ជាតិ
រថយន្ត
រថយន្ត MERCURY ផលិត​ឆ្នាំ​១៩៧៨ ត្រូវ​ឆ្លងកាត់​ការសម្អាត​រាល់ថ្ងៃ ដើ​ម្ប​រក្សា​សភាព​ដើម​
05, Oct 2020 , 8:40 pm        
រូបភាព
​ភ្នំពេញ​៖ យានដ្ឋាន Electric Motors Club កំពុង​ដាក់លក់​ឡាន​បុរាណ​ដ៏​កម្រ​មាន​ណាស់​ក្នុងប្រទេស​។ ក្នុងនោះ​មាន​រថយន្ដ​ម៉ាក MERCURY ប្រភេទ Marquis ម៉ូ​ឌែ​ល Brougham ផលិត​ឆ្នាំ​១៩៧៨​។ MERCURY បាន​ផលិត​រថយន្ដ​ចំនួន​តិច​ដែរ ព្រោះ​តម្លៃ​ថ្លៃ ហើយ​មិន​នាំ​ចេញទៅ​ក្រៅ​ទ្វីបអាមេរិក​ទេ​។ រថយន្ត​ដែល​យានដ្ឋាន EMC ដាក់លក់​នេះ ប្រហែលជា​ម៉ាក MERCURY តែមួយគត់​នៅ​កម្ពុជា​។ តាម​អ្នកគ្រប់គ្រង​បណ្តាញ​សង្គម​របស់​យានដ្ឋាន EMC អះអាងថា រថយន្ត​មួយគ្រឿង​នេះ ជា​រថយន្ត​ដែល​ធ្លាប់​តាំងនៅ​សារមន្ទីរ ហើយ​វា​ត្រូវបាន​ថែទាំ និង​សម្អាត រៀងរាល់ថ្ងៃ​។ ជា​លទ្ធផល​វា នៅតែ​រក្សាបាន​សភាព​ដើម​យ៉ាង​ល្អ ទាំង​ថ្នាំ​ពណ៌​រថយន្ត និង​សោភណភាព និង​ការ​ដំណើរការ​ផងដែរ​។

 
ដើម្បី​ជ្រាប​បន្ថែម សូម​អញ្ជើញ​តាមដាន​កិច្ច​សម្ភាស រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ស្រៀ​ង អភិរក្ស តំណាង​យានដ្ឋាន EMC ខាងក្រោម​នេះ​៖
 
 
 
​រថយន្ដ MERCURY Marquis ត្រូវបាន​ផលិត​ពី​ឆ្នាំ​១៩៦៧ រហូតដល់​ឆ្នាំ​១៩៨៦ នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​កាណាដា​។ MERCURY Marquis ពី​ឆ្នាំ​១៩៦៩ ដល់​ឆ្នាំ​១៩៧៨ មាន​ទំហំ​ធំ​ណាស់ ពោល​គឺមាន​ទម្ងន់​ជាង​២​តោន និង​មាន​ទទឹង​២​ម៉ែត្រ បណ្ដោយ​ប្រវែង​ជិត​៦​ម៉ែត្រ​។ រថយន្ដ MERCURY Marquis របស់​យានដ្ឋាន EMC ជា​សេ​រ៊ី​ចុងក្រោយ ដែល​បំពាក់​ម៉ាស៊ីន Lincoln 460 V8​។​
 
MERCURY គឺជា​ម៉ាក​រថយន្ដ​អាមេរិកាំង ដែល​ត្រូវបាន​បង្កើត​ឆ្នាំ​១៩៣៩ ដោយ​លោក FORD Edsel​។ លោក Edsel ជា​កូន​តែមួយ​របស់ លោក FORD Henry ដែលជា​ស្ថាបនិក​ក្រុមហ៊ុន FORD​។ ម៉ាក FORD (​ស្តង់ដារ​គុណភាព​លេខ​៣) MERCURY (​ស្តង់ដារ​គុណភាព​លេខ​២) និង LINCOLN (​ស្តង់ដារ​គុណភាព លេខ​១) ជា​កម្មសិទ្ធិ​របស់​ក្រុម FORD​។ ដោយឡែក ម៉ាក MERCURY ត្រូវបាន​រំលាយ នៅ​ឆ្នាំ​២០១១​។ រយៈពេល ជាង​៧០​ឆ្នាំ MERCURY ប្រមាណ ២១​លាន​គ្រឿង​ត្រូវបាន​ផលិតឡើង​៕


















 

Tag:
 យានយន្ត​
 ​រថយន្ត​បុរាណ​
© រក្សាសិទ្ធិដោយ thmeythmey.com