អន្តរជាតិ
អា​ស៊ែ​បៃ​ហ្ស​ង់ ដាក់​លក្ខខណ្ឌ​ឲ្យ​អា​មេ​នី​ដកទ័ព ទើប​ពិភាក្សា​លើ​បទ​ឈប់​បាញ់​
05, Oct 2020 , 4:10 pm        
រូបភាព
ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev ។ រូបភាព៖ AFP
ប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev ។ រូបភាព៖ AFP
ដោយ:
​ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ នៅ​ថ្ងៃទី​៤ ខែតុលា អះអាងថា រដ្ឋាភិបាល​លោក នឹងមិន​យល់ព្រម​ទៅនឹង​បទ​ឈប់​បាញ់​ដែល​ស្នើ​ដោយ​អា​មេ​នី​ឡើយ បើសិនជា​អា​មេ​នី​មិន​ចេញ​ផែនការ​ឲ្យ​ច្បាស់លាស់​ក្នុងការ​ដកទ័ព​ចេញពី​ក្នុង​តំបន់ Nagorno-Karabakh និង​តំបន់​ជុំវិញ​នោះ​ដែល​ស្ថិតក្នុង​ទឹកដី​អា​ស៊ែ​បៃ​ហ្ស​ង់​។​

 
​ការប្រយុទ្ធ​គ្នា​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​បាន​វិ​វត្ត​ដល់​ដំណាក់កាល​ថ្មី​មួយទៀត នៅ​ថ្ងៃទី​២ ខែតុលា​បន្ទាប់ពី​អា​មេ​នី​អះអាង​ត្រៀមខ្លួន​ក្នុងការ​ពិភាក្សា​លើ​បទ​ឈប់​បាញ់​ជាមួយ​អា​ស៊ែ​បៃ​ហ្ស​ង់ ក្រោម​ការ​ជ្រោមជ្រែង​របស់​សហប្រធាន​ក្រុម​មីន​ស្កិ៍​(Minsk Group Co-chair) នៃ​អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​អឺរ៉ុប​(OSCE)​។​
 
​ប៉ុន្តែ​បំណង​ក្នុងការ​ពិភាក្សា​លើ​បទ​ឈប់​បាញ់​នេះ ត្រូវបាន​អា​ស៊ែ​បៃ​ហ្ស​ង់​ដាក់​លក្ខខណ្ឌ​ថា  អាចធ្វើ​ទៅបាន ដរាបណា​អា​មេ​នី​ចេញ​ផែនការ​ច្បាស់លាស់​ក្នុងការ​ដកទ័ព​ចេញពី​តំបន់ Nagorno-Karabakh ដែល​ស្ថិតក្នុង​ដី​របស់ខ្លួន​។​
 
​ថ្លែង​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍ ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ លោក​Ilham Aliyev សង្កត់ធ្ងន់ថា​៖«​លក្ខខណ្ឌ​នោះ​គឺ ការដក​ទ័ព​របស់​អា​មេ​នី ហើយ​ការប្រឈមមុខ​ដាក់គ្នា​នឹងត្រូវ​បញ្ចប់ ប៉ុន្តែ​ការដក​ទ័ព​មិនមែន​ត្រឹមតែ​ជាស​ម្តី​សន្យា​ទេ តែ​ជា​សកម្មភាព​»​។ ប្រមុខរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​បញ្ជាក់ថា ប្រទេស​លោក​មានបំណង​រំដោះទឹកដី Nagorno-Karabakh  ដែល​បច្ចុប្បន្ន​ត្រូវបាន​គ្រប់គ្រង​ដោយ​ក្រុម​ផ្ដាច់ខ្លួន​ដែលជា​ជន​ដើម​ភាគតិច​អា​មេ​នី​។​
 
​លោក​បន្ថែមថា ក្នុង​រយៈពេល​ជិត​៣០​ឆ្នាំ​ចុងក្រោយ សហគមន៍​អន្តរជាតិ​មិនអាច​អនុវត្ត​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ឬ​ដាក់​សម្ពាធ​លើ​អា​មេ​នី​ឲ្យ​ប្រគល់​ទឹកដី​នេះ​មក​អា​ស៊ែ​បៃ​ហ្ស​ង់​វិញ​។ អត្ថន័យ នៃ​សុន្ទរកថា​របស់​ប្រមុខរដ្ឋ​អា​ស៊ែ​បៃ​ហ្ស​ង់​បង្ហាញ​ច្បាស់​ណាស់​ថា ការប្រយុទ្ធ​គ្នា​នេះ​មិនទាន់​អាចមាន​បទ​ឈប់​បាញ់​បន្ទាន់​មួយ​ដូច​អ្វីដែល​អឺរ៉ុប និង​សហប្រធាន​ក្រុម​មីន​ស្កិ៍ ដែលមាន​បារាំង រុស្ស៊ី និង​អាមេរិក ទាមទារ​ឡើយ​។​
 
​តប​ទៅនឹង​ការ​ថ្លែង​របស់​ប្រធានាធិបតី​អា​ស៊ែ​បៃ​ហ្ស​ង់ មន្ត្រី​ក្រសួងការពារជាតិ​អា​មេ​នី និង​ជា​អ្នកជំនាញ​យោធា លោក Artsrun Hovhannisyan គិតថា ពុំមាន​គ្រោះថ្នាក់​អ្វី​សម្រាប់​អា​មេ​នី​ឡើយ ប៉ុន្តែ​លោក​ឆ្លៀត​រំឭកថា ប្រទេស​ទាំង​២​កំពុង​ធ្វើសង្គ្រាម​ជាមួយគ្នា​។ នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ការប្រយុទ្ធ​គ្នា​ចាប់តាំងពី​ថ្ងៃ​២៨ ខែកញ្ញា​មក នាំ​ឲ្យ​គេ​បារម្ភ​ចំពោះ​ស្ថិរភាព​ក្នុង​តំបន់​កូ​កាស ដែលមាន​បំពង់​ប្រេង​និង​ឧស្ម័ន​ហូរ​កាត់​។ ក្រៅតែពី​នេះ​គេ​ក៏​ខ្លាច​ផងដែរ​ការ​ទាញ​មហាអំណាច​តំបន់ ដូចជា​តួ​ក​គី និង​រុស្ស៊ី​ឲ្យ​លូកដៃ​ចូល​ដោយផ្ទាល់​ក្នុងការ​ប្រយុទ្ធ​គ្នា​នេះ​។ តួ​ក​គី ជា​សម្ព័ន្ធមិត្ត​របស់​អា​ស៊ែ​បៃ​ហ្ស​ង់ ឯ​រុស្ស៊ី មាន​កិច្ចព្រមព្រៀង​ការពារ​គ្នា​ទៅវិញទៅមក​ជាមួយ​អា​មេ​នី ក្រោម​ក្របខណ្ឌ​អង្គការ​សន្ធិសញ្ញា​សន្តិសុខ​សមូហភាព​(CSTO)​។​
 
​ទោះជា​ប្រយុទ្ធ​គ្នា បាន​ជាង​១​សប្តាហ៍​ក្តី កងទ័ព​អា​ស៊ែ​បៃ​ហ្ស​ង់​មិនទាន់​វាយប្រហារ​ចូល​ទន្ទ្រាន​ដី​អា​មេ​នី នៅឡើយ​ទេ​។ អា​ស៊ែ​បៃ​ហ្ស​ង់ បើក​ប្រតិបត្តិការ​យោធា​ក្នុង​ទឹកដី​របស់ខ្លួន ដើម្បី​កាន់កាប់​យក​តំបន់ Nagorno-Karabakh ដែល​គាំទ្រ​ដោយ​អា​មេ​នី​ប៉ុណ្ណោះ​។ បើ​ប្រតិបត្តិការ​យោធា​នៅតែ​បន្ត គេ​បារម្ភ​ខ្លាចក្រែង​កងទ័ព​ទាំងពីរ​ប្រទេស​ប្រឈមមុខគ្នា​ដោយផ្ទាល់​។​
 
​ជម្លោះ​ក្នុង​តំបន់​ផ្តាច់​ទឹកដី Nagorno-Karabakh ផ្ទុះឡើង​ក្រោយ​ការ​រលាយ​ទៅ​នៃ​សហភាពសូវៀត​។ នៅ​ឆ្នាំ​១៩៩៤ អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់​សម្រេចបាន​បទ​ឈប់​បាញ់​ក្រោម​ការ​ជ្រោមជ្រែង​របស់​សហប្រធាន​ក្រុម​មីន​ស្កិ៍ បញ្ចប់សង្គ្រាម​ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​ម៉ឺន​នាក់​៕
 

Tag:
 អា​មេ​នី​
  អា​ស៊ែ​បៃ​ហ្ស​ង់
© រក្សាសិទ្ធិដោយ thmeythmey.com