ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី ប្រាប់អាជ្ញាធរគ្រប់ថ្នាក់ ឲ្យបន្តចេញសង្គ្រោះប្រជាជនរងគ្រោះដោយទឹកជំនន់ ឲ្យទាន់ពេល
11, Oct 2020 , 5:00 pm        
រូបភាព
សកម្មភាពកងកម្លាំងចុះជួយសង្គ្រោះប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ (រូបពីទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី)
សកម្មភាពកងកម្លាំងចុះជួយសង្គ្រោះប្រជាជនដែលរងគ្រោះដោយសារទឹកជំនន់ (រូបពីទំព័រហ្វេសប៊ុករបស់នាយករដ្ឋមន្រ្តី)
ម៉ោងជិត៥ល្ងាច នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសារមួយលើទំព័រហ្វេសប៊ុក ដោយបានក្រើនរម្លឹកប្រជាជន ឲ្យរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ជាពិសេសប្រជាជន ដែលស្ថិតនៅតំបន់កំពុងរងគ្រោះដោយទឹកជំនន់ ហើយត្រូវជម្លៀសទៅទីទួលសុវត្ថិភាព។



ក្រៅពីរម្លឹកប្រជាជន ឲ្យមានស្មារតីប្រុងប្រយ័ត្ន សម្តេចនាយករដ្ឋមន្ត្រី បានអរគុណក្រសួង ស្ថាប័ន និង អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ដែលបានយកចិត្តទុកដាក់សង្គ្រោះប្រជាជនបានទាន់ពេលវេលា។ បន្ថែមពីនេះ ប្រមខុរដ្ឋាភិបាល ប្រាប់ក្រសួង ស្ថាប័ន និង អាជ្ញាធរពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ឲ្យបន្តចាត់វិធានការចាំបាច់នានា និងដឹកនាំកម្លាំងចេញទៅជួយសង្គ្រោះប្រជាជន តាមភូមិសាស្ត្រ  ដែលខ្លួនទទួលខុសត្រូវ ឲ្យបានទាន់ពេលវេលា ដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាកនិងផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ រួមទាំងទ្រព្យសម្បត្តិនានា។

តាមរយៈសារលើទំព័រហ្វេសប៊ុកដដែល ប្រមុខរដ្ឋាភិបាល ក៏មិនភ្លេចអរគុណដល់សប្បុរសជននានាដែរ ដែលបានចូលរួមឧបត្ថម្ភជួយដល់ប្រជាជន កំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀងនេះ៕

Tag:
 គ្រោះទឹកជំនន់
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com