សង្គមអន្តរជាតិ​
អន្តរជាតិ
ចិន​និង​ប្រទេស​២៥​ទៀត ស្នើ​ឲ្យ​ប្រទេស​លោកខាងលិច​ដក​ទណ្ឌ​កម្ម​អំឡុង​វិបត្តិ​កូ​វីដ​-១៩
06, Oct 2020 , 10:29 pm        
រូបភាព
អគ្គរដ្ឋទូតចិនប្រចាំUN លោក Zhang Jun ។ រុបភាព៖ Xinhua
អគ្គរដ្ឋទូតចិនប្រចាំUN លោក Zhang Jun ។ រុបភាព៖ Xinhua
ដោយ:
 ​ប្រទេស​ចិន និង​ប្រទេស​២៥​ផ្សេងទៀត នៅ​ថ្ងៃទី​៥ ខែតុលា បានទាមទារ​ឲ្យ​ដកហូត​ទណ្ឌកម្ម​ជាបន្ទាន់ ដែល​ដាក់​ដោយ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេស​លោកខាងលិច ដើម្បី​ធានា​នូវ​ការឆ្លើយតប​ប្រកបដោយ​ប្រសិទ្ធភាព​ប្រឆាំង​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​។

 
​ថ្លែង​ជំនួសមុខ​ឲ្យ​ប្រទេស​ទាំង​២៦​នៅ​កិច្ចប្រជុំ​មួយ​នៃ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​(UN) អគ្គរដ្ឋទូត​ចិន​ប្រចាំ UN លោក Zhang Jun បាន​បញ្ជាក់ថា វិធានការ​បង្ខិតបង្ខំ​លក្ខណៈ​ឯកតោភាគី បាន​រំលោភបំពាន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និន្នាការ​ពហុភាគី​និយម និង​រារាំង​ដល់​ការគោរព​សិទ្ធិមនុស្ស តាមរយៈ​ការបង្អាក់​ដល់​សុខុមាលភាព​ប្រជាជន​ក្នុងប្រទេស​ដែល​រងគ្រោះ​ដោយសារ​ជំងឺ​កូ​វីដ​-១៩ និង​ប៉ះពាល់​ដល់​សិទ្ធិ​ទទួលបាន​ការថែទាំ​សុខភាព​។​
 
​ប្រទេស​ទាំង​២៦​នេះ បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​រួម​ថា​៖«​សាមគ្គី​ភាពជា​សកល​និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ គឺជា​អាវុធ​ដ៏​មាន​ឥទ្ធិពល​បំផុត ក្នុងការ​ប្រយុទ្ធ​និង​យកជ័យ​ជម្នះ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩»​។ ឆ្លៀត​ក្នុងឱកាស​នេះ ប្រទេស​ទាំងនេះ​ជ​បានស្នើ​ឲ្យ​ដកហូត​ទាំងស្រុង​និង​បន្ទាន់​នូវ​ទណ្ឌកម្ម​ដែល​ដាក់​ដោយ​សហរដ្ឋអាមេរិក​និង​បណ្ដា​ប្រទេស​លោកខាងលិច ក្នុង​គោលដៅ​ធានា​ឲ្យ​បាន​នូវ​ការឆ្លើយតប​យ៉ាង​ពេញលេញ និង​មាន​ប្រសិទ្ធភាព​របស់​សមាជិក​ទាំ​ង​អស់នៃ​សហគមន៍​អន្តរជាតិ​ប្រឆាំង​កូ​វីដ​-១៩​។​
 
​ក្នុងចំណោម​បណ្ដា​ប្រទេស​ដែល​គាំទ្រ​សេចក្តីថ្លែងការណ៍​នេះ គឺ​ពាក់កណ្ដាល​ហើយ​ដែល​ស្ថិតក្រោម​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ឬ​ប្រទេស​លោកខាងលិច​ផ្សេងទៀត រួមមាន គុយបា កូរ៉េខាងជើង អ៊ីរ៉ង់ រុស្ស៊ី ស៊ី​រី និង​វេ​ណេ​ស៊ុយ​អេ​ឡា​។ 
 
​សេចក្តីថ្លែងការណ៍​រួម​ដដែល​នេះ ក៏បាន​កត់សម្គាល់ថា ទាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស និង​ស្នងការ​សិទ្ធិមនុស្ស UN អ្នកស្រី Michelle Bachelet បាន​ទទូច​ឲ្យ​លើកលែង​ទណ្ឌកម្ម​ដែល​ប៉ះពាល់​ដល់​សមត្ថភាព​ប្រទេស​ណាមួយ​ក្នុងការ​ឆ្លើយតប​ជំងឺ​រាតត្បាត​សកល​នេះ​ផងដែរ​។​
 
​ទោះ​មិនទាន់មាន​ការឆ្លើយតប​ណាមួយ​ពី​សំណាក់​ស្ថាន​បេសកកម្ម​អាមេរិក​ប្រចាំ UN អគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ UN លោក Christoph Heusgen បាន​សង្កត់ធ្ងន់ថា ទណ្ឌកម្ម​របស់​សហភាព​អឺរ៉ុប ពុំ​ប៉ះពាល់​ដល់​ការដឹកជញ្ជូន​ជំនួយ​មនុស្សធម៌ ឬ​សម្ភារ​សុខាភិបាល ដែល​នឹង​ជះឥទ្ធិពល​លើ​ការឆ្លើយតប​របស់​ប្រទេស​ណាមួយ​ប្រឆាំង​កូ​វីដ​-១៩​ឡើយ​៕ 
 
 

Tag:
 ចិន​
  សហរដ្ឋអាមេរិក​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com