កីឡាជាតិ
ជាតិ
បឹងកេត​អាចមាន​ភាគរយ​គ្រង​ជើងឯក​លី​គ​ខ្ពស់ ខណៈ​ភ្នំពេញ​ក្រោ​ន​ទទួលបាន​លេខ​៣
12, Oct 2020 , 11:29 pm        
រូបភាព
កីឡាករ Dzarma Bata (មុខឆ្វេង)រកបានពីរគ្រាប់ជួយឲ្យបឹងកេតយកឈ្នះទ័ព ២-០
កីឡាករ Dzarma Bata (មុខឆ្វេង)រកបានពីរគ្រាប់ជួយឲ្យបឹងកេតយកឈ្នះទ័ព ២-០
ដោយ:
​ក្រុមបាល់ទាត់​បឹងកេត​បន្ត​រក្សា​គម្លាត​ពីរ​ពិន្ទុ​ពី​ការ​តាម​ប្រជែង​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ដែល​អាចជួយ​ឲ្យ​ពួកគេ​មាន​ភាគរយ​ខ្ពស់ ក្នុងការ​គ្រង​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ ប្រចាំឆ្នាំ​២០២០​។ នៅសល់តែ​១​ប្រកួត​ទៀត​ប៉ុណ្ណោះ លី​គ​កំពូល​កម្ពុជា នឹងត្រូវ​បញ្ចប់​ការប្រកួត​ជា​ស្ថាពរ ខណៈ​ភ្នំពេញ​ក្រោ​ន​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​។​

 
​ជ័យជម្នះ ២-០ លើ​ក្រុម​មជ្ឈមណ្ឌល​កងយោធពល​ខេមរភូមិន្ទ​(​ទ័ព​)​ជួយ​ឲ្យ​បឹងកេត​អាចមាន​ភាគរយ​ខ្ពស់​ក្នុងការ​គ្រង​ជើងឯក​លី​គ​កំពូល​ប្រចាំឆ្នាំ​២០២០​។ ប៉ុន្តែ​ទាមទារ​ឲ្យ​ម្ចាស់​ជើងឯក​ពីរ​សម័យកាល​មួយ​នេះ ត្រូវ​យកឈ្នះ​ភ្នំពេញ​ក្រោ​ន​ជា​ចាំបាច់​ក្នុងជំនួប​ចុងក្រោយ​នៅ​កីឡដ្ឋាន Smart R.S.N ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០ ខាងមុខ​។ 
 
​លទ្ធផល​ត្រឹម​ស្មើ​ភ្នំពេញ​ក្រោ​ន ក៏​អាចជួយ​ក្រុម​ក្រោម​ការដឹកនាំ​របស់លោក គឹម ភក្តី គ្រង​ជើងឯក​បានដែរ ក្នុងករណី​ព្រះខ័ន​រាជ​ស្វាយរៀង ចាញ់ ឬ​ស្មើ​ជាមួយ​ក្រុម​ណាហ្គា​វើ​ល​នៅ​ជំនួប​ចុងក្រោយ​ក្នុង​ថ្ងៃ​តែមួយ​នោះ​។ ប៉ុន្តែ​បើ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង​អាច​យកឈ្នះ​ណាហ្គា​វើ​ល ហើយ​បឹងកេត​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ឬ​ចាញ់​ភ្នំពេញ​ក្រោ​ន នោះ​ក្រុម​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក Conor Nestor នឹង​បន្ត​គ្រង​ជើងឯក​នៅ​ឆ្នាំនេះ​។​
 
​បច្ចុប្បន្ន​បឹងកេត​កំពុង​គ្រង​កំពូល​តារាង​មាន​៤០​ពិន្ទុ​ជាមួយ​គ្រាប់​បាល់​ចំណេញ​២៩​គ្រាប់ ខណៈ​ព្រះខ័ន​រាជ​ស្វាយរៀង​ស្ថិតនៅ​លេខ​រៀង​ទី​២​មាន​៣៨​ពិន្ទុ​ជាមួយ​គ្រាប់​បាល់​ចំណេញ​៣៤​គ្រាប់​។ បន្ទាប់ពី​ពួកគេ​បាន​យកឈ្នះ​គូប្រកួត​រៀងៗ​ខ្លួន​ក្នុង​ការប្រកួត​សប្តាហ៍​ទី​១៥ នៅ​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០២០​។ 
 
​នា​ជំនួប​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​រវាង​បឹងកេត ជាមួយ​មជ្ឈមណ្ឌល​កង​យោធពលខេមរភូមិន្ទ ដែល​គ្រោង​ធ្វើ​នៅ​ម៉ោង​៦​ល្ងាច ត្រូវបាន​ពន្យា​ពេល​ដោយសារ​ភ្លៀង​ធ្វើ​ឲ្យ​ទីលាន​ដក់​ទឹក​មិនអាច​រៀបចំ​ការប្រកួត​បាន​។ បន្ទាប់មក​ប្រធាន​ស័ក្តិ បានអនុញ្ញាត​ឲ្យ​ការប្រកួត​នៅ​ម៉ោង​៦:៣០​នាទី ក្រោយ​ភ្លៀង​មាន​ស្ថានភាព​ធូរស្បើយ​។​
 

សកម្មភាពប្រកួតរវាងក្រុមបឹងកេតជាមួយមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ 
​ទោះបី​ព្រះ​ពិរុណ​ឈប់​បង្អុរ​ភ្លៀង​ក៏ដោយ ផ្នែក​ខ្លះ​នៅលើ​ទីលាន​គ្របដណ្តប់​ដោយ​ទឹកភ្លៀង ដែល​ធ្វើ​ឲ្យ​កីឡាករ​មានការ​លំបាក​ក្នុងការ​ប​ញ្ចូ​ន​បាល់ និង​បង្កើត​ឱកាស​ក្នុង​ការរក​គ្រាប់​បាល់ ព្រោះ​មាន​ស្ថានភាព​រអិល​។ គ្មាន​គ្រាប់​បាល់​កើតឡើង​ឡើយ​ក្នុង​តង់​ទី​១​នា​ជំនួប​រវាង​ក្រុម​ទាំងពីរ​។​
 
​ការប្រកួត​តង់​ទី​ពីរ​ដំណើរការបាន​១៦​នាទី ទើប​មាន​គ្រាប់​បាល់​ទី​១​កើតឡើង​សម្រាប់​ក្រុម​ភ្ញៀវ​បឹងកេត​ដែល​សម្រេចបាន​ដោយ​កីឡាករ Dzarma Bata​។ បន្ទាប់មក​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា​រូបនេះ បានតែ​តបាល់​បញ្ចូល​ទី​គ្រាប់​ទី​ពីរ​របស់ខ្លួន​បានសម្រេច​នៅ​នាទី​ទី​៨៣ ដើម្បី​នាំ​ជ័យជម្នះ ២-០ ឲ្យ​បឹងកេត​ក្នុងការ​រក្សា​គម្លាត​ពីរ​ពិន្ទុ​ពី​ការ​ប្រជែង​របស់​ព្រះខ័ន​រាជ​ស្វាយរៀង​។   
 
​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​ព្រី​នស៍ រវាង​ក្រុម​ម្ចាស់ផ្ទះ​វិសាខា​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​បានបញ្ចប់​ក្នុង​លទ្ធផល​ចាញ់ឈ្នះ ២-០ ដែល​គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ភ្ញៀវ​សម្រេចបាន​ដោយ​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម​។ គ្រាប់​បាល់​ទាំងពីរ​បានកើត​ឡើង​ក្នុង​តង់​ទី​១ ខណៈ​ក្រុម​វិសាខា​បាន​បាត់បង់​សមាជិក​ម្នា​ក់នៅ​តង់​ទី​១​នេះដែរ ក្រោយ​រង​ការពិន័យ​កាត​ក្រហម​ពី​អាជ្ញាកណ្តាល​។​
 


សកម្មភាពប្រកួតរវាងក្រុមភ្នំពេញក្រោនជាមួយណាហ្គាវើល 
​ការប្រកួត​នៅ​កីឡដ្ឋាន​ដែលមាន​ផ្នែក​ខ្លះ​ដក់​ដោយ​ទឹក​និង​មាន​ស្ថានភាព​រអិល​ដំណើរការបាន​៦​នាទី កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​ទាត់​បាល់​ពិន័យ​(Free Kick)​បញ្ចូល​ទី​នាំមុខ ១-០ ឲ្យ​ក្រុម​ភ្ញៀវ ក្រោយ​អ្នកចាំទី ជា វណ្ណ​សាក់ ភ្លាត់ស្នៀត​ក្នុងការ​ចាប់​បាល់​។ បាល់​ពិន័យ​នេះ បាន​កើតឡើង​ក្រោយ​កីឡាករ ង​យ ស្រ៊ី​ន លោត​ទៅបុក​កីឡាករ Kobayshi Daisuke ដួល​។ 
 
​ក្រោយមក​នៅ​នាទី​ទី​៤៤​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​បន្ថែម​មួយគ្រា​ប់​ទៀត ដើម្បី​បង្កើន​ការនាំ​មុខ ២-០ លើ​ក្រុម​ម្ចាស់ផ្ទះ តាមរយៈ​ការ​ប៉ែង​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ក្រោយ​ការលើក​ចេញពី​ជ្រុង​របស់​កីឡាករ សុក សំណាង​។ មុន​ចប់​តង់​ទី​១​ក្រុម​វិសាខា​បាន​បាត់បង់​សមាជិក​ម្នាក់ គឺ​កីឡាករ ទិ​ត្យ ឌី​ណា ក្រោយ​រង​ការពិន័យ​កាត​ក្រហម​ពី​អាជ្ញាកណ្តាល បន្ទាប់ពី​រូបគេ​ច្រាន​ឲ្យ​កីឡាករ Privat ដួល ក្រោយ​មានការ​ប៉ះទង្គិច​គ្នា​។ 
 
​នៅ​តង់​ទី​ពីរ​ពុំមាន​គ្រាប់​បាល់​កើតឡើង​នោះទេ ដោយ​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត ទោះបី​វិសាខា​បាន​បាត់បង់​សមាជិក​មួយរូប​តាំងពី​តង់​ទី​១​ក៏ដោយ​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅតែមាន​ឱកាស​ក្នុងការ​ប្រជែង​ដណ្តើមពាន​ពី​ក្រុម​បឹងកេត​។ 
 
​ដោយឡែក ការប្រកួត​នៅ​កីឡដ្ឋាន Smart R.S.N ក្រុម​ម្ចាស់ផ្ទះ​ភ្នំពេញ​ក្រោ​ន​បាន​យកឈ្នះ​ក្រុម​ភ្ញៀវ​ណាហ្គា​វើ​លដ៍​ក្នុង​លទ្ធផល ១-០​។ ជ័យជម្នះ​នេះ​ជួយ​ក្រុម​ជើងឯក​៥​សម័យកាល​មួយ​នេះ បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​៣​នៅ​ឆ្នាំនេះ ទោះបី​ពួកគេ​នៅសល់​ការប្រកួត​មួយទៀត​ជាមួយ​បឹងកេត​ក៏ដោយ​។ 
 

សកម្មភាពប្រកួតរវាងក្រុមវិសាខាជាមួយព្រះខ័នរាជស្វាយរៀង
​បច្ចុប្បន្ន​ភ្នំពេញ​ក្រោ​ន​ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​៣២​ពិន្ទុ ដែល​ឈរ​ពីក្រោយ​ដោយ​វិសាខា ណាហ្គា​វើ​ល និង​មជ្ឈមណ្ឌល​កងយោធពល​ខេមរភូមិន្ទ ដោយ​រក្សា​២៥ និង​២៤​ពិន្ទុ​រៀងៗ​ខ្លួន​៕  
      

Tag:
 ​បឹងកេត​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com