សង្គមអន្តរជាតិ​
អន្តរជាតិ
បារាំង រុស្ស៊ី និង​អាមេរិក ជួបគ្នា​រក​ផ្លូវ​បញ្ចប់​ការប្រយុទ្ធ​រវាង​អា​មេ​នី​និង​អា​ស៊ែ​បៃ​ហ្ស​ង់​
08, Oct 2020 , 8:29 pm        
រូបភាព
ជម្លោះក្នុងតំបន់Nagorno-Karabakh។ រូបភាព៖AFP
ជម្លោះក្នុងតំបន់Nagorno-Karabakh។ រូបភាព៖AFP
ដោយ:
​បារាំង រុស្ស៊ី និង​អាមេរិក កំពុង​ព្យាយាម​រក​ដំណោះស្រាយ​ដើម្បី​ការបញ្ចប់​ជម្លោះ​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ ដោយ​បារម្ភ​ខ្លាច​ការប្រយុទ្ធ​គ្នា​រវាង​កម្លាំង​ប្រទេស​ទាំងពី​ក្លាយជា​សង្គ្រាម​តំបន់​។ ប្រទេស​មហាអំណាច​ទាំង​៣​នេះ បាន​ជួប​ជជែក​គ្នា​ជាបន្ទាន់​នាទី​ក្រុង​ហ្សឺ​ណែវ​នៅ​ថ្ងៃទី​៨ ខែតុលា និង​បន្ត​ជំនួប​ជាថ្មី​នៅ​ទីក្រុង​មូ​ស្គូ​នៅ​ថ្ងៃទី​១២ ខែតុលា​។​


​រដ្ឋមន្ត្រីការបរទេស​បារាំង តំណាង​រុស្ស៊ី និង​អាមេរិក ដែលជា​សហប្រធាន​ក្រុម​មីន​ស្កិ៍ ដែល​ធ្លាប់​ដោះស្រាយ​ជម្លោះ​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​កាលពី​ជាង​៣០​ឆ្នាំមុន នឹង​ជួបគ្នា​នៅ​ទីក្រុង​មូ​ស្គូ នៅ​ថ្ងៃទី​១២ ខែតុលា ដើម្បី​ព្យាយាម​បញ្ចុះបញ្ចូល​ភាគី​សង្គ្រាម​ទាំងសងខាង​ឲ្យ​ច​ចារ​បទ​ឈប់​បាញ់​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​នៅ​ចំពោះមុខ​គណៈកម្មការ​កិច្ចការបរទេស​នៃ​រដ្ឋសភា រដ្ឋមន្ត្រី​ការ​បរ​ទេ​បារាំង លោក Jean-Yves Le Drian និយាយថា​៖«​យើង​ចង់​ឲ្យ​អ្នក​ទាំងអស់​យល់ថា វា​ជា​ប្រយោជន៍​សម្រាប់​អ្នក​ទាំងអស់គ្នា​ក្នុងការ​បញ្ឈប់​ការវាយប្រហារ​ដោយ​គ្មាន​លក្ខខណ្ឌ និង​ចាប់ផ្តើម​ការចរចា​»​។​
 
​ការប្រយុទ្ធ​គ្នា​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ នៅក្នុង​តំបន់​ជម្លោះ Nagorno-Karabakh ចាប់តាំងពី​ថ្ងៃទី​២៧ ខែកញ្ញា​មក បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​៣៦០​នាក់ រួមមាន​ទាហាន​៣២០​នាក់ ជន​ស៊ីវិល​១៩​នាក់​។ បន្ថែម​ពីនេះ ជន​ស៊ីវិល​អា​ស៊ែ​បៃ​ហ្ស​ង់​២៨​នាក់ ក៏​បាត់​បង់ជីវិត​ផងដែរ​ក្នុងការ​វាយប្រហារ​ដោយ​ក្រុម​ឧទ្ទាម​។ ការប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ទាំង​២ ក៏​កាន់តែ​រីក​ធំ​ទៅ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ដោយមាន​ការបាញ់​ផ្លោងចូល​ក្នុង​ទឹកដី​ដែល​មិន​ស្ថិតក្នុង​តំបន់​ជម្លោះ​។​

 
​រដ្ឋមន្ត្រីការបរទេស​បារាំង ពុំបាន​បញ្ជាក់​ឲ្យ​ច្បាស់​ទេ​ថា តំណាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ នឹងចូលរួម​ជំនួប​ដែល​ប្រទេស​ទាំង​៣​បានរៀបចំ​ឡើយ​។ ប៉ុន្តែ​អា​ស៊ែ​បៃ​ហ្ស​ង់ អះអាងថា រដ្ឋមន្ត្រីការបរទេស​របស់ខ្លួន​នឹងធ្វើ​ដំណើរ​ទៅ​ហ្សឺ​ណែវ នៅ​ថ្ងៃទី​៨ ខែតុលា​។ ចំពោះ​ជំនួប​នៅ​ថ្ងៃទី​១២ ខែតុលា​វិញ អា​មេ​នី​ក៏​អះអាង​ដែរ​ថា រដ្ឋមន្ត្រី​របស់ខ្លួន​នឹង​ទៅ​មូ​ស្គូ ប៉ុន្តែ​បញ្ជាក់ថា នឹងមិន​ជួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​អា​ស៊ែ​បៃ​ហ្ស​ង់​ឡើយ​។​
 
​ចំពោះ​ការចង់​ជ្រោមជ្រែង រក​បទ​ឈប់​បាញ់​រវាង​ភាគី​ជម្លោះ​ទាំង​២ ដោយ​បារាំង រុស្ស៊ី និង​អាមេរិក​នេះ តួ​ក​គី​ដែលជា​សម្ព័ន្ធមិត្ត​របស់​អា​ស៊ែ​បៃ​ហ្ស​ង់ បាន​ចេញមក​ប្រតិកម្ម ដោយ​ចោទ​ប្រទេស​ទាំ​ាំ​ង​៣​មិន​ខ្វល់​នឹង​ជម្លោះ​តាំងតែ​ពី​ដើម ដូច្នេះ​មិនគួរ​ពាក់ព័ន្ធ​ចូលរួម​រក​ដំណោះស្រាយ​ឡើយ​។ ប៉ុន្តែ​ប្រមុខ​ការ​ទុ​ត​បារាំង ប្រតិកម្ម​តប​វិញ​ថា ការណ៍​ដែល​តួ​ក​គី​ចូល​ពាក់ព័ន្ធ​ដោយ​យោធា​ក្នុង​ជម្លោះ នឹងធ្វើ​ឲ្យ​ការប្រយុទ្ធ​នេះ​ទៅជា​ជម្លោះ​អន្តរជាតិ​។​
 
​ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ បាន​អះអាងថា ប្រទេស​លោក​នឹង​ចូល​តុ​ចរចា​ជាមួយ​អា​មេ​នី លុះត្រាតែ​យុទ្ធនាការ​យោធា​ទ្រង់ទ្រាយ​ធំ​បានបញ្ចប់ និង​ចង់​ឲ្យ​តួ​ក​គី​ចូលរួម​ក្នុងការ​ពិភាក្សា​ដែរ​។ អា​ស៊ែ​បៃ​ហ្ស​ង់ ក៏​ទាមទារ​ឲ្យ​អា​មេ​នី​ដកទ័ព​ចេញពី​តំបន់ Nagorno-Karabakh និង​តំបន់​ឯទៀត​ក្នុង​ទឹកដី​ខ្លួន​។ ចំណែកឯ​លក្ខខណ្ឌ​សម្រាប់​ការចរចា​បទ​ឈប់​បាញ់​អា​មេ​នី ប្រទេស​នេះ​ទាមទារ​ឲ្យ​តួ​ក​គី​ដែលជា​សម្ព័ន្ធមិត្ត​អា​ស៊ែ​បៃ​ហ្ស​ង់​ដកខ្លួន​ពី​ជម្លោះ ក៏ដូចជា​ដក​ទាហាន​ស៊ីឈ្នួល និង​ភេរវជន​ចេញ​។​
 
​ក្រោម​ច្បាប់​អន្តរជាតិ តំបន់​Nagorno-Karabakh ជា​ទឹកដី​របស់​អា​ស៊ែ​បៃ​ហ្ស​ង់ ប៉ុន្តែ​គ្រប់គ្រង​ដោយ​ឪ​ក្រុម​ឧទ្ទាម​ដែល​ផ្តាច់ខ្លួន​។ ទោះ​ស្ថិតក្នុង​ដៃ​អា​ស៊ែ​បៃ​ហ្ស​ង់​ក្ដី តំបន់​នេះ​មាន​ជនជាតិ​អា​មេ​នី​ភាគច្រើន​ភាគ​រស់នៅ​៕
 
 
 

Tag:
 បារាំង​
 ​រុស្ស៊ី​
 ​អាមេរិក​
 ​អា​មេ​នី​
 ​អា​ស៊ែ​បៃ​ហ្ស​ង់​
 ​តួ​ក​គី
© រក្សាសិទ្ធិដោយ thmeythmey.com