ជាតិ
លែង​កូន​ត្រី​ជាង ៦​ម៉ឺន​ក្បាល ក្នុង​ទំនប់​អគ្គិសនី​សេសា​ន​ក្រោម​២
06, Oct 2020 , 7:59 am        
រូបភាព
ដោយ:
​រដ្ឋបាល​ជលផល​ខេត្តស្ទឹងត្រែង បាន​លែង​កូន​ត្រី​ប្រមាណ ៦​ម៉ឺន​ក្បាល​ចូលទៅក្នុង​ទំនប់​អគ្គិសនី​សេសា​ន​ក្រោម​២ ស្ថិតក្នុង​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ គោលបំណង​នៃ​ការលែង​កូន​ត្រី​នេះ គឺ​ដើម្បី​បង្កើន​បរិមាណ​ត្រី​ធម្មជាតិ​ក្នុង​តំបន់​អភិរក្ស​នេះ​។ នេះ​បើតាម​លោក ទុំ នី​រ៉ូ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តស្ទឹងត្រែង ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​។​

 
​សកម្មភាព​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃទី ២ ខែតុលា ឆ្នាំ​២០២០ ដែល​ដឹកនាំ​ដោយ​លោក អេង ជា​សាន ប្រធាន​រដ្ឋបាល​ជលផល ដោយមាន​ការចូលរួម​ពី​ក្រុមហ៊ុន LSS2 មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត រដ្ឋបាល​ស្រុក​សេ​សាន ក្រុមប្រឹក្សាឃុំ​ភ្លុក និង​ស្រែគរ និង​សហគមន៍​នេសាទ​។ ដោយឡែក​ការលែង​កូន​ត្រី​ទាំងនោះ​មាន ៣ ប្រភេទ រួមមាន​៖ ត្រី​ខ្យា​មេ​ពូជ​ចំនួន ២០០​គីឡូ កូន​ត្រី​ប្រា​ចំនួន ៥ ម៉ឺន​ក្បាល និង​កូន​ត្រី​ឆ្ពិន​ចំនួន ១​ម៉ឺន​ក្បាល​។ នេះ​ជាការ​បញ្ជាក់​របស់លោក ទុំ នី​រ៉ូ ប្រាប់​ThmeyThmey25​។ 


 
​នាឱកាស​នោះ​លោក អេង ជា​សាន ក៏បាន​លើកឡើង​ពី​គោលបំណង​នៃ​ការលែង​កូន​ត្រី​នេះ គឺ​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ឱ្យ​បង្កើន​ការចូលរួម​ថែរក្សា​ធនធាន​មច្ឆជាតិ ក៏ដូចជា​ក្នុងន័យ​បង្កើន​ធនធានធម្មជាតិ និង​ជា​ផ្នែក​មួយ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ពលរដ្ឋ​នៅក្នុង​សហគមន៍​។​
 
​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ស្ទឹងត្រែង​បាន​បញ្ជាក់ថា ទំនប់​អគ្គិសនី​សេ​សាន​ក្រោម​២ ស្ថិតក្នុង​តំបន់​អភិរក្ស ដូច្នេះ​ពលរដ្ឋ​ទាំងអស់​ត្រូវ​រួមគ្នា​បង្កើន​ការងារ​គ្រប់គ្រង​ថែរក្សា​ការពារ អភិរក្ស និង​អភិវឌ្ឍ​ធនធាន​ជលផល កុំឱ្យ​មាន​អ្នក​មកពី​ខាងក្រៅ​ធ្វើ​នេសាទ​ខុសច្បាប់​នៅ​តំបន់​នេះ​៕

រូបភាពពីលោក ទុំ នីរ៉ូ


Tag:
 ​ត្រី​
 ​ស្ទឹងត្រែង
© រក្សាសិទ្ធិដោយ thmeythmey.com