ជាតិ
ឱកាស​ល្អ​សម្រាប់ផលិតករ ដើម្បី​​ប្រកួត​ប្រជែង​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជាលើកទី៣
06, Oct 2020 , 10:59 pm        
រូបភាព
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ នាមហោស្រពភាពយន្តខ្នាតខ្លី កាលពីឆ្នាំមុន។ រួបថត សហការី
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ នាមហោស្រពភាពយន្តខ្នាតខ្លី កាលពីឆ្នាំមុន។ រួបថត សហការី

ភ្នំពេញ៖ ក្នុង​បំណង​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​យុវ​ផលិតករ​ភាព​យន្ត​កម្ពុជា សាធារណៈជន​ និង​​ចាងហ្វាង​ផលិតកម្ម ​ ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព​ និង​ការ​បញ្ចេញ​គំនិត​ច្នៃ​ប្រឌិត​ ដើម្បី​រួម​ចំណែក​អភិវឌ្ឍវិស័យ​ភាព​យន្ត​ជាតិ​ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ នឹង​ប្រារព្​រៀប​ចំ​មហោស្រព​ជាតិ​ភាព​យន្តខ្នាត​ខ្លីកម្ពុជា​លើក​ទី​៣ ឆ្នាំ​២០២០​ ក្រោម​ពាក្យ​ស្លោក “ភាព​យន្ត​ខ្នាត​ខ្លី​ ជា​ជំហាន​ឆ្ពោះ​ទៅ​កាន់​ភាព​យន្ត​ខ្នាត​វែង​”។


​ពិធី​បើក​មហោស្រព​ នៅ​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២០​ និង​ពិធី​បិទ​នៅ​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២០​ នៅ​សាល​សន្និសីទ​ចតុម្មុខ និង​រោង​ភាព​​យន្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ​។ កាល​បរិច្ឆេទ​នៃ​ការ​ទទួល​ពាក្យ​ចូល​រួម​ប្រកួត​ប្រជែង​ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែ​តុលា ឆ្នាំ​២០២០​។

ខ្លឹម​សារ​គោល​នៃ​រឿង​ គឺ​វប្បធម៌ ឬ​ការ​អភិវឌ្ឍ​សង្គម​ ​ ដោយ​ខ្លឹម​សារ​នៃ​សាច់​រឿង​ត្រូវ​ឆ្លុះ​បញ្ចាំង​ពី​ទិដ្ឋភាព​សង្គម​ និង​បង្កប់​នូវ​អត្តសញ្ញាណ​ជាតិ​ រួម​មាន​ចំណេះ​ដឹង​ ជំនឿ​សាសនា សិល្បៈ​ប្រពៃណី​ ទំនៀម​ទម្លាប់​ ដែល​ទាក់​ទង​នឹង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជន​។ ​ភាព​ច្នៃ​​ប្រឌិត​និង​ការ​បង្កើត​ថ្មី ត្រូវ​ផ្ដោត​លើ​ភាព​ស្រមើ​ស្រមៃ​ បំណង​ប្រាថ្នា អារម្មណ៍​ផ្លូវ​ចិត្ត​ ការ​ស្រឡាញ់ និង​ទំនាក់​ទំនង​ក្នុង​សង្គម​ ដោយ​បង្កប់​នូវ​គំនិត​ទស្សនវិជ្ជា​ទំនើប​។

គ្រប់​ស្នាដៃ​ភាព​យន្ត​ខ្នាត​ខ្លី​ទាំង​អស់ ​ដែល​ដាក់​ចូល​រួម​ប្រកួត​ប្រជែង ក្នុង​មហោស្រព​ជាតិ​ភាព​យន្ត​ខ្នាត​ខ្លី​ កម្ពុជា​លើក​ទី៣​ ឆ្នាំ​២០២០​ ត្រូវ​គោរព​តាម​លក្ខខណ្ឌ​ដូចជា​ អ្នក​និពន្ធ​ និង​អ្នក​ដឹក​នាំ​ ជា​ជន​ជាតិ​ខ្មែរ។ ផលិតករ​ បាន​ផលិតភាព​យន្ត​​ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៨​មក។ ​ថេរៈ​វេលា​បញ្ចាំង​មិន​លើក​ពី​៣០​នាទី​​ ជា​ទម្រង់​ឌីជីថល(16:9 HD High Solution)។ មាន​ចំណង​ជើង​រង​ ជា​ភាសាអង់​គ្លេស (English Subtitle)។ ពុំ​ធ្លាប់​ចូល​រួម​ប្រកួត​ប្រជែង ក្នុង​មហោស្រព​ភាព​យន្ត​ខ្នាត​ខ្លី​កន្លង​មក​។

ចំពោះ​ស្នាដៃ​ភាព​យន្ត​ខ្នាត​ខ្លី ដែល​ផលិត​ដោយ​ជន​បរទេស​ អាច​ដាក់​ពាក្យ​ចូល​រួម​បញ្ចាំង​បង្ហាញ​(មិន​ប្រកួត​ប្រជែង) ក្នុង​មហោស្រព​ជាតិ​ភាព​យន្ត​ខ្នាត​ខ្លី​កម្ពុជា លើក​ទី​៣​ឆ្នាំ​២០២០​។

ស្នាដៃ​ភាព​យន្ត​ខ្នាត​ខ្លី​ទាំង​អស់​ដែល​បាន​ដាក់​ចូល​រួម នឹង​ត្រូវ​ដាក់​បញ្ចាំង​ជា​សាធារណៈ នៅ​សាល​សន្និសីទ​ចតុម្មុខ និង​រោង​ភាព​យន្ត​នានា​ ក្នុង​រាជធានី​ភ្នំពេញ​ រយៈ​ពេល​៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​០៤ ដល់​ថ្ងៃ​ទី​០៦ ខែ​ធ្នូ ឆ្នាំ​២០២០​។ ស្នាដៃ​ភាព​យន្ត​ដែល​បាន​ដាក់​ចូល​រួម​ប្រកួត​ប្រជែង នឹង​ត្រូវ​វិនិច្ឆ័យ​ជ្រើស​រើស​បឋម ដោយ​គណៈ​កម្មការ​មេប្រយោគ​វគ្គ​ជម្រុះ ដើម្បី​ជ្រើស​រើស​យក​ស្នាដៃ​ភាព​យន្ត​ចំនួន​០៥ចំណង​ជើង បន្ត​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​។

ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នឹង​ប្រព្រឹត្ត​ទៅ នៅ​រាត្រី​ថ្ងៃ​ទី​៧ ខែ​ធ្នូ ឆ្នាំ​២០២០​ ​ក្នុង​បរិវេណ​សាល​សន្និសីទ​ចតុម្មុខ​។ ភាព​យន្ត​ដែល​ល្អ​ដាច់​គេ​យ៉ាង​តិច​៣ស្នាដៃ នឹង​ទទួល​បាន​​ពាន​រង្វាន់​។ ស្នាដៃ​ភាពយន្ត​ខ្នាត​ខ្លី ដែល​បាន​ចូល​រួម​ប្រកួត​ប្រជែង​វគ្គ​ផ្ដាច់​ព្រ័ត្រ គណៈ​កម្មការ​រៀប​ចំ​មហោស្រព​ មាន​សិទ្ធិ​បញ្ជូនទៅ​ចូល​រួម​ក្នុង​មហោស្រព​ភាព​យន្ត​ថ្នាក់​តំបន់​ និង​អន្តរជាតិ​។

ស្នាដៃ​ភាព​យន្ត​ដែល​​ជាប់​ជ័យ​លាភីលេខ​១​ នឹង​ទទួល​បាន​​ពាន​មាស អម​ដោយ​ថវិកា។ ជ័យ​លាភី​លេខ​២ ទទួល​បាន​ពាន​ប្រាក់​ អម​ដោយ​ថវិកា។ ជ័យ​លាភី​លេខ​៣ ទទួល​បាន​ពាន​សំរិទ្ធ អម​ដោយ​ថវិកា​។ រង្វាន់​លើក​ទឹក​ចិត្ត​ ផ្ដល់​ឱ្យដល់​​ជ័យ​លាភី​ទស្សនិក​ជន​ ដោយ​ទទួល​បាន​ពាន​លើក​ទឹក​ចិត្ត​។

លេខាធិការដ្ឋាន​​នៃ​គណៈ​កម្មការ​រៀប​ចំ ​មហោស្រព​ជាតិ​ភាព​យន្ត​ខ្នាត​ខ្លីកម្ពុជាលើក​ទី​៣ ឆ្នាំ​២០២០ មាន​អាស័យ​ដ្ឋាន​នៅ នាយក​ដ្ឋាន​សិល្បៈ​ភាពយន្ត​ និង​ផ្សព្វ​ផ្សាយ​វប្បធម៌ អគារលេខ ៧០ ផ្លូវ​លេខ ២០០ សង្កាត់​បឹង​រាំង ខណ្ឌ​ដូន​ពេញ រាជ​ធានី​ភ្នំពេញ​។ គេហទំព័រ www.cambodiafilm.info


Tag:
 មហោស្រព
 ​ភាពយន្ត
 ភាពយន្ត​ខ្នាត​ខ្លី
 កម្ពុជា
 
© រក្សាសិទ្ធិដោយ thmeythmey.com