COVID-19
ជាតិ
COVID-19៖ កម្ពុជារកឃើញ១ករណីទៀត ជាស្រ្តីជនជាតិបារាំង
10, Oct 2020 , 8:51 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ បានប្រកាសថា រកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ថ្មី១ទៀត (COVID-19) លើស្រ្តីជនជាតិបារាំងអាយុ៣៣ឆ្នាំ ដែលបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង ហើយមកដល់កម្ពុជានៅថ្ងៃទី៨ ខែតុលា។ មានអ្នកធ្វើដំណើរសរុប៥៨នាក់ទៀត ដែលធ្វើដំណើរជាមួយស្រ្តីជនជាតិបារំាងដែលផ្ទុកកូវីដ-១៩ តែអ្នកដំណើរទាំង៥៨នាក់ មានលទ្ធផលអវិជ្ជមាន (មិនឆ្លងកូវីដ-១៩)។



បើតាមក្រសួងសុខាភិបាល ស្រ្តីជនជាតិបារាំង ដែលមានជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ចំណែក អ្នកធ្វើដំណើររួមគ្នាទាំង៥៨នាក់ទៀតនោះ កំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅឯវិទ្យាល័យបូរី១០០ខ្នង និងនៅសណ្ឋាគារមួយចំនួនទៀត។

បច្ចុប្បន្ន កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប២៨៣នាក់ ដោយ២៧៧នាក់ បានជាសះស្បើយវិញ ខណៈ ៦នាក់ទៀត កំពុងសម្រាកព្យាបាល។ អ្នកទាំង៦នាក់នោះ គឺ បុរសជនជាតិហុងគ្រី បុរសជនជាតិបារាំង ស្ត្រីជនជាតិឥណ្ឌា បុរសជនជាតិឥណ្ឌូណេស៊ី បុរសជនជាតិខ្មែរ និងស្រ្តីជនជាតិបារាំង៕

Tag:
 COVID-19
  ស្រ្តីជនជាតិបារាំង
© រក្សាសិទ្ធិដោយ thmeythmey.com