ជាតិ
លោក ឡេង ស៊ីវុទ្ធី យកបទពិសោធន៍ការងារ៧ឆ្នាំនៅកូរ៉េ មកពង្រីករបរចិញ្ចឹមមាន់នៅស្រុកសំរោងទង
× លោក ឡេង ស៊ីវុទ្ធី ជាអតីតពលករកូរ៉េ ដែលបានធ្វើការផ្នែកកសិកម្មអស់រយៈពេល៧ឆ្នាំឯណោះ។ ក្រោមមាតុភូមិនិវត្តន៍អតីតពលកររូបនេះ ក៏ចាប់យកការចិញ្ចឹមមាន់ ជារបរតែម្តង ព្រោះខ្លួនធ្លាប់អនុវត្តការងារនេះយូរឆ្នាំមកហើយនោះ។ លោក ឡេង ស៊ីវុទ្ធី ប្រាប់សារព័ត៌មានThmeyThmey25 ក្នុងមួយខែលោក អាចមានចំណូលពី ២ពាន់ដុល្លារ ទៅ ២ ៥០០ដុល្លារ ប៉ុន្តែលោកមិនបានបញ្ជាក់ប្រាក់ដែលចំណេញនោះទេ។
ជាអតីតពលករក្នុងវិស័យកសិកម្ម និងដែលផ្តោតលើការចិញ្ចឹមមាន់រយៈពេល៧ឆ្នាំ លោក ឡេង ស៊ីវុទ្ធី បានយកបទពិសោធន៍ចិញ្ចឹមមាន់ដែលខ្លួនបានពីកូរ៉េ មកប្រកបជាអាជីវកម្មផ្ទាល់ខ្លួន។ ក្រោយត្រឡប់ពីសាធារណរដ្ឋកូរ៉េវិញ ពោលគឺនៅដើមឆ្នាំ ២០១៧ លោក ស៊ីវុទ្ធី ដែលមានទីលំនៅនៅភូមិសុភី ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានចំណាយដើមទុនប្រមាណ ៣ ពាន់ដុល្លារ ចាប់ផ្ដើមការចិញ្ចឹមមាន់ ដោយផ្តើមពីមាន់មេចំនួន ១០០ក្បាល។
បុរសវ័យ ៤០ឆ្នាំរូបនេះ ប្រាប់ThmeyThmey25ថា ទោះបីលោកមានបទពិសោធន៍ជាអ្នកចិញ្ចឹមមាន់នៅកូរ៉េក្ដី តែក្រោយលោកត្រលប់មកវិញ លោកនៅតែស្វែងយល់បន្ថែម ពីមិត្តភិក្តលោក និងអ្នកចិញ្ចឹមមាន់មុនៗ ក៏ដូចជាអ្នកជំនាញផ្នែកកសិកម្មផងដែរ។ លោកថា ការបង្កើតអាជីវកម្មនេះ ក៏មានការគាំទ្រពីមន្ទីរកសិកម្ម និងផ្នែកសុខភាពសត្វ ខេត្តកំពង់ស្ពឺផងដែរ។ លោក ឡេង ស៊ីវុទ្ធី រៀបរាប់ដូច្នេះ៖«ខ្ញុំមានបំណង យកបទពិសោធន៍ចិញ្ចឹមមាន់ ដែលមាននៅកូរ៉េ មកបង្កើតមុខរបរខ្លួនឯង។ ដូច្នេះខ្ញុំបានខំប្រឹងធ្វើការ និងស្វែងយល់ពីបច្ចេកទេសចិញ្ចឹមមាន់នេះណាស់។ ហើយមុនចប់ការងារនៅកូរ៉េ ២-៣ខែ ខ្ញុំប្រាប់ឲ្យគ្រួសារខ្ញុំ រៀបចំកសិដ្ឋានជាស្រេច»។
លោក ស៊ីវុទ្ធី បានបញ្ជាក់ថា ទោះបីកូរ៉េជាប្រទេសជឿនលឿន តែបច្ចេកទេសក្នុងការចិញ្ចឹមមាន់មិនមានលក្ខណៈខុសគ្នាប៉ុន្មាននោះទេ ពីការចិញ្ចឹមនៅក្នុងស្រុក។ លោកថា៖«តាមពិតទៅការចិញ្ចឹមមាន់នៅខ្មែរ និងនៅកូរ៉េមិនសូវខុសគ្នានោះទេ គ្រាន់ប្រទេសគេជឿនលឿនជាង អីចឹងគេចិញ្ចឹមក្នុងកសិដ្ឋានធំៗ បច្ចេកទេសខ្លាំងជាង និងគួបផ្សំនឹងអាកាសធាតុ»។
បច្ចុប្បន្ន លោក ស៊ីវុទ្ធី បាននាំចេញមាន់សាច់របស់ខ្លួន ទៅកាន់បណ្តាផ្សារនានាទូទាំងប្រទេស ដោយ មាន់មួយគីឡូក្រាមអាចលក់តម្លៃ ១៨ ០០០រៀលទៅ ១៩ ០០០រៀល។ រីឯកូនមាន់វិញអាចលក់ក្នុងតម្លៃ ៤ ៥០០រៀល ក្នុងមួយក្បាល។ ក្នុងមួយខែលោក អាចមានចំណូលពី ២ពាន់ដុល្លារ ទៅ ២ ៥០០ដុល្លារ ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ពីប្រាក់ចំណេញនោះទេ។
ដោយមើលឃើញថា ទីផ្សារមាន់ មានស្ថិរភាពដូច្នេះ កសិករវ័យ៤០ឆ្នាំរូបនេះក៏បង្ហើបគម្រោងពង្រីកកសិដ្ឋានរបស់ខ្លួនផងដែរ។ ក្រៅពីនេះ អតីតពលកររូបនេះបានចងក្រងជាសៀវភៅនូវបច្ចេកទេស ក្នុងការចិញ្ចឹមមាន់ ដើម្បីផ្សព្វផ្សាយដល់កសិករផ្សេងដែរ ដែលជាការចូលរួមចែករំលែកមួយរបស់ខ្លួនទៅកាន់សហគមន៍៕
Tag:
ចិញ្ចឹមមាន់ ឡេង ស៊ីវុទ្ធី
ចិញ្ចឹមសត្វ
កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com