អន្តរជាតិ
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានពានណូបែលសន្តិភាពឆ្នាំ​២០២០
09, Oct 2020 , 4:04 pm        
រូបភាព
ដោយ:
កម្មវិធីស្បៀងអាហារពិភពលោក (WFP) បានពានណូបែលសន្តិភាពឆ្នាំ​២០២០។ នេះបើតាមការប្រកាសលទ្ធផលពីក្រុងអូស្លូ ប្រទេសន័រវេស នាថ្ងៃនេះ។



ពានរង្វាន់​ណូបែល​សន្តិភាព​លើក​ទី​១០១​នេះ ត្រូវបាន​ប្រគល់​ឲ្យ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក «​សម្រាប់​កិច្ចប្រឹងប្រែង​ខ្លួន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ភាពអត់ឃ្លាន សម្រាប់​ការរួមចំណែក​ក្នុង​ការធ្វើ​ស្ថានការណ៍​កាន់តែ​ល្អប្រសើរ​ដើម្បី​សន្តិភាព​ក្នុង​តំបន់​រងគ្រោះ​ដោយសារ​ជម្លោះ និង​សម្រាប់​ការធ្វើជា កម្លាំង​ជំរុញ​ក្នុង​កិច្ចប្រឹងប្រែង​បង្ការ​ការប្រើប្រាស់​ភាពអត់ឃ្លាន​ជា​អាវុធ​នៃ​សង្គ្រាម​និង​ជម្លោះ​»​។

គំនិត​ផ្ដួចផ្ដើម​របស់ UN នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៦១ ហើយ​បច្ចុប្បន្ន​ផ្ដល់​ស្បៀងអាហារ​ដល់​មនុស្ស​៩០​លាន​នាក់​រៀងរាល់ឆ្នាំ​។​

ប្រធាន​គណៈកម្មាធិការ​ណូបែល​ន័​រ​វែ​ស អ្នកស្រី Berit Reiss-Andersen កត់សម្គាល់​ពី​ផលប៉ះពាល់​នៃ​ជំងឺ​រាតត្បាត​សកល​កូ​វីដ​-១៩​លើ​ការផ្គត់ផ្គង់​ស្បៀងអាហារ​សកល​។ ក្នុង​ពី​ធី​ប្រកាស​លទ្ធផល​នេះ អ្នកស្រី​សង្កត់ធ្ងន់ថា​៖«​ស្បៀងអាហារ​គឺជា​ថ្នាំ​វ៉ាក់សាំង​ដ៏​ល្អ​បំផុត​ប្រឆាំងនឹង​ភាពចលាចល​»​។​

​បេក្ខជន​ពានរង្វាន់​ណូបែល​សន្តិភាព​សម្រាប់​ឆ្នាំនេះ មាន​រហូតដល់ ៣១៨ នាក់​/​ស្ថាប័ន ដែលជា​តួលេខ​ច្រើន​លំដាប់​ទី​៤​ក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន ក្នុងនោះ បុគ្គល​មាន​២១១​នាក់ និង​អង្គការ​១០៧​ស្ថាប័ន​។ 
 
​ប្រាក់រង្វាន់​១,១​លាន​ដុល្លារ និង​មេដាយមាស​នឹងត្រូវ​ប្រគល់​ឲ្យ​អ្នកឈ្នះ​នៅ​កម្មវិធី​មួយ​ដែល​គ្រោង​រៀបចំឡើង​នា​ថ្ងៃទី ១០ ខែធ្នូ ក្នុង​ទីក្រុង អូ​ស្លូ នៃ​ប្រទេស​ន័​រ​វែ​ស ហើយ​ថ្ងៃនេះ​គឺ​ខួប​មរណភាព​របស់លោក អាល់​ហ្វ្រែត ណូបែល (Alfred Nobel) ដែលដាក់ជាឈ្មោះ​ពានរង្វាន់​នេះ​។ 
 
​នៅមុន​ការប្រកាស បេក្ខជន​ឈានមុខ​ដែល​គេ​រំពឹងថា​ឈ្នះ​ពានរង្វាន់​សន្តិភាព​ឆ្នាំ​២០២០​នេះ មានដូចជា អង្គារ​សុខភាព​ពិភពលោក យុវតី​១៧​ឆ្នាំ Greta Thunberg ដែលជា​សកម្មជន​បរិ​ស្ថាន​ជនជាតិ​ស៊ុយអែត​, អ្នកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់ លោក Alexei Navalny មេដឹកនាំ​ប្រឆាំង​រុស្ស៊ី និង​អ្នកស្រី Loujain al-Hathloul សកម្មជន​ទាមទារ​សិទ្ធិ​ស្ត្រី​ជនជាតិ​អា​រ៉ា​ប៊ី​សា​អូឌីត និង​អង្គការ​មួយចំនួនទៀត​ផងដែរ រួមមាន អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន និង​គណៈកម្មាធិការ​ការពា​រ​អ្នកកាសែតជាដើម​។​
 
​កាលពី​ឆ្នាំមុន នាយករដ្ឋមន្ត្រី​អេ​ត្យូ​ពី លោក Abiy Ahmed Ali ត្រូវ​បានប្រគល់​ពានរង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​២០១៩ សម្រាប់​ការផ្ដួចផ្ដើម​ដោះស្រាយ​ជម្លោះព្រំដែន​ជាមួយ​ប្រទេសជិតខាង អេ​រី​ត្រេ ។ ដូច​រាល់​ឆ្នាំ​ដែរ ការប្រកាស​ជ័យលាភី​ឆ្នាំ​២០១៩ ក៏​រង​ការរិះគន់​ផងដែរ ដោយ​អះអាង​នាយករដ្ឋមន្ត្រី​នៅ​តំបន់​អាហ្វ្រិក​រូបនេះ​មិន​សក្ដិសម​ឡើយ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com