ជាតិ
សាសនា / ធម៌
ក្រសួងនិងស្ថាប័នសង្ឃ ហាមការដើររៃប្រាក់តាមផ្លូវ ទីប្រជុំជន និង ផ្ទះ...ដើម្បីកុំឲ្យបាត់តម្លៃពុទ្ធសាសនា
06, Oct 2020 , 6:40 pm        
រូបភាព
រ៉ឺម៉កនិងឧគ្ឃោសនសព្ទ ដែលត្រូវបានរៀបចំសម្រាប់ធ្វើដំណើររៃអង្គាសបច្ច័យ (រូបពីបណ្តាញសង្គម)
រ៉ឺម៉កនិងឧគ្ឃោសនសព្ទ ដែលត្រូវបានរៀបចំសម្រាប់ធ្វើដំណើររៃអង្គាសបច្ច័យ (រូបពីបណ្តាញសង្គម)
ក្រសួងទទួលបន្ទុកផ្នែកសាសនា និងស្ថាប័នកំពូលរបស់ព្រះសង្ឃ បានចេញបម្រាមមួយដូចគ្នា គឺហាមមិនឲ្យមានការនិមន្តនិងការដើររៃអង្គាសបច្ច័យ (ថវិកា) ឬរៃអង្គាសអ្វីផ្សេង តាមកន្លែងមិនសមគួរ ដូចជា តាមផ្លូវទីសាធារណៈ តាមទីប្រជុំជន និង តាមផ្ទះ ជាដើម។



លោក ឈិត សុខុន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ចេញសេចក្តីណែនាំ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្តីពីការរៀបចំបុណ្យកឋិនទាន។ ចំណែក សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈសង្ឃនាយក ក៏បានចេញព្រះរាជសារដែរ នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ស្តីពីការរៀបចំបុណ្យកឋិនទាននេះ។

សេចក្តីណែនាំរបស់លោក ឈិត សុខុន និងព្រះរាជសាររបស់សម្តេច នន្ទ ង៉ែត មានខ្លឹមសារដូចគ្នាស្ទើរទាំងស្រុង គឺប្រាប់ឲ្យព្រះសង្ឃនិងប្រជាពុទ្ធបរិស័ទ ចូលរួមអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារជំងឺកូវីដ-១៩ ក្នុងអំឡុងនៃការធ្វើបុណ្យកឋិនទានរយៈពេល២៩ថ្ងៃនេះ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្ដិក (៣តុលា ដល់៣១តុលា)។

ក្រៅពីផ្តល់អនុសាសន៍អំពីវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ រដ្ឋមន្រ្តីសាសនា និងសម្តេចព្រះសង្ឃនាយក ក៏បានរំលេចសារអំពីសកម្មភាពមិនសមទំនងផងដែរ នោះគឺការនិមន្តនិងការដើររៃអង្គាសបច្ច័យ នៅក្រៅវត្តអារាម។

សេចក្តីណែនាំរបស់លោករដ្ឋមន្រ្តីនិងព្រះរាជសាររបស់សម្តេចព្រះសង្ឃនាយក មានអត្ថន័យដូចគ្នាថា៖«ហាមដើររៃអង្គាសនៅតាមផ្លូវសាធារណៈ ទីប្រជុំជន តាមគេហដ្ឋាន ។ល។ ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសង្គម និង តម្លៃព្រះពុទ្ធសាសនា»។

ព្រះរាជសាររបស់សម្តេចព្រះសង្ឃនាយក បានបន្ថែមខ្លឹមសារលើសពីសេចក្តីណែនាំរបស់លោករដ្ឋមន្រ្តីបន្តិច ដោយព្រះរាជសាររបស់សម្តេចព្រះសង្ឃនាយក បានពិតថេរដីកាទៅព្រះមេគណរាជធានី-ខេត្ត ព្រះអនុគណស្រុក-ខណ្ឌ ព្រះគ្រូចៅអធិការគ្រប់វត្ត នៅទូទាំងប្រទេស ឲ្យយកចិត្តទុកដាក់ទទួលខុសត្រូវខ្ពស់ និងណែនាំចំពោះព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត កុំឲ្យនិមន្តនិងដើររៃអង្គាស តាមទីកន្លែងដែលបានហាមឃាត់ខាងលើ។

សម្តេច ឃឹម សន ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក មានសង្ឃដីកាថា ការហាមមិនឲ្យនិមន្តនិងដើររៃអង្គាសនេះ គឺជាការហាមរហូត មិនមែនហាមតែក្នុងរយៈពេលនៃរដូវកាលបុណ្យកឋិនឡើយ។ សម្តេច លើកឡើងថា តាមពិតទៅ បម្រាមនេះ ក្រសួងនិងស្ថាប័នព្រះសង្ឃ ធ្លាប់បានចេញយូរមកហើយ មិនមែនទើបតែចេញពេលនេះទេ។

យ៉ាងណាក៏ដោយ ដោយសារសកម្មភាពនិមន្តនិងដើររៃអង្គាសប្រាក់ នៅតែបន្តកើតមាន ទើបបានជាក្រសួងធម្មការនិងសាសនា រួមទាំងគណៈសង្ឃនាយក ដែលជាស្ថាប័នកំពូលក្នុងការគ្រប់គ្រងព្រះសង្ឃនៅកម្ពុជា បានចេញបម្រាមនេះជាថ្មី។

សម្តេច ឃឹម សន អះអាងថា ស្ថាប័នព្រះសង្ឃ នៅតែទទួលបានការរាយការណ៍ពីប្រជាពុទ្ធបរិស័ទ អំពីព្រះសង្ឃនិងអាចារ្យ ដើររៃអង្គាសបច្ច័យតាមទីកន្លែងផ្សេងៗ រួមទាំងតាមផ្សារផងដែរ។ បើតាមសម្តេច ពេលខ្លះ ការនិមន្តនិងការដើររៃអង្គាសនោះ មានទាំងរ៉ឺម៉កនិងមេក្រូ ដែលអាចរំខានដល់ប្រជាពលរដ្ឋ។

សម្តេច ឃឹម សន បន្តថា កន្លងមក ថែមទាំងធ្លាប់មានសង្ឃក្លែងក្លាយ ដើររៃអង្គាសប្រាក់ ហើយក៏ធ្លាប់មាន ព្រះសង្ឃនិងអាចារ្យគណៈកម្មការខ្លះ ក្លែងលិខិតបុណ្យនិងក្លែងត្រាដែរ ពោលគឺ ប្រឌិតលិខិតបុណ្យ ហើយយកត្រាក្លែងក្លាយ បោះលើលិខិតបុណ្យនោះ ដើម្បីរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋ។ សម្តេច បន្ថែមថា មានព្រះសង្ឃអង្គខ្លះក្លែងវត្ត ពោលគឺ ព្រះអង្គ គង់នៅវត្តណាមួយ តែក្នុងលិខិតបុណ្យ សរសេរពីពិធីបុណ្យនៅវត្តដទៃទៅវិញ ហើយអះអាងថា វត្ត ដែលមានពិធីបុណ្យនោះ គឺជាវត្តរបស់ព្រះអង្គ។

សម្តេច ឃឹម សន មានថេរដីកាថា ចំពោះអ្នកដែលយល់ដឹងជ្រៅជ្រះពីព្រះពុទ្ធសាសនា អាចនឹងមិនសូវសប្បាយចិត្ត នឹងសកម្មភាពនិមន្តនិងដើររៃអង្គាសនេះ តែមិនអសទ្ធានឹងព្រះពុទ្ធសាសនាឡើយ។ ប៉ុន្តែ សម្តេច យល់ថា ចំពោះអ្នកដែលមានបញ្ញាទន់ខ្ចីនិងមានយល់ដឹងតិចអំពីព្រះពុទ្ធសាសនា អាចនឹងទើសទាល់ខ្លាំង។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ សម្តេចព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក មានថេរដីកាដូច្នេះថា៖«[...] យើង ហាមឃាត់នេះ ចង់ថា ជួនកាល អ្នកកាន់ពុទ្ធសាសនាយើង នៅមានកម្រិត ក្រឡេកឃើញ គាត់ តិះដៀលភ្លាមហ្នឹង ថា ហ៊ឺ! បួសជាសង្ឃហើយ មិនគួរណាធ្វើអ៊ីចឹងទេ ដើររៃដើរអីអ៊ីចឹង ខ្មាសគេ»។

សម្តេច ឃឹម សន ប្រាប់ថា ដោយដោះស្រាយតាមបែបព្រះពុទ្ធសាសនា នៅពេលចាប់បានសង្ឃក្លែងក្លាយ ដែលដើររៃអង្គាសប្រាក់ មន្រ្តីសង្ឃ គ្រាន់តែផ្សឹក ហើយណែនាំ រួចក៏ដោះលែងវិញ តែនៅប្រព្រឹត្តដដែល ដោយអ្នកខ្លះ ត្រូវបានអាជ្ញាធរឬមន្រ្តីសង្ឃ ចាប់បានម្តងហើយម្តងទៀត ចំពោះករណីក្លែងភេទជាសង្ឃនេះ។ សម្តេច បញ្ជាក់ថា ពេលខ្លះ មន្រ្តីសង្ឃ បានដកហូតយកមេក្រូនិងរ៉ឺម៉កជាដើម ពីបុគ្គលដែលក្លែងភេទជាសង្ឃ ហើយដើររៃអង្គាសប្រាក់។

សម្តេច ឃឹម សន ប្រាប់ទៀតថា ចំពោះព្រះសង្ឃនិងអាចារ្យគណៈកម្មការ ដែលនិមន្តនិងដើររៃអង្គាសប្រាក់ ក៏មន្រ្តីសង្ឃ គ្រាន់តែអប់រំទូន្មានដែរ។ សម្តេច ថ្លែងថា កន្លងមក សម្តេច បានប្រជុំជាមួយមន្រ្តីសង្ឃ នៅគ្រប់សាលាអនុគណស្រុក-ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីឲ្យផ្តល់ដំណឹងពីករណីនិមន្តនិងដើររៃអង្គាសប្រាក់ ឬដោះស្រាយ នៅតាមសាលាអនុគណស្រុក-ខណ្ឌតែម្តង។

សម្តេច អំពាវនាវថា ព្រះសង្ឃនិងអាចារ្យគណៈកម្មការ គួរតែរៀបចំកន្លែងក្នុងវត្ត សម្រាប់ការផ្សព្វផ្សាយឲ្យប្រជាពុទ្ធបរិស័ទ ទៅចូលបុណ្យជាបច្ច័យឬសម្ភារផ្សេងៗ តែមិនគួរ ដាក់មេក្រូ តាមរ៉ឺម៉ក ឬអូសរទេះ រៃអង្គាសតាមទីអគោចរឡើយ (ទីកន្លែងមិនគួរទៅ)៕

Tag:
 ពុទ្ធសាសនា
  បម្រាមដើររៃប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com