អាមេរិក ព្រមាន​ចិន​ជាថ្មី​រឿង​ចង់វាយ​តៃវ៉ាន់​
អន្តរជាតិ
អាមេរិក ព្រមាន​ចិន​ជាថ្មី​រឿង​ចង់វាយ​តៃវ៉ាន់​
08, Oct 2020 , 11:29 am        
រូបភាព
លោក Robert O
លោក Robert O'Brien ទឹប្រឹក្សាសន្តិសុខជាតិអាមេរិក។ រូបភាព៖ Reuters
​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក Robert O'Brien បានចេញ​សារ​ព្រមាន​ចិន​ជុំវិញ​ការប៉ុនប៉ង​ណាមួយ​ក្នុងការ​វាយប្រហារ​លើ​ចិន​។ បើតាម O'Brien ការវាយប្រហារ​តៃវ៉ាន់ មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​កងទ័ព​ចិន​ឡើយ ពិសេស​ការ​ឡើងគោក​តែម្ដង ហើយ​អាមេរិក ក៏មាន​ផ្លូវ​ច្រើន​ក្នុងការ​អន្តរា​គម​ជួយ​តៃវ៉ាន់​ពី​ការវាយប្រហារ​របស់​ចិន​។ ការព្រមាន​របស់​អាមេរិក​បែបនេះ ធ្វើឡើង​ស្របពេល​ចិន កំពុង​គំរាម​តៃវ៉ាន់​តាមរយៈ​សកម្មភាព​យោធា​របស់ខ្លួន​។


​លោក Robert O'Brien ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក នៅ​ថ្ងៃទី​៧ ខែតុលា បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ​នៅ​សកល​វិទ្យាល័យ Nevada ក្នុង​ទីក្រុង Las Vegas​។ នៅក្នុង​កម្មវិធី​នេះ ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក បានលើកឡើង​ពី​បញ្ហា​ជុំវិញ​ការវាយប្រហារ​របស់​ចិន​លើ​តៃវ៉ាន់ និង​ការឆ្លើយតប​របស់​អាមេរិក​លើ​ការវាយប្រហារ​របស់​ចិន​។ 
 
​ទាក់ទិន​នឹង​ការវាយប្រហារ​របស់​ចិន​ដែល​លោក​ប្រដូច​ទៅកាន់​ការព្យាយាម​របស់​អាល្លឺម៉ង់​ដើម្បី​វាយ​អង់គ្លេស លោក O’Brien បាន​ប្រាប់​ចិន​ថា ការវាយប្រហារ​យោធា​ទ្រង់ទ្រាយ​ធំ​របស់​ចិន លើ​តៃវ៉ាន់ មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។ លោក​បាន​លើកយក​ហេតុផល​ចម្ងាយ​១៦០​គីឡូម៉ែត្រ​រវាង​ដីគោក​ចិន និង​កោះ​តៃវ៉ាន់ និង​កង្វះ​ឆ្នេរ​របស់​តៃវ៉ាន់​ដើម្បី​ដាក់​ទ័ព​របស់​ចិន​ផង​នោះ​។ នេះ​បើតាម​ការផ្សាយ​របស់់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។ 
 
​ក្រៅពី​កត្តា​ខាងលើ មន្ត្រី​អាមេរិក ក៏បាន​ព្រមាន​ចិន​ពី​អន្តរាគមន៍​របស់​អាមេរិក​ដែរ​។ នៅពេល​ត្រូវ​ចោទ​សួរថា តើ​អាមេរិក​នឹង​ឆ្លើយតប​បែបណា នៅពេល​ចិន​វាយប្រហារ​តៃវ៉ាន់ លោក O’Brien ឆ្លើយថា​៖ «​វា​មិនមាន​ជា​កិច្ចការ​ងាយស្រួល​ទេ ហើយ​វា​មាន​វិធីសាស្ត្រ​មិន​ច្បាស់លាស់​ជាច្រើន​ដែល​អាមេរិក​នឹងធ្វើ​ដើម្បី​ឆ្លើយតប​ការវាយប្រហារ​របស់​ចិន​លើ​តៃវ៉ាន់​»​។ 
 
​បន្ថែម​ពី​នោះ លោក O'Brien បាន​ទទូច​ឲ្យ​តៃវ៉ាន់​ទិញ​អាវុធ និង​បន្ថែម​ថវិកា​យោធា​របស់ខ្លួន ដើម្បី​ការពារ​ខ្លួន​ពី​ការវាយប្រហារ​របស់​ចិន​។ ក្នុងន័យនេះ មន្ត្រីជាន់ខ្ពស់​អាមេរិក ចង់​ឲ្យ​តៃវ៉ាន់​ត្រូវ​កែប្រែ​ខ្លួន​ទៅជា​សត្វ​កាំ​មា ព្រោះ​សត្វ​តោ មិន​ចូលចិត្ត​ស៊ី​សត្វ​កាំប្រមា​ឡើយ​។​
 
​មន្ត្រីជាន់ខ្ពស់​អាមេរិក ក៏​ឆ្លៀត​វាយតម្លៃ​ពី​សមត្ថភាព​កងទ័ពជើងទឹក​របស់​ចិន​ផងដែរ​។ បើតាម​លោក O’Brien ចិន​បាន​ពង្រឹងសមត្ថភាព​ក​ង​ទ័ពជើងទឹក​របស់​ខ្លួន ដែល​មិន​ធ្លាប់​បានឃើញ​តាំងពី​អាល្លឺម៉ង់​ប៉ុនប៉ង​ប្រកួតប្រជែង​ជាមួយ​កងទ័ពជើងទឹក​អង់គ្លេស រហូតដល់​សង្គ្រាមលោក​លើក​ទី​១​។ ការពង្រឹង​សមត្ថភាព​របស់​កងទ័ពជើងទឹក​ចិន​បែបនេះ ត្រូវបាន​លោក O’Brien យល់ថា ចិន​ចង់​រុញ​អាមេរិក ឲ្យ​ចេញពី​តំបន់​ប៉ា​ស៊ី​ហ្វី​ក​ខាងលិច​ដើម្បី​ប្រើប្រាស់​កម្លាំងយោធា​ទ្រង់ទ្រាយ​ធំ​លើ​តៃវ៉ាន់​។ 
 
​សូមបញ្ជាក់ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ ចិន បាន​បង្កើន​សកម្មភាព​យោធា​យ៉ាងខ្លាំង​លើ​តៃវ៉ាន់ ជាពិសេស គឺ​ការបញ្ជា​ឲ្យ​យន្តហោះ​ចម្បាំង​ឆ្លង​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ហោះចូល​ដែនអាកាស​តៃវ៉ាន់​ជាដើម​៕ 

Tag:
 ចិន​
  អាមេរិក​
  តៃវ៉ាន់
© រក្សាសិទ្ធិដោយ thmeythmey.com