អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អាមេនី និងអាស៊ែបៃហ្សង់ព្រមជួបជជែកគ្នា ដោយមានរុស្ស៊ីជាអ្នកជ្រោមជ្រែង
09, Oct 2020 , 6:30 pm        
រូបភាព
ទាហានអាមេនី។ រូបភាព៖ AFP
ទាហានអាមេនី។ រូបភាព៖ AFP
ដោយ:
ការប្រយុទ្ធគ្នារវាងអាមេនី និងអាស៊ែបៃហ្សង់ចាប់តាំងពីថ្ងៃទី២៧ ខែតុលាបានវិវត្តមកដល់ដំណាក់កាលថ្មីមួយទៀតបន្ទាប់ពីភាគីជម្លោះទាំងពីរ យល់ព្រមតាមសំណើរបស់រុស្ស៊ីក្នុងការជួបជជែកគ្នានៅទីក្រុងមូស្គូ។ ជំនួបនេះធ្វើឡើងបន្ទាប់ពីតំណាងអាមេរិក រុស្ស៊ី និងរដ្ឋមន្ត្រីការបរទេសបារាំងជួបគ្នានៅទីក្រុងហ្សឺណែវ នៅថ្ងៃទី៨ ខែតុលា។



ទីភ្នាក់ងារព័ត៌មានរុស្ស៊ី RIA បានចុះស្រង់សំដីរដ្ឋមន្ត្រីរដ្ឋមន្ត្រីការបរទេសអាមេរិកថា ភាគីជម្លោះអាមេនី និងអាស៊ែបៃហ្សង់យល់ព្រមជួបពិភាក្សាគ្នា តាមសំណើរបស់រុស្ស៊ីនៅថ្ងៃទី៩ ខែតុលានេះ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បញ្ជាក់ថា អាមេនី និងអាស៊ែបៃហ្សង់យល់ព្រមលើជំនួបនៅទីក្រុងមូស្គូ ដោយការរៀបចំជំនួបនេះកំពុងធ្វើឡើង។

បើសិនជារដ្ឋមន្ត្រីប្រទេសទាំងពីរជួបជជែកគ្នាមែន នេះជាជំនួបដែលគេដឹងជាសាធារណៈលើកដំបូងចាប់តាំងពីការប្រយុទ្ធគ្នាផ្ទុះឡើងនៅថ្ងៃទី២៧ កញ្ញា។ នៅថ្ងៃទី៩ ខែតុលា នាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan  អះអាងថា អាមេនីត្រៀមខ្លួនរួចរាល់ក្នុងការបន្តកិច្ចស្វែងរកសន្តិភាព ស្របតាមសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី និងរដ្ឋមន្ត្រីការបរទេសក្រុមមីនស្កិ៍។

ក្នុងជំនួបរវាងបារាំង រុស្ស៊ី និងអាមេរិកនៅទីក្រុងហ្សឺណែវនៅថ្ងៃទី៨ ខែតុលា រដ្ឋមន្ត្រីការបរទេសអាស៊ែបៃហ្សង់ លោក Jeyhun Bayramov បានយល់ព្រមចូលរួមក្នុងជំនួបនេះដែរ។ ចំណែករដ្ឋមន្ត្រីការបរទេសអាមេនី លោកZohrab Mnatsakanyan ពុំបានចូលរួមជំនួបនេះទេ តែរំពឹងថា នឹងជួបជាមួយប្រទេសមហាអំណាចទាំង៣ នៅទីក្រុងមូស្គូ ក្នុងថ្ងៃទី១២ ខែតុលា។

មុននឹងប្រទេសទាំង២យល់ព្រមជួបគ្នា អង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព(CSTO) ដែលមានមានប្រទេសចំនួន៦ រួមមានរុស្ស៊ី និងអាមេនីផង បានគំរាមអាស៊ែបៃហ្សង់ថា ប្រទេសទាំង៦នឹងចូលលូកដៃក្នុងជម្លោះបើសិនជាអធិបតេយ្យភាពរបស់អាមេនីប្រឈមនឹងគ្រោះថ្នាក់។

ក្រោមច្បាប់អន្តរជាតិ តំបន់ Nagorno-Karabakh ជាទឹកដីរបស់អាស៊ែបៃហ្សង់ ប៉ុន្តែគ្រប់គ្រងដោយក្រុមឧទ្ទាមដែលផ្តាច់ខ្លួន។ ការវាយប្រយុទ្ធតាំងតែពីដើមមកគឺស្ថិតក្នុង និងជុំវិញតំបន់នេះ ប៉ុន្តែប្រទេសឯទៀតបារម្ភថា អាស៊ែបៃហ្សង់អាចវាយប្រហារចូលទឹកដីអាមេនី។

ចាប់តាំងតែពីការប៉ះទង្គិចគ្នាមក មនុស្សស្លាប់ទាំងសងខាងមានច្រើនជាង៤០០នាក់ នៅក្នុង និងជុំវិញតំបន់Nagorno-Karabakh។ គិតត្រឹមថ្ងៃទី៨ ខែតុលាភាគីទាំងសងខាងបានចេញមកបញ្ជាក់ពីចំនួនអ្នកស្លាប់ ដោយអាស៊ែបៃហ្សង់អះអាងថា ជនស៊ីវិល៣១នាក់ស្លាប់ និង១៥៤នាក់ទៀតរងរបួស ដោយមិនបង្ហាញពីចំនួនទាហានដែលស្លាប់ឡើយ។ ខាងអាមេនីវិញ នៅថ្ងៃទី៩ ខែតុលាបញ្ជាក់ថាមានទាហាន៣៧៦នាក់ស្លាប់ និងជនស៊ីវិល២២នាក់ស្លាប់។

បារាំង រុស្ស៊ី និងអាមេរិក ជាសហប្រធានក្រុមមីនស្កិ៍(Minks Co-Chair) នៃអង្គការដើម្បីសន្តិសុខ និង សហប្រតិបត្តិការនៅអឺរ៉ុប(OSCE) ធ្លាប់ដោះស្រាយនឹងរកបទឈប់បាញ់សម្រាប់ជម្លោះខាងលើនៅឆ្នាំ១៩៩៤។ ប្រទេសទាំង៣ នេះបានថ្កោលទោស និងទាមទារឲ្យភាគីជម្លោះទាំងពីរបញ្ឈប់ការប្រយុទ្ធគ្នា និងចចារដោយគ្មានលក្ខខណ្ឌ៕

អត្ថបទទាក់ទង

Tag:
 អាមេនី
  អាស៊ែបៃហ្សង់
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com