សង្គមអន្តរជាតិ​
អន្តរជាតិ
ក្បួននាវាចម្បាំងជប៉ុនចូលចតនៅវៀតណាម ដើម្បីប្រឆាំងឥទ្ធិពលចិនក្នុងបញ្ហាសមុទ្រចិនខាងត្បូង
12, Oct 2020 , 12:59 pm        
រូបភាព
រូបភាព៖ NHK
រូបភាព៖ NHK
ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ថា ក្បួននាវាចម្បាំងរបស់ខ្លួន ដែលរួមមាននាវាមុជទឹកផងដែរនោះ បានចូលចតនៅកំពង់មួយរបស់វៀតណាម។ នេះបើតាមការចុះផ្សាយរបស់ទូរទស្សន៍NHK នៅថ្ងៃទី១០ ខែតុលា។

 
តាមការបញ្ជាក់របស់ក្រសួងការពារជាតិជប៉ុន ក្បួននាវាចម្បាំងរបស់ខ្លួន បានទៅដល់កំពង់ផែទឹកជ្រៅវៀតណាម Cam Ranh Bay ខេត្ត Khanh Hoa នៅថ្ងៃទី១០ ខែតុលា។ ក្បួននាវាចម្បាំងនេះ រួមមាននាវាចម្បាំងចំនួន២គ្រឿង និងនាវាមុជទឹកមួយគ្រឿង។ ការចូលចតនេះ គឺដើម្បីផ្គត់ផ្គង់ស្បៀងនៅលើនាវា។ 
 
នាវាទាំងបី ជាផ្នែកមួយនៃក្បួននាវាចម្បាំងដែលជប៉ុនបញ្ជូនទៅកាន់សមុទ្រចិនខាងត្បូង និងមហាសមុទ្រឥណ្ឌាកាលពីខែកញ្ញា។ បើសិនគ្មានការប្រែប្រួលទេ ក្បួននាវាចម្បាំងនេះ នឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូងចំនួន ១ខែ ដើម្បីចូលរួមធ្វើសមយុទ្ធយោធារួមគ្នាជាមួយកងទ័ពជើងទឹកវៀតណាម និងបណ្តាប្រទេសដទៃទៀត។ នាវាដឹកឧទ្ធម្ភាគចក្រធំជាងគេរបសជប៉ុន Kaga ក៏មានវត្តមានក្នុងតំបន់នេះដែរ។ 
 
វត្តមានរបស់ក្បួននាវាជប៉ុននៅកំពង់ផែវៀតណាមបែបនេះ ត្រូវបានគេជឿថា ជាផ្នែកមួយនៃការពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងហាណូយ និងទីក្រុងតូក្យូ ដើម្បីទប់ស្កាត់ការបង្កើតឥទ្ធិពលរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។ 
 
មួយរយៈចុងក្រោយនេះ ចិន បានធ្វើសកម្មភាពអុងអាត់យ៉ាងខ្លាំងនៅក្នុងសមុទ្រចិនខាងត្បូង តាមរយៈការធ្វើសមយុទ្ធយោធាជាច្រើនលើក។ បញ្ហានេះ បានធ្វើឲ្យវៀតណាម ដែលជាភាគីមួយនៃជម្លោះមិនពេញចិត្តឡើយ ហើយថែមទាំងដាក់ការតវ៉ាទៅចិនថែមទៀត។ 
 
បន្ថែមពីលើនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្កា ត្រូវបានរំពឹងថា នឹងមកធ្វើទស្សនកិច្ចនៅវៀតណាម នៅពាក់កណ្តាលខែតុលានេះ បន្ទាប់ពីចូលកាន់តំណែង។ ការជ្រើសរើសអាស៊ីជាគោលដៅទស្សនកិច្ចក្រៅប្រទេសលើកដំបូង ក៏ជាសញ្ញាបង្ហាញពីជំហររបស់រដ្ឋាភិបាលជប៉ុនថ្មីដែលបន្តរក្សាតួនាទីនៅតំបន់ ស្របពេលដែលឥទ្ធិពចិនកាន់តែកើននោះ។
 
សូមបញ្ជាក់ថា ក្បួននាវាចម្បាំងរបស់ជប៉ុន មកដល់វៀតណាមតែមួយថ្ងៃប៉ុណ្ណោះ មុនដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋចិន មកកម្ពុជា ម៉ាឡេស៊ី ឡាវ ថៃ រួមទាំងការឈប់សំចតនៅសិង្ហបុរី៕ 
 

Tag:
 ជប៉ុន
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com