ជាតិ
លោក សុខ វិ​ជ្ចា​៖ ផ្ញៀវ​ភ្លើង​មាន​ផ្ទុក​វីតាមីន​សេ និង​មាន​ប្រយោជន៍​ច្រើន​ទៀត​ដល់​សុខភាព​
12, Oct 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ផ្ញៀវ​ភ្លើង ជា​ផ្លែឈើព្រៃ​មួយ​ប្រភេទ ដុះ​តាម​តំបន់​ព្រៃ ពិសេស​នៅលើ​ភ្នំ​ខ្ពស់ៗ​។ ផ្លែឈើ​ប្រភេទ​នេះ​មាន​រសជាតិ​ជូរអែម និង​ខ្លះ​ជូរ​តែម្ដង ប្លែក​ពី​ផ្លែ​ផ្ញៀវ​លក់​តាម​ទីផ្សារ និង​មាន​សំបក​ពណ៌​ក្រហមឆ្អៅ​។ បើតាម​លោក សុខ វិ​ជ្ចា អ្នកបច្ចេកទេស​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន ដើម​ផ្ញៀវ​ភ្លើង​ប្រភេទ​នេះ អាចរ​ស់បាន​រាប់រយឆ្នាំ​ដោយ​ធម្មជាតិ​។​



​ផ្លែ​ផ្ញៀវ​ភ្លើង​ប្រភេទ​នេះ នៅ​កម្ពុ​ជាមាន​ដុះ​នៅ​២​តំបន់​ដូចជា ភ្នំ​បូកគោ និង​ជួរ​ភ្នំ​ក្រវ៉ា​ញ​។ វា​អាចមាន​ផ្លែ​នៅពេល​លូតលាស់​បាន​៣​ឆ្នាំ​។ ប្រភេទ​ដើមឈើ​ព្រៃ​ប្រភេទ​នេះ អាច​រស់​នៅបាន​រាប់រយឆ្នាំ ដោយ​ខ្លួនឯង នៅលើ​ភ្នំ​ក្នុងព្រៃ នៃ​ទ្វីបអាស៊ី​អាគ្នេយ៍ មាន​រយៈកម្ពស់​១០០០​ម៉ែត្រ ឡើង​ពី​នេ​វូ​ទឹកសមុទ្រ​។ ដើម​ផ្ញៀវ​ភ្លើង​នេះ អាចមាន​កម្ពស់​លូតលាស់​ចាប់ពី​៣​ទៅ​១៥​ម៉ែត្រ​។ នេះ​បើតាម​លោក សុខ វិ​ជ្ចា អ្នកបច្ចេកទេស​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ និង​អភិរក្ស​កេសរ​កូ​ល សុខ អាន ភ្នំ​គូលែន​។​


 
​លោក វិ​ជ្ចា បាន​លើកឡើងថា មិនមែន​ចេញ​ផ្លែ​មក​ភ្លាម​ពណ៌​ក្រហម​ទេ ផ្លែ​ផ្ញៀវ​ភ្លើង ពេល​ខ្ចី​មាន​ពណ៌​ផ្កាឈូក ហើយ​ចេញ​ពណ៌​ក្រហមឆ្អៅ​នៅពេល​វា​ទុំ​ប៉ុណ្ណោះ​។ ផ្លែឈើព្រៃ​ប្រភេទ​នេះ ចេញ​ផ្លែ​ជា​ចង្កោមៗ​ពី​ដើម​របស់​វា​តែម្ដង មិន​ចេញ​ផ្លែ​ពី​មែក​នោះទេ​។ 
 
​ផ្លែ​ផ្ញៀវ​ភ្លើង ក៏មាន​រដូវ​កាល​ចេញ​ផ្លែ​ផងដែរ គឺ​ចាប់ពី​ខែកញ្ញា ដល់​ខែវិច្ឆិកា ហើយ​ផ្លែឈើ​ប្រភេទ​នេះ​មិនមែន​មាន​នៅតែ​កម្ពុជា​នោះទេ ប្រទេស​ថៃ និង​ម៉ាឡេស៊ី ក៏មាន​ផ្លែ​ផ្ញៀវ​ភ្លើង​នេះ​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុខ វិ​ជ្ចា ដោយ​បន្តទៀតថា នៅ​ប្រទេស​ទាំង​២​នេះ គេ​ដាំ​យក​ធ្វើ​អាជីវកម្ម​លក់​តែម្ដង គេ​មាន​ចម្ការ​ផ្លែ​ផ្ញៀវ​ភ្លើង​នេះ​។ 
​ជា​ផ្លែឈើព្រៃ​ធម្មជាតិ ផ្ញៀវ​ភ្លើង​មាន​ផ្ទុក​វីតាមីន​សេ ជំនួយ​ដល់​ស្បែក ឆ្អឹង និង​សន្លាក់ ហើយក៏​ជួយ​គ្រប់គ្រង​ដល់​ចង្វាក់ និង​សម្ពាធ​ឈាម រួមទាំង​ជំនួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ការស្រាវជ្រាវ​របស់លោក សុខ វិ​ជ្ចា​៕




រូបភាពពីហ្វេសប៊ុកផេក ជីវចម្រុះនៃប្រទេសកម្ពុជា


Tag:
 ផ្ញៀវ​ភ្លើង សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com