង្គម ព្រះករុណាជាម្ចាស់ជីវិតលើត្បួង ទ្រង់មានព្រះរាជឱង្ការ ទៅកាន់ប្រជានុរាស្រ្តថា៖«ឆ្លៀតឱកាសនេះ ក្នុងអំឡុងពិភពលោកទាំងមូល កំពុងអូសបន្ថាយការរងគ្រោះនៃជំងឺកូវីដ-១៩ គួរឲ្យព្រួយបារម្ភ ដែលមិនមានសញ្ញាណថមថយនៅឡើយ ខ្ញុំ សូមឲ្យជនរួមជាតិប្រកាន់ខ្ជាប់ជានិច្ចនូវវិធានថែសុខភាពទាំងឡាយ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីឲ្យព្រះរាជាណាចក្រយើង ចៀសវាងឲ្យបានពីការឆ្លងរាលដាលក្នុងសហគមន៍»។

គិតត្រឹមថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ មនុស្សនៅទូទាំងពិភពលោក ដែលឆ្លងជំងឺកូវីដ-១៩ កើនឡើងដល់ជាង៣៥លាននាក់ហើយ ដោយក្នុងនោះ ស្លាប់ជាង១លាននាក់ និងបានជាសះស្បើយវិញជាង២៦លាននាក់។ ដោយឡែកនៅកម្ពុជា អ្នកឆ្លងជំងឺកូវីដ-១៩ មាន២៨០នាក់ តែបានជាសះស្បើយ២៧៥នាក់ហើយ ខណៈ៥នាក់ទៀត កំពុងសម្រាកព្យាបាល។

យ៉ាងណាក៏ដោយ ក្រសួងសុខាភិបាល ប្រកាសថា មកដល់ពេលនេះ កម្ពុជា មិនទាន់មានការឆ្លងជំងឺកូវីដ-១៩ ចូលដល់សហគមន៍ឡើយ។ បើតាមក្រសួងសុខាភិបាល ការឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា គឺជាករណីនាំចូលពីក្រៅប្រទេសស្ទើរតែទាំងអស់។ ក្រសួងសុខាភិបាល តែងអំពាវនាវ ឲ្យប្រជាពលរដ្ឋ អនុវត្តវិធានការថែទាំសុខភាព ដើម្បីការពារកុំឲ្យជំងឺកូវីដ-១៩ ឆ្លងដល់ខ្លួន ឆ្លងដល់អ្នកដទៃ និងឆ្លងដល់សហគមន៍។

ចំពោះកិច្ចការរបស់រដ្ឋសភា ព្រះករុណា ទ្រង់សរសើរថា ថ្នាក់ដឹកនាំរដ្ឋសភា ព្រមទាំងសមាជិកសមាជិកា បានបំពេញភារកិច្ចស្នូលរបស់ខ្លួន តាមមណ្ឌលដែលខ្លួនទទួលខុសត្រូវ ដើម្បីពិនិត្យតាមដានប្រសិទ្ធភាពក្នុងការប្រតិបត្តិតួនាទីរបស់រាជរដ្ឋាភិបាល។ ព្រះអង្គ ទតឃើញទៀតថា សកម្មភាពសហការគ្នាយ៉ាងស្អិតល្មួតរវាងរដ្ឋសភានិងរាជរដ្ឋាភិបាល លើកិច្ចគាំពារសុខុមាលភាពសង្គម កំពុងត្រូវបានលើកស្ទួយយ៉ាងសកម្មគួរឲ្យកត់សម្គាល់ ដោយបានបង្កើតឲ្យមានកម្មវិធីជំនួយសង្គមជាច្រើន ដើម្បីផ្តល់ជូនប្រជាពលរដ្ឋនូវអត្ថប្រយោជន៍ប្រកបដោយសមធម៌និងប្រសិទ្ធភាព។

ជាមួយគ្នានេះ ព្រះរាជា ទ្រង់ក៏សរសើរសម្តេចនាយករដ្ឋមន្រ្តីផងដែរ ដែលបានប្រកាន់ខ្ជាប់នូវគោលនយោបាយជាតិដ៏ត្រឹមត្រូវ ដោយបានទប់ស្កាត់អតិផរណា ជាខឿនសេដ្ឋកិច្ចដ៏រឹងមាំ ហើយធានាបានស្ថិរភាព ឯករាជ្យ និង អធិបតេយ្យភាពជាតិ ដោយទទួលបានសមិទ្ធផលល្អៗជាច្រើនជូនដល់ប្រជាពលរដ្ឋ ឲ្យបានរស់នៅប្រកបដោយសេចក្តីសុខ សន្តិភាព និង សុខុដុមរមនា៕

Tag:
 COVID-19
  ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com