COVID-19
អន្តរជាតិ
IMF ជំរុញ​ឲ្យ​វិនិយោគ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ពន្ធ ដើម្បី​បង្កើន​កំណើនសេដ្ឋកិច្ច​ក្រោយ COVID-19
07, Oct 2020 , 8:59 am        
រូបភាព
ដោយ:
​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) កាលពី​ថ្ងៃទី​៥ តុលា បានស្នើ​ឲ្យ​ប្រទេស​ជា​សមាជិក​គិតគូរ​វិនិយោគ​ក្នុង​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​បង្កើន​កំណើនសេដ្ឋកិច្ច ដែល​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​ជំងឺឆ្លង​សាកល​COVID-19 ។ ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​នេះ ក៏​ជំរុញ​ឲ្យ​មានការ​បង្វែរ​ការយក​ចិត្ត​ទុកដាក់​ទៅលើ​ថាមពលបៃតង​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ផងដែរ​។​

 
​នៅមុន​កិច្ចប្រជុំ​ប្រចាំឆ្នាំ​នា​សប្តាហ៍​ក្រោយ​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ និង​ធនាគារពិភពលោក ដែល​នឹង​ផ្តោតលើ​ការធ្វើ​បច្ចុប្បន្នភាព​នៃ​ផលប៉ះពាល់​របស់ COVID-19 មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ បាន​បញ្ចេញ​របាយការណ៍​វាយតម្លៃ​ស្តីពី​ស្ថានភាព​សារពើពន្ធ​របស់​ប្រទេស​ជា​សមាជិក​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ក្នុង​របាយការណ៍​វាយតម្លៃ និង​ស្រាវជ្រាវ​របស់ខ្លួន IMF បាន​លើកឡើងថា ការវិនិយោគ​ក្នុង​វិស័យ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សាធារណៈ ដែល​រួមមាន​ប្រព័ន្ធ​សុខាភិបាល ហេ​ដ្ឋា​រចនា​សម្ពន្ធ​ឌីជីថល និង​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ នឹង​ផ្តល់​លទ្ធផល​មួយ​ទ្វេ​ជា​ពី​រលើ​កំណើនសេដ្ឋកិច្ច​ក្នុង​រយៈពេល​២​ឆ្នាំ​។ ក្នុងន័យនេះ ការអភិវឌ្ឍ​វិស័យ​ហេ​ដ្ឋា​រចនា​សម្ពន្ធ គួរ​ជា​រឿង​អាទិភាព​មួយ​។ 
 
​ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ​នេះ អះអាងថា ការវិនិយោគ​ក្នុង​វិស័យ​សាធារណៈ​១​ភាគរយ នៃ​ផលិតផល​សរុប​ក្នុងស្រុក សម្រាប់​ប្រទេស​អភិវឌ្ឍ និង​កំពុង​អភិវឌ្ឍ នឹង​នាំមក​នូវ​កំណើនសេដ្ឋកិច្ច​២,៧​ភាគរយ តាមរយៈ​បង្កើត​ការងារ​ដោយផ្ទាល់​ចំនួន​៧​លាន​កន្លែង និង​ការងារ​ដោយ​ប្រយោល​ពី​ចំនួន​២០ ទៅ​៣៣​លាន​កន្លែង​ថែមទៀត​។ ប៉ុន្តែ គេ​ក៏ត្រូវ​ពិចារណា​លើ​ឥទ្ធិពល​នៃ​វិស័យ​ម៉ាក្រូសេដ្ឋកិច្ច​ដែរ​។​
 
​លោក Victor Gaspar នាយក​កិច្ចការ​សារពើពន្ធ​របស់​IMF លើកឡើងថា​ក្នុង Blog លោក ថា  តាំងតែ​ពីមុន​ការផ្ទុះ​នៃ​ជំងឺឆ្លង ការវិនិយោគ​ជា​សាកល​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​សភាព​ខ្វះខាត​ជាច្រើន​ទសវត្សរ៍ បើ​ទោះ​ផ្លូវ និង​ស្ពាន​ក្នុង​ប្រ​ទស​អភិវឌ្ឍ​ខូចខាត​ក៏ដោយ​។ លោក​បន្តថា ចំណែក​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ និង​កំពុង​លូតលាស់​វិញ មានការ​ខ្វះខាត​ក្នុងការ​វិនិយោគ​លើ​ការដឹកជញ្ជូន ទឹកស្អាត អនាម័យ​ដែលជា​តម្រូវការ​ដ៏​ចាំបាច់​។​
 
​ខណៈ​អត្រា​ការប្រាក់​ទាប​កើតមាន​ទៅ​ទូទាំង​ពិភពលោក លោក Gaspar អះអាងថា នេះ​ជា​ពេល​ត្រឹមត្រូវ​សម្រាប់​ការវិនិយោគ​។ ប៉ុន្តែ IMF ធ្លាប់បាន​ព្រមាន​ជារឿយៗ អំពី​បំណុល​ក៏​ច្រើន​សន្ធឹកសន្ធាប់​ក្នុងប្រទេស​កំពុង​អភិវឌ្ឍ​ក្តី​។ ត្រង់នេះ លោក​ថា សម្រាប់​ប្រទេស​ដែលមាន​លក្ខខណ្ឌ​តឹងរ៉ឹង​ក្នុងការ​ចំនាយ​ថវិកា ប្រទេស​នោះ​អាច​វិនិយោគ​បន្តិច​ម្តងៗ​។ ការវិនិយោគ នឹង​ផ្ដល់​ប្រទេស​នោះ បើសិនជា​គ្រប់គ្រង​គម្រោង​វិនិយោគ​បានល្អ និង​អាច​ផ្តល់​ជា​ជ​ន្ទ​ល់​សម្រាប់​កំណើនសេដ្ឋកិច្ច​នាពេល​អនាគត​។​
 
​ក្រៅពីនោះ ស្រប​ពេលដែល​ពិភពលោក​កំពុងស្ថិត​ក្នុងស្ថានភាព​ជំងឺឆ្លង​សាកល របាយការណ៍​របស់ IMF បានលើកឡើង​ពី​ភាព​ជ​ចាំបាច់​ក្នុងការ​វិនិយោគ​វិស័យ​មួយចំនួន​ដើម្បី​គ្រប់​គ្រង់​ជំងឺឆ្លង​ដែល​រួមមាន សុខាភិបាល អប់រំ អាគារ និង​ការដឹកជញ្ជូន​មាន​សុវត្ថិភាព ក៏ដូចជា​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ឌីជីថល​ជាដើម​។​
 
​ជាមួយគ្នា​នោះ របាយការណ៍​ខាងលើ ក៏​ស្នើ​ឲ្យ​ប្រទេស​នានា​ផ្ដោតលើ​ការវិនិយោគ​លើ​ថាមពលបៃតង​ដែរ​។ IMF បញ្ជាក់ថា ការវិនិយោគ​ដើម្បី​សម្រប​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ នឹង​ហុច​ផល​ត្រឡប់មកវិញ​ច្រើនជាង​ការវិនិយោគ​លើ​ផ្នែក​ផ្សេង​។ ប៉ុន្តែ​ប្រទេស​ទាំងឡាយ ក៏ត្រូវ​បង្កើន​ថវិកា​ច្រើនជាង​ទ្វេដង​ផងដែរ​ដើម្បី​អាច​សម្រប​ខ្លួន​ដោយ​ត្រឹមត្រូវ​៕

Tag:
 IMF
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com