ជាតិ
សង្គមជាតិ
លោក សាំង គឹម​ឡេង បង្រៀន​ភាសា​អង់គ្លេស​ដល់​ក្មេងៗ​មិន​គិត​ប្រាក់ តែ​យក​សំរាម​ប្លា​ស្ទិ​កមួយ​គីឡូ​កន្លះ ក្នុង​មួយខែ​
09, Oct 2020 , 11:29 pm        
រូបភាព
ភ្នំពេញ​៖ លោក សាំង គឹម​ឡេង ជា​មគ្គុទេសក៍​ថតរូប​នៅ​តំបន់​អង្គរ ខេត្តសៀមរាប​។ អំឡុងពេល​នៃ​វិបត្តិ​កូ​វីដ​-១៩ លោក​បានសម្រេច​ផ្អាក​ការងារ​ទេសចរណ៍​រប​ស់​ខ្លួន ហើយ​ងាក​មក​បង្រៀន​ភាសា​អង់គ្លេស​ដល់​ក្មេងៗ​ជិត​៤០​នាក់ ដោយ​យក​សំរាម​ប្លា​ស្ទិ​ក​ពី​សិស្ស​ម្នាក់​១​គីឡូ​កន្លះ​ក្នុង​មួយខែ​ជា​ថ្លៃ​បង្រៀន​។



​ក្មេងៗ​មកពី​ភូមិ​ចំនួន​៣ ភូមិ​សណ្ដាន ភូមិ​ប្រី​យ និង​ភូមិ​ទឹកថ្លា ក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បានមក​រៀន​ភាសា​អង់គ្លេស​ជាមួយ​លោក គឹម​ឡេង រយៈពេល​៧​ខែ​ហើយ ដោយ​លោក​បែងចែក​ការបង្រៀន​ជា​២​វេន ព្រឹក​១​ម៉ោង និង​រសៀល​១​ម៉ោង​។ 


 
​សំរាម​ប្លា​ស្ទិ​ក​ដូចជា ថង់ ដប​ជ័រ កំប៉ុង ដាក់បញ្ចូល​គ្នា​បាន​១​គីឡូ​កន្លះ ជា​ថ្លៃបង់​ការសិក្សា​សម្រាប់​សិស្ស​ម្នាក់ រយៈពេល​១​ខែ​។ ក្រៅពី​ទទួល​សំរាម​ពី​សិស្ស​ដែល​មក​សិក្សា​ហើយ​នោះ លោក គឹម​ឡេង ក៏មាន​យុទ្ធនាការ​រើស​សំរាម​មួយថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​ជាមួយ​សិស្ស​ដែល​មិនបាន​បង់ថ្លៃ​សិក្សា​ផងដែរ​។ 
 
​លោក សាំង គឹម​ឡេង រៀបរាប់​ពី​ផល​ពិបាក​របស់ខ្លួន​ជាមួយនឹង​ការបង្រៀន​ក្មេងៗ​ប្រាប់ ThmeyThmey25 តាម​ទូរ​សព្ទ​ដូច្នេះ​ថា​៖«​ហ្នឹងហើយ​! និយាយ​រួម​ពិបាក​ត្រង់​ថា​វា​ក្មេងៗ អត់​សូវ​យកចិត្តទុកដាក់ បើ​យើង​ព្យាយាម​ប្រាប់​វា​(​សិស្ស​) ឲ្យ​ខំ​ប្រឹងរៀន​! ហ្នឹង​អនាគត​វា​! ។ ហើយ​រៀន យើង​មានបាន​យកលុយ​អី យើង​ឲ្យ​ពួកគេ​រើស​ថង់​ប្លា​ស្ទិ​ក​ឲ្យ ម្នាក់​មួយខែ ១​គីឡូ​កន្លះ​។ ជួនកាល យើង​នាំ​វា​ដើរ​រើស ណា​ដើរ​រើស​ជាមួយ​ខ្ញុំ ចេះ​ទៅ​អាហ្នឹង​អត់​ឲ្យ​ដើរ​រើស ១​គីឡូ​កន្លះ​ទេ អ៊ីចឹង​»​។ 
 
​លោក បន្តថា មួយ​សប្តាហ៍​លោក បង្រៀន​ក្មេងៗ​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ ចាប់ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ ហើយ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ លោក នាំ​ក្មេងៗ​ដើរ​រើស​សំរាម​តាម​ភូមិ រយៈពេល​កន្លះ​ម៉ោង ឬ​១​ម៉ោង​។​


 
​បច្ចុប្បន្ន ក្មេងៗ​មក​រៀន​ទាំង​២​វេន លោក គឹម​ឡេង មិនបាន​បង្រៀន​ដោយផ្ទាល់​ទេ ព្រោះ​មាន​គ្រូ​បរទេស​ស្ម​គ្រ​ចិត្ត​បង្រៀន តាមរយៈ​ប្រព័ន្ធ​អន​ឡាញ ហើយ​លោក​គ្រាន់តែ​ជួយ​សម្រួល និង​ពន្យល់​បន្ថែម ដល់​ក្មេងៗ​ប៉ុណ្ណោះ ដែល​វា​ផ្ទុយ​ពី​ពេល​លោក ចាប់ផ្ដើម​តែម្នាក់ឯង​ដំបូងៗ​។ 
 
​លោក សាំង គឹម​ឡេង បានលើកឡើង​ដូច្នេះ​ថា សំរាម​ប្លា​ស្ទិ​ក ថង់ កំប៉ុង ដែល​បាន​ប្រមូលយក​ពី​ក្មេងៗ និង​ដើរ​រើស​ប្រចាំ​សប្ដាហ៍ ក្នុង​រយៈពេល​៧​ខែ​មកនេះ មិនទាន់បាន​យកទៅ​កែច្នៃ​ប្រើប្រាស់​ឡើងវិញ​នៅឡើយ​ទេ លោក គ្រាន់តែ​យកទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម និង​មួយចំនួន​រក្សាទុក​ប៉ុណ្ណោះ​។ ប៉ុន្តែ មកដល់ពេលនេះ​លោក ក៏មាន​គំនិត​ដើម្បី​កែច្នៃ តែ​មិនបាន​បញ្ជាក់​នោះទេ​ថា នឹង​កែច្នៃ​អ្វី​។​
 
​ឆ្លៀតពេល​ពី​អាជីព​ជា​អ្នក​ថតរូប​តំបន់​អង្គរ មក​បង្រៀន​ក្មេងៗ លោក គឹម​ឡេង ស្រឡាញ់​អាជីព​ថ្មី​មួយ​នេះ ដោយ​ប្រាប់ ThmeyThmey25 ដូច្នេះ​ថា​៖«​ពេល​មាន​ភ្ញៀវ​មកវិញ ខ្ញុំ​ធ្វើ​ការងារ​ហ្នឹង ប៉ុន្តែ​ប្រហែល​អាច​រក​គេ​ជួយ​បង្រៀន​ទៀត​។ យើង​រក​គេ​ជួយ​បង្រៀន រក​ជួល​គ្រូ​ឲ្យ​គេ​បង្រៀន​បន្ត ឲ្យ​ក្មេង​ទៅ តែ​ខ្ញុំ​រក​ភ្ញៀវ​បានជា​ប់​(​រវល់​)​រាល់ថ្ងៃ​ដែរ​ហ្នឹង​។ អ៊ីចឹង ថ្ងៃ​ណា​ទំនេរ យើង​ចូល​ជួយ​បង្រៀន​ទៅ​»​។​


 
​លោក សាំង គឹម​ឡេង ចង់​ឲ្យ​ក្មេងៗ​យល់ដឹង​ពី​បរិស្ថាន ពិសេស​បញ្ហា​ប្រឈម​នៃ​បរិ​សា្ថ​ន បណ្ដុះ​គំនិត​ក្មេងៗ ឲ្យ​ចេះ​បែងចែក​សំរាម និង​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក​ផងដែរ​។ លើសពីនោះ​ទៅទៀត លោក ក៏​ចង់​ឲ្យ​ក្មេងៗ​ក្នុងភូមិ ស្រុក​របស់ខ្លួន មានចំណេះដឹង​ភាសាបរទេស ដើម្បី​ងាយស្រួល​សម្រាប់​ពេលអនាគត​របស់​ពួកគេ​។ នេះ​ជាការ​យល់ឃើញ​របស់លោក សាំង គឹម​ឡេង អ្នក​ថតរូប​នៅ​តំបន់​អង្គរ​។ 
 
​ការ​ឲ្យ​ក្មេងៗ​រើស​សំរាម នៅតាម​ភូមិ​ក៏មាន​ការមិន​ពេញចិត្ត ពី​អាណាព្យាបាល​របស់​ក្មេង​ផងដែរ ព្រោះ​ពួកគាត់​យល់ថា​វា​កខ្វក់ និង​មាន​មេរោគ​។ ទោះបីជា​យ៉ាងនោះ​ក្ដី លោក គឹម​ឡេង មិនបាន​ខឹង ឬ​បន្ទោស ឳ​ពុក​ម្ដាយ​ក្មេងៗ​ឡើយ ព្រោះ​លោក​យល់ថា​ពួកគាត់​មិន​យល់​ពី​ផលប៉ះពាល់​ដល់​បរិស្ថាន ពី​ការ​បោះចោល​សំរាម​តាម​ទីសាធារណៈ​បែបនេះ​ទៅវិញ​ទេ​។​
​លោក បញ្ជាក់ថា ផ្ដើមចេញពី​សកម្មភាព​ក្មេងៗ​ទាំងអស់​នេះហើយ អាចជា​ឧទាហរណ៍​ល្អ ឲ្យ​ឳ​ពុក​ម្ដាយ​របស់​ពួកគេ យល់ដឹង​ខ្លះៗ ពី​បញ្ហា​បរិស្ថាន និង​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិ​ក បាន​មួយចំនួន​ផងដែរ​៕

Tag:
 អេកូ​ទេសចរណ៍​
  បរិស្ថាន​
  សំរាម​
  ប្លា​ស្ទិ​ក​
  សាំង គឹម​ឡេង​
  សៀមរាប​
  Thmeythmey25
© រក្សាសិទ្ធិដោយ thmeythmey.com