COVID-19
អន្តរជាតិ
សិង្ហ​បុរី បិទទ្វារ​ភោជនីយដ្ឋាន​២​កន្លែង ដែល​ល្មើស​វិធានការ​ទប់ស្កាត់​កូ​វីដ​-១៩
06, Oct 2020 , 4:25 pm        
រូបភាព
រូបភាព Channel NewsAsia
រូបភាព Channel NewsAsia
ដោយ:
​អាជ្ញាធរ​សិង្ហ​បុរី បាន​អះអាងថា ភោជនីយដ្ឋាន​២​កន្លែង ត្រូវបាន​បញ្ជា​ឲ្យ​បិទទ្វារ ក្រោយ​បរាជ័យ​ក្នុងការ​គោរព​តាម​វិធានការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​របស់​រដ្ឋាភិបាល​។ រដ្ឋាភិបាល​សិង្ហ​បុរី បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្លួន​គោរព​គម្លាត​សុវត្ថិភាព និង​ពាក់​ម៉ាស​គ្រប់ពេលវេលា​។

 
​ភោជនីយដ្ឋាន​ដែល​ល្មើស​វិធានការ​សុខាភិបាល​ទីមួយ គឺជា​ហាង​លក់​ស៊ុប​មួយកន្លែង ដែល​បណ្ដោយ​ឲ្យ​អតិថិជន​អង្គុយ​ជាប់​គ្នា​រដឹក​។ ករណីនេះ កើតឡើង​កាលពី​ថ្ងៃទី ៣ ខែតុលា នៅ​ម៉ោង​៩​យប់​។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel NewsAsia អាជ្ញាធរ​បានដាក់​ចេញ​បញ្ជា​ឲ្យ​ម្ចាស់​ហាង​នេះ​បិទ​អាជីវកម្ម​ខ្លួន​រយៈពេល​១០​ថ្ងៃ​ពេញ រាប់​ចាប់ពី​ថ្ងៃទី ៦ ដល់​ថ្ងៃទី ១៥ ខែតុលា​។ 
 
​នៅ​ថ្ងៃ​ជាមួយគ្នា ករណី​ល្មើស​វិធានការ​សុខាភិបាល​មួយទៀត បាន​កើតឡើង​ក្នុង​ហាង​លក់​ផឹកស៊ី​មួយកន្លែង​ទៀត ដែល​អតិថិជន​នាំគ្នា​ផឹកស្រា​រហូតដល់​ថ្ងៃ​ម៉ោង​១១៖៤០​នាទី​យប់ ហើយ​គ្មាន​គោរព​គម្លាត​សុវត្ថិភាព​។ អាជ្ញាធរ​សិង្ហ​បុរី ក៏បាន​បញ្ជា​ឲ្យ​បិទទ្វារ​ហាង​នេះ​១០​ថ្ងៃ​ផងដែរ​។ 
 
​ក្រៅពី​ភោ​ជី​យ​ដ្ឋា​ន​ទាំង​២​កន្លែង​ខាងលើ ហាង​លក់​ចំណីអាហារ​និង​ភេសជ្ជ​តូចៗ​ប្រមាណ​១៣​កន្លែង​ផ្សេងទៀត ក៏ត្រូវ​រង​ពិន័យ​ដោយសារ​ល្មើស​វិធានការ​សុខាភិបាល​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។ ហាង​ទាំងនេះ រង​ពិន័យ​ជា​លុយ​រហូត​ចាប់ពី​ថ្ងៃ​៧៣៥​ដុល្លារ​ដល់ ១៤៧០​ដុល្លារ​។ 
 
​រដ្ឋាភិបាល​សិង្ហ​បុរី បន្ត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្លួន​គោរព​គម្លាត​សុវត្ថិភាព និង​ពាក់​ម៉ាស​គ្រប់ពេលវេលា ជាពិសេស​នៅ​កន្លែង​មាន​មនុស្ស​ច្រើន​។ បច្ចុប្បន្ន សិង្ហ​បុរី​មាន​ករណី​ឆ្លង​កូ​វីដ​-១៩​សរុប ៥៧៨១៩ ករណី ក្នុងនោះ ៥៧៥៩៧​នាក់​ជាសះស្បើយ ខណៈ​២៧​នាក់​ស្លាប់​៕ 

Tag:
 សិង្ហ​បុរី​
  កូ​វីដ​-១៩
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com