សង្គមអន្តរជាតិ​
អន្តរជាតិ
មន្ត្រី​ការពារជាតិ​អាមេរិក​ថា ការចំណាយ​របស់​តៃវ៉ាន់ មិនទាន់​គ្រប់គ្រាន់​ក្នុងការ​ការពារ​ខ្លួន​ពី​ចិន​ទេ​
07, Oct 2020 , 10:59 pm        
រូបភាព
លោកDavid Helvey ឧបការីស្ដីទីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក។ រូបភាព៖ ក្រសួងការពារជាតិអាមេរិក
លោកDavid Helvey ឧបការីស្ដីទីរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក។ រូបភាព៖ ក្រសួងការពារជាតិអាមេរិក
ដោយ:
​មន្ត្រីជាន់ខ្ពស់​ក្រសួងការពារជាតិ​អាមេរិក នៅ​ថ្ងៃទី​៦ ខែតុលា​បាន​អះអាងថា ការបង្កើន​ចំណាយ​ការពារជាតិ​របស់​តៃវ៉ាន់​មិនទាន់​គ្រប់គ្រាន ដើម្បី​ការការពារ​ពី​ការ​គំរាម​ដោយ​ចិន​ឡើយ​។ ការចំណាយ​ក្នុង​វិស័យ​ការពារជាតិ​របស់​តៃវ៉ាន់​សម្រាប់​ឆ្នាំ​២០២១ មានការ​កើនឡើង​រហូត​ដល់​ទៅជិត​១​ពាន់​លាន​ដុល្លារ​។​

 
​កាលពី​ខែសីហា​កន្លងទៅ គណៈរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​តៃវ៉ាន់​បានអនុម័ត​ថវិកា​១៥​ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​ការពារជាតិ ធៀប​ទៅនឹង​១៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២០​។ ការបង្កើន​ចំណាយ​លើ​វិស័យ​យោធា​របស់​តៃវ៉ាន់​នេះ ធ្វើឡើង​បន្ទាប់ពី​ចិន​បាន​បង្កើន​សកម្មភាព​យោធា​ជិត​កោះ​តៃវ៉ាន់ ដែល​នាំ​ឲ្យ​តៃវ៉ាន់​បារម្ភ​ខ្លាច​ចិន​ប្រើប្រាស់​កម្លាំង​ដណ្តើមយក​កោះ​នេះ​នៅ​ថ្ងៃ​ខាងមុខ​។​
 
​ជុំវិញ​សកម្មភាព​បង្កហេតុ​របស់​កងទ័ព​ចិន លោក David Helvey ឧបការី​ស្ដីទី​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​ទទួលបន្ទុក​តំបន់​អាស៊ី​ខាងកើត អះអាងថា សកម្មភាព​របស់​កង​ទ័ព​ចិន ជាការ​ធ្វើតេស្ត​លើ​សមត្ថភាព និង​ការរៀបចំ​របស់​កងទ័ព​តៃវ៉ាន់​។ 
 
​លោក Helvey និយាយ​បែបនេះ ក្នុង​សន្និសីទ​ស្តីពី​ឧស្សាហកម្ម​យោធា​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​តៃវ៉ាន់​នៅ​ថ្ងៃទី​៦ ខែតុលា​។ នេះ​បើ​យោងតាម​សារព័ត៌មាន​Reuters​។ លោក​អះអាង​ទៀតថា បើទោះបីជា​សកម្មភាពរ​បស់​កងទ័ព​ចិន​ជាការ​ពិត និង​គ្រោះថ្នាក់ ក៏​មិនមែន​បានន័យថា មិន​ទប់ទល់​បានឡើយ ហើយ​តៃវ៉ាន់​វិនិយោគ​បែប​ឆ្លាត​វៃ និង​បង្ហាញ​ចិន​ថា សង្គម​តៃវ៉ាន់ និង​កងទ័ព​តាំងចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​ការពារ​ទឹកដី​របស់ខ្លួន​។​
 
​ចំពោះ​ការបង្កើន​ចំណាយ​យោធា​វិញ លោក David Helvey សង្កត់ធ្ងន់ថា ការចំណាយ​របស់​តៃវ៉ាន់ កំពុងស្ថិត​ក្នុងទិសដៅ​ត្រឹមត្រូវ​។ ប៉ុន្តែ​លោក​បញ្ជាក់ថា ការចំណាយ​ទាំងនេះ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​តៃវ៉ាន់​ក្នុងការ​ប្រើប្រាស់​កត្តា​ភូមិសាស្ត្រ បច្ចេកវិទ្យា​ទំនើប ធនធានមនុស្ស និង​ប្រជាជន ដើម្បី​ការការពារ​ដ៏​រឹងមាំ​ឡើយ​។ 
 
​មន្ត្រី​អាមេរិក ប្រាប់​ឲ្យ​តៃវ៉ាន់​ត្រូវ​ថ្លឹងថ្លែង​រវាង​ការវិនិយោគ​នូវ​អ្វី​ដែលមាន​ស្រាប់ ទល់នឹង​ការទិញ​ពី​បរទេស ពិសេស​ការបង្កើត​កង​ទ័ព​ជា​ក្រុម​តូចៗ​ដែលមាន​ស​ត្ថ​ភាព​ប្រយុទ្ធ​ខ្លាំង​ឲ្យ​បាន​ច្រើន​ក្រុម​។ បើតាម​លោក Helvey ការធ្វើ​បែបនេះ​នឹង​ផ្តល់​សញ្ញា​ឲ្យ​ចិន​ថា ការ​វាយយក​តៃវ៉ាន់ នឹងរង​ការខាតបង់​ច្រើន​។​
 
​ដើម្បី​ការពារ​ខ្លួន លោក Helvey ក៏​ផ្ដល់​ដំបូន្មាន​ឲ្យ​តៃវ៉ាន់​វិនិយោគ​លើ​មី​ស៊ី​ល​ប្រដេញ​ការពារ​ដែនសមុទ្រ​ឲ្យ​បាន​ច្រើន និង​ពង្រឹង​បច្ចេកវិទ្យា​ការពារ​ឆ្នេរ​ដូចជា​មីន ការការពារ​ដែនអាកាស​រយៈ​ចំងាយ​ខ្លី យន្តហោះ​ប្រតិកម្ម​រហ័ស កាំភ្លើង​ធំ និង​ការ​ស៊ើបការណ៍​ផងដែរ​។ លើសពីនោះ តៃវ៉ាន់​ចាំបាច់​ណាស់​ត្រូវតែ​បង្ហាញ​ទៅ​ចិន និង​ពលរដ្ឋ​របស់ខ្លួន​ថា បើទោះបីជា​ប្រទេស​តូច និង​មាន​កងទ័ព​តិចក្តី តែ​តៃវ៉ាន់​អាច​គ្រប់គ្រង​សកម្មភាព និង​គាំទ្រ​ការការពារ​ជាតិ​បាន​៕
 
 

Tag:
 អាមេរិក​
 ​ចិន​
 ​តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com