កីឡាអន្តរជាតិ
អន្តរជាតិ
Serie A៖ Juventus ចាំ​នៅ​កីឡដ្ឋាន តែ Napoli មិន​ទៅ​ប្រកួត ព្រោះ​កីឡាករ​ឆ្លង COVID-19
05, Oct 2020 , 9:19 pm        
រូបភាព
​ជំនួប​រវាង Juventus និង Napoli ក្នុង​ក្របខណ្ឌ Serie A បាន​ធ្លាក់​ក្នុងស្ថានភាព​ច្របូកច្របល់ បន្ទាប់ពី​ក្រុម​ភ្ញៀវ Napoli មិន​ទៅ​ចូលរួម​ប្រកួត ដោយសារ​មាន​កីឡាករ​ឆ្លង COVID-19​។ អាជ្ញាធរ​សុខាភិបាល ជា​អ្នក​ហាម​សមាជិក​ក្រុម Napoli ក្នុងការ​ធ្វើដំណើរ​។​


​ដើមឡើយ​ក្របខណ្ឌ​លី​គ​កំពូល​អ៊ីតាលី​នេះ បាន​បដិសេធ​មិន​បញ្ឈប់​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​នោះទេ ខណៈ​ក្រុម Juventus ក៏បាន​ទៅដល់​កីឡដ្ឋាន Allianz របស់ខ្លួន​ក្នុង​ក្រុង Turin រួចហើយ​ដែរ​។ សមាជិក​ក្រុម​សេះបង្កង់​ត្រូវ​នៅក្នុង​រថយន្តក្រុង​រប​ស់​ក្រុម​ពួកគេ​រយៈពេល​១​ម៉ោង​មុន​ចាប់ផ្តើម​ប្រកួត ស្របពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីតាលី​បាន​រាយការណ៍​ថា Napoli មិន​ធ្វើដំណើរ​ទៅ​ចូលរួម​ប្រកួត​នេះឡើយ​។​
 
​យោងតាម​ច្បាប់​នៅ Serie A ក្រុម​របស់លោក Andrea Pirlo នឹងត្រូវ​ទទួលបាន​ជ័យជម្នះ ៣-០ ដោយ​ស្វ័យប្រវត្តិ​តែម្តង ដ្បិត​គូប្រជែង​បោះបង់​ការប្រកួត​ដោយ​ខ្លួនឯង​។​
 
​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​ក្លិប Napoli បានបញ្ជាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ថា​ក្រុម​របស់លោក​ត្រូវ​អាជ្ញាធរ​សុខាភិបាល (ASL) បញ្ជា​ឲ្យ​ដាក់​នៅ​ដាច់ដោយឡែក​រយៈពេល​៤​ថ្ងៃ បន្ទាប់ពី​កីឡាករ​ខ្លួន​ពីរ​នាក់​បានធ្វើ​តេស្ត​ចេញ​លទ្ធផល​វិជ្ជមាន COVID-19​។ អ្នកនាំពាក្យ​រូបនេះ បញ្ជាក់ថា​ពួកគេ​នឹង​តវ៉ា​រាល់​ការសម្រេច​របស់ Serie A ដែល​ឲ្យ​ក្រុម​ចាញ់​ក្នុង​ប្រកួត​នេះ​។​
 
​ស្របពេល​គ្នា​នេះ មន្ត្រី​របស់ ASL ក៏បាន​អះអាង​ក្នុង​បទ​សម្ភាស​តាម​ទូរទស្សន៍​ដែរ​ថា កីឡាករ​របស់ Napoli ពិតជា​ត្រូវ​បញ្ជា​ឲ្យ​ស្នាក់​នៅផ្ទះ​រៀងៗ​ខ្លួន ដើម្បី​បង្កា​ការឆ្លង​រាលដាល​។ ប៉ុន្តែ ASL បន្ថែមថា ស្ថាប័ន​ខ្លួន​មិនដែល​ហាម​ក្រុម​នេះ​មិន​ឲ្យ​ប្រកួត​នោះទេ បើទោះជា​មាន​ផលវិបាក​យ៉ាងណាក៏ដោយ​។​
 
​ជុំវិញ​ករណីនេះ Serie A បាន​បន្ទោស ASL ដែល​ខកខាន​បង្ហាញ​ពី​ពិធីសារ​សុខភាព​ដែល​បាន​ឯកភាព​រវាង​ក្រសួងសុខាភិបាល​និង​កីឡា​របស់​ប្រទេស ជាមួយ​អាជ្ញាធរ​បាល់ទាត់​ឲ្យ​បានច្បាស់លាស់​។ នៅក្នុង​ពិធីសារ​របស់​ក្រសួងសុខាភិបាល​អ៊ីតាលី​អំឡុងពេល COVID-19 ក្រុម​នីមួយៗ​នៅតែ​ត្រូវ​ឲ្យ​លេង​បាន បើ​ទោះ​មាន​កីឡាករ​ម្នាក់ ឬ​ច្រើនជាង​នេះ​ឆ្លង​ជំងឺ​រាតត្បាត​នេះ​ក្តី​៕
 

Tag:
 Serie A
  Juventus
  COVID-19
  Napoli
© រក្សាសិទ្ធិដោយ thmeythmey.com