COVID-19
សង្គមអន្តរជាតិ​
អន្តរជាតិ
ការជជែក​ដេញដោល​ប្រធានាធិបតី​អាមេរិក​ថ្ងៃ​១៥ ខែតុលា នឹងមិន​ត្រូវ​រៀបចំ​ឡើយ
10, Oct 2020 , 10:59 am        
រូបភាព
ដោយ:
ការជជែក​ដេញដោល​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ ចូ បៃ​ឌិន ដែល​គ្រោង​រៀបចំឡើង​នៅ​ថ្ងៃទី ១៥ ខែតុលា នឹងត្រូវ​លុបចោល​វិញ​។ គណៈកម្មាការ​រៀបចំ​កា​រ​ជជែក​ដេញដោល​ប្រធានាធិបតី (CPD) បញ្ជាក់​បែបនេះ​ក្នុង​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី ៩ ខែតុលា ដោយ​បន្ថែមថា ក្រុម​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​នៃ​បក្ស​ទាំងពីរ បានប្រកាស​គម្រោង​ថ្មី​សម្រាប់​ថ្ងៃនេះ​។

 
«​ឥឡូវនេះ គឺ​គ្មាន​ទៀតឡើយ​ការតស៊ូ​មតិ​នា​ថ្ងៃទី ១៥ ខែតុលា​»​។ គណៈកម្មាការ​រៀបចំ​កា​រ​ជជែក​ដេញដោល​ប្រធានាធិបតី (CPD) បញ្ជាក់​បែបនេះ ដោយ​បន្ថែមថា គណៈកម្មការ នឹង​ផ្តោត​សំខាន់​លើ​ការត្រៀម​រៀបចំ​ការជជែក​ដេញដោល​ប្រធានាធិបតី​លើកចុងក្រោយ ដែល​គ្រោង​រៀបចំឡើង​នា​ថ្ងៃទី​២២ ខែតុលា ។​
 
​កាលពី​ថ្ងៃទី ៨ ខែតុលា លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​មិន​ចូលរួម​ការតស៊ូ​មតិ​លើក​ទី​២ ដែល​គ្រោង​រៀបចំឡើង​នា​ថ្ងៃទី ១៥ ខែតុលា ក្រោយ​វា​ត្រូវបាន​ផ្លាស់​ទៅជា​កម្មវិធី​តាម​អន​ឡាញ​ដើម្បី​បង្ការ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ 
 
​លោក ត្រាំ បាន​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​យោធា​អស់​៣​ថ្ងៃ ក្រោយ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី ១ ខែតុលា ហើយ​បច្ចុប្បន្ន​លោក​កំពុង​សម្រាក​ព្យាបាល​បន្ត​នៅ​សេត​វិមាន​អាមេរិក ។ គ្រូពេទ្យ អះអាងថា សុខភាព​លោក​ត្រាំ​ល្អប្រសើរ ហើយ​អាច​ទៅ​ចូល​ព្រឹត្តិការណ៍ ចាប់​ថ្ងៃទី ១០ ខែតុលា តទៅ ។ យ៉ាងណា គ្រូពេទ្យ​ពុំបាន​បញ្ជាក់ថា​លោក​ត្រាំ​បានធ្វើ​តេស្ត​អវិជ្ជមាន​ចុងក្រោយ​នៅពេលណា​ឡើយ​។  
 
​ប្រាប់​ទូរទស្សន៍ Fox News តាម​ទូរ​សព្ទ លោក ត្រាំ និយាយថា លោក​នឹងមិន​ខ្ជះខ្ជាយ​ពេលវេលា​លើ​ការតស៊ូ​មតិ​តាម​អន​ឡាញ​ឡើយ​។ លោក​បន្តថា វា​រឿង​អស់សំណើច​បំផុត ហើយ​អ្នកសម្របសម្រួល​អាច​បិទ​មិន​ឲ្យ​លោក​និយាយ​គ្រប់ពេល​។ 
 
​ដើម្បី​សង​ថ្ងៃ​ការតស៊ូ​មតិ​នា​ថ្ងៃទី ១៥ ខែតុលា ក្រុម​យុទ្ធនាការ​លោក​បៃ​ឌិន បានរៀបចំ​ព្រឹត្តិការណ៍​រក​សំឡេងឆ្នោត​មួយ​ក្នុង​ទីក្រុង Philadelphia ដែល​នឹងមាន​ទូរទស្សន៍ ABC News ជា​រៀបចំ​កម្មវិធី ខណៈ​គ្មាន​ដំណឹង​ពី​ក្រុម​យុទ្ធនាការ​លោក​ត្រាំ​នៅឡើយ​ទេ​៕ 

Tag:
 សហរដ្ឋអាមេរិក​
  ការបោះឆ្នោត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com