ជាតិ
សង្គមជាតិ
ទឹកជំនន់៖ រថយន្តធុនធំគ្រប់ប្រភេទ ត្រូវបានផ្អាកមិនឲ្យបើកចូលខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ស្ពាននៅខេត្តបាត់ដំបងត្រូវបានខូចខាតដោយសារជំនន់ទឹកភ្លៀង រូបភាពពីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង
× ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និង រដ្ឋបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ បានប្រកាសរួមគ្នាឲ្យផ្អាករថយន្តធុនធំធ្វើដំណើរឆ្លងកាត់តំបន់ដែលរងគ្រោះ ក្នុងខេត្តទាំង២នេះ ដោយទឹកជំនន់ជាបណ្តោះអាសន្នសិន ដើម្បីការពារសុវត្ថិភាពអ្នកធ្វើដំណើរ។ ថ្នាក់ដឹកនាំខេត្តទាំងពីរនេះ បញ្ជាក់ថា ទល់តែទឹកជំនន់ស្រកទៅវិញ ទើបអនុញ្ញាតឲ្យរថយន្តអាចឆ្លងកាត់វិញបាន។
សេចក្តីជូនដំណឺងរបស់មន្ទីរសាធារណការខេត្តបាត់ដំបង សរសេរថា៖«ដើម្បីការពារសុវត្ថិភាពធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង សូមផ្អាកបណ្តោះអាសន្ននូវរថយន្តធុនធំគ្រប់ប្រភេទ ដែលធ្វើដំណើរឆ្លងកាត់ទូទាំងខេត្តបាត់ដំបង ចាប់ពីពេលជូនដំណឹងនេះតទៅ ហើយនឹងបើកឲ្យធ្វើចរាចណ៍ឡើងវិញនូវរថយន្តធុនធំគ្រប់ប្រភេទ បន្ទាប់ពីស្ថានភាពទឹកជំនន់ថយចុះ និងក្រោយការជួយជុលរួចរាល់»។
ពលរដ្ឋកំពុងតែធ្វើដំណើរតាមផ្លូវដែលកំពុងរងទឹកជំនន់នៅខេត្តពោធិ៍សាត់ រូបភាពពីមន្ទីរព័ត៌មានខេត្តពោធិ៍សាត់
ចំណែក សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តពោធិ៍សាត់ សរសេរថា៖«ផ្អាកការធ្វើចរាចរណ៍ទាំងស្រុង ចំពោះរថយន្តធុនធំ ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសាជាថ្មី»។
រដ្ឋបាលខេត្តពោធិ៍សាត់បានបញ្ជាក់ថា ភ្លៀងធ្លាក់រយៈពេល៦ថ្ងៃកន្លងមកនេះ ធ្វើផ្លូវថ្នល់ក្នុងក្រុង និងស្រុកចំនួន៥ រងការប៉ះពាល់ និងលិចលង់ ជាពិសេសកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចគីឡូម៉ែត្រ១៨៦ ដល់គីឡូម៉ែត្រ១៩៣។
លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង បានបញ្ជាក់ថា ទឹកជំនន់នៅខាងស្រុកសំឡូត និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានស្រកខ្លះៗហើយ នៅឡើយតែនៅខាងស្ទឹងសង្កែទេ ដែលកំពុងតែឡើងក្នុងកម្រិតប្រកាសអាសន្នហើយ។
បើតាមលោកអភិបាលរងខេត្តរូបនេះ ទឹកភ្លៀងរយៈមួយសប្តាហ៍កន្លងទៅនេះ បានបណ្តាលឲ្យទឹកនៅខាងស្ទឹងសង្កែឡើងខ្ពស់ ដោយមិនអនុញ្ញាតឲ្យយានយន្តធ្វើដំណើរឆ្លងកាត់ឡើយ ដើម្បីជៀសវាងគ្រោះថ្នាក់ជាយថាហេតុ។
លោក បានរៀបរាប់ដូច្នេះថា៖«ផ្លូវណាដែលនៅតំបន់ទំនាប គឺលិច មិនអាចធ្វើចរាចរបានឡើយ។ ប៉ុន្តែបើផ្លូវណាមិននៅតំបន់ទំនាប គឺអាចធ្វើដំណើរបាន។ ដូច្នេះផ្លូវខ្លះអត់ឲ្យធ្វើដំណើរឆ្លងកាត់ឡើយព្រោះខ្លាចខូចថ្នល់។ ណាមួយផ្លូវដែលនៅតាមមាត់ស្ទឹងគឺមិនឲ្យធ្វើចរាចរឡើយ គឺខ្លាចគ្រោះថ្នាក់»។
លោកបានបញ្ជាក់ថា បច្ចុប្បន្នទាំងអភិបាលខេត្ត និងអាជ្ញាធរកំពុងតែធ្វើអន្តរាគមន៍ និងជួយសង្គ្រោះជនរងគ្រោះដោយសារគ្រោះទឹកជំនន់។ លោក បន្តថា បើកាលណាខេត្តបាត់ដំបងមិនមានភ្លៀងធ្លាក់ទៀតទេ ទឹកជំនន់នឹងឆាប់ស្រកទៅវិញ៕
Tag:
ទឹកជំនន់
រថយន្ត
ចរាចរ
© រក្សាសិទ្ធិដោយ thmeythmey.com