COVID-19
ជាតិ
បុណ្យអុំទូក
រដ្ឋាភិបាល អនុញ្ញាតឲ្យប្រារព្ធពិធីប្រណាំងទូកទ្រង់ទ្រាយតូច ជាមួយនឹងការណែនាំពីវិធានការការពារកូវីដ-១៩
10, Oct 2020 , 5:41 pm        
រូបភាព
ពិធីប្រណាំងទូក«ង»នៅបណ្តោយស្ទឹងសៀមរាបកាលពីឆ្នាំ២០១៩
ពិធីប្រណាំងទូក«ង»នៅបណ្តោយស្ទឹងសៀមរាបកាលពីឆ្នាំ២០១៩
ដោយ:
ពិធីប្រណាំងទូក«ង»ខ្នាតធំនៅទន្លេចតុមុខ ក្នុងរាជធានីភ្នំពេញ និងនៅតាមថ្នាក់ខេត្ត នាថ្ងៃបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ ត្រូវបានរាជរដ្ឋាភិបាលផ្អាក ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩។ ប៉ុន្តែ រាជរដ្ឋាភិបាល អនុញ្ញាតឲ្យប្រារព្ធការរៀបចំពិធីប្រណាំងទូកខ្នាតតូចនៅតាមភូមិ ឃុំ ស្រុក  ដោយត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល អំពីការការពារជំងឺកូវីដ-១៩។



ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការណ៍ដែលរាជរដ្ឋាភិបាលផ្អាកពិធីប្រណាំងទូក«ង»ខ្នាតជាតិ និងអន្តរជាតិនៅតាមថ្នាក់ខេត្តនេះក៏ដោយសារតែខ្លាចជំងឺកូវីដ-១៩ រាលដាលដល់សហគមន៍ ក្នុងករណីដែលមានអ្នកជំងឺកូវីដ-១៩ពិតមែន។ ចំពោះប្រពៃណីសែនព្រេន អកអំបុក សំពះព្រះខែ គឺនៅតែប្រារព្ធដដែល។

បើតាមក្រសួងសុខាភិបាល តំបន់ដែលអាចរៀបចំពិធីប្រណាំងទូក «ង» បាន គឺត្រឹមតែភូមិ ឃុំ និងតាមទីវត្តអារាមប៉ុណ្ណោះ។ ក្រសួង ប្រាប់ថា ក្នុងមួយចំណុះទូកនីមួយៗ មិនឲ្យលើសពី១០នាក់ និងមិនឲ្យលើសពី៦ទូកទេ ក្នុងមួយពិធី ហើយមិនឲ្យអ្នកចូលរួមលើសពី៦០នាក់ឡើយ។

មុននឹងរៀបចំពិធីប្រណាំងទូកខ្នាតតូចនេះ អាជ្ញាធរនីមួយៗត្រូវរៀបចំឲ្យមានកន្លែងលាងដៃ ចាត់ចែងឲ្យមានអ្នកបាញ់ទឹកអាល់កុល វាស់កម្តៅសម្រាប់អ្នកមកទស្សនាពិធីប្រណាំងទូក និងចាត់ចែងឲ្យមានក្រុមអ្នកដើរត្រួតពិនិត្យមើលថាអ្នកចូលរួមមានពាក់ម៉ាស់ឬអត់ ហើយអង្គុយនៅឆ្ងាយពីគ្នាឬអត់។

ក្រសួងសុខាភិបាល ដាស់តឿនដល់អ្នកដែលមានរោគសញ្ញាក្អក ផ្តាសាយ ក្តៅខ្លួន ឈឺក្បាល និងហៀរសំបោរ និងជនចាស់ជរា អ្នកដែលមានជំងឺប្រចាំកាយ និងអ្នកមានផ្ទៃពោះ កុំចូលរួមទស្សនាពិធីប្រណាំងទូកជាដាច់ខាត ដើម្បីការពារ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងផ្សេងៗ។

សូមបញ្ជាក់ថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា៕

Tag:
 COVID-19
  ពិធីបុណ្យអំទូក
© រក្សាសិទ្ធិដោយ thmeythmey.com