សង្គមអន្តរជាតិ​
អន្តរជាតិ
លោក វ៉ាង យី​៖ ចិន​អត់​ចាប់អារម្មណ៍​ប្រជែង​តំណែង​មេដឹកនាំ​ពិភពលោក​ឡើយ​
12, Oct 2020 , 3:54 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ។ រូបភាព ៖ AFP
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ។ រូបភាព ៖ AFP
ដោយ:
​ប្រទេស​ចិន គ្មាន​បំណង​ប្រកួត​ដណ្ដើម​តំណែង​ជា​មេដឹកនាំ​ពិភពលោក​ឡើយ​។ រដ្ឋមន្ត្រីការបរទេស​ចិន វ៉ាង យី អះអាង​បែបនេះ ហើយ​បន្ថែមថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង កំពុង​ស្វះ​ស្វែងរក​មាគ៌ា​អភិវឌ្ឍន៍​ដែល​ផ្ទុយ​ពី​ក្រុម​ប្រទេស​លោកខាងលិច​កំពុង​អនុវត្ត​។

 
​ដោយ​មិន​និយាយ​ចំឈ្មោះ​អាមេរិក ប្រមុខ​ការទូត​ចិន បាន​អះអាងថា ចិន​មិនបាន​ព្យាយាម​យកឈ្នះ​ប្រទេស​ណាមួយ​ឡើយ​។ ពី​ខេត្ត​យូ​ណា អំឡុង​ទស្សនកិច្ច​ផ្លូវការ​របស់​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន​នៅ​ទីនោះ លោក វ៉ាង យី និយាយ​ដូច្នេះ​ថា​៖«​យើង​គ្មាន​ឆន្ទៈ​ប្រកួត​ជាមួយ​ប្រទេស​ដទៃ​សម្រាប់​ភាពជា​អ្នកដឹកនាំ [​ពិភពលោក​] តែ [​យើង​] កំពុង​ផ្ដោត​សំខាន់​លើ​កិច្ចប្រឹងប្រែង​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​យើង​ប៉ុណ្ណោះ​»​។​
 
​បើតាម​កាសែត South China Morning Post ឆ្លៀត​ក្នុងឱកាស​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន Teodoro Locsin នៅ​ថ្ងៃទី​១០ ខែតុលា ទីប្រឹក្សា​រដ្ឋ​ចិន វ៉ាង យី ក៏បាន​បញ្ជាក់ទៀតថា ប្រទេស​ទាំងពីរ គួរតែ​ធ្វើជា​មិត្ត​ល្អជា​រៀងរហូត​។ ម្យ៉ាងវិញទៀត លោក វ៉ាង យី ក៏បាន​ប្រើ​ជំនួប​នេះ​លើកឡើង​ពាក់ព័ន្ធ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូ​ផងដែរ ដោយ​អះអាងថា ប្រទេស​ចិន​និង​ហ្វីលីពីន គួរ​បន្ត​ធ្វើការ​រួមគ្នា​ដើម្បី​ដោះស្រាយ​ជម្លោះ​លំហ​សមុទ្រ​នេះ​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ចុះផ្សាយ​ដោយ​ក្រសួងការបរទេស​ចិន លោក វ៉ាង ប្រា​ប់លោក Locsin ទៀតថា ប្រទេស​ចិន​កំពុង​ស្វះ​ស្វែងរក​មាគ៌ា​អភិវឌ្ឍន៍ ដែល​ខុសស្រឡះ​ពី​បណ្ដា​ប្រទេស​លោកខាងលិច​។ ត្រង់ចំណុច​នេះ លោក​សង្កត់ធ្ងន់ថា សិទ្ធិ​អភិវឌ្ឍន៍​របស់​ប្រទេសមួយ ពុំគួរ​ត្រូវបាន​បង្អាក់ ឬ​រំខាន​ពី​សំណាក់​កម្លាំង​បរទេស​ដទៃ​ឡើយ​។ 
 
​នៅមុន​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហ្វីលីពីន ប្រមុខ​ការទូត​ចិន ក៏បាន​ជួបពិភាក្សា​ជាមួយ​ប្រេសិត​ពិសេស​របស់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Luhut Binsar Panjaitan ក្នុង​ខេត្ត​យូ​ណាន​ផងដែរ ដោយ​ភាគី​ទាំងសងខាង​បាន​សន្យា​ពង្រឹង​ចំណងទាក់ទង​និង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​។ 
 
​ក្នុង​សប្ដាហ៍​នេះ លោក វ៉ាង យី កំពុងធ្វើដំណើរ​ទស្សន​កិច្ច​រយៈ​៥​ថ្ងៃ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​៤ រួមមាន កម្ពុជា ម៉ាឡេស៊ី ឡាវ ថៃ រួច​ឈប់​សំចត​នៅ​សិង្ហ​បុរី​៕ 
 
 

Tag:
 ចិន​
  ហ្វីលីពីន​
  អាស៊ីអាគ្នេយ៍​
  វ៉ាង យី
© រក្សាសិទ្ធិដោយ thmeythmey.com