រថយន្ត
​បច្ចេកវិទ្យា
ក្រុមហ៊ុន​អ៊ីស្រាអែល បង្ហាញ​ពី​គម្រោង​រថយន្ត EV នាពេល​អនាគត ដែលមាន​រាង​ដូច​ក្តារបន្ទះ​
12, Oct 2020 , 8:19 pm        
រូបភាព
ដោយ: ធីតា
ក្រៅពី​រួមចំណែក​កាត់បន្ថយ​ការប្រើប្រាស់​ឥន្ធនៈ​ហ្វូ​ស៊ី​ល រថយន្ត​អគ្គិសនី​មិនមាន​សំឡេង​រំខាន ហើយ​ល្បឿន​លឿន​ជាង​រថយន្ត​ចាក់​សាំង​ថែមទៀត​ផងដែរ​។ ការ​រចនា​ម៉ូដ​រថយន្ត​អគ្គិសនី​ក៏​កាន់​តែមាន​លក្ខណៈ​ប្លែក​ទៅតាម​សម័យកាល​ផងដែរ​។ តាមរយៈ​គេហទំព័រ​របស់ខ្លួន ក្រុមហ៊ុន Startup មួយ​របស់​អ៊ីស្រាអែល បានបង្ហាញ​ពី​គម្រូ​រថយន្ត EV នា​ថ្ងៃ​អនាគត ដែល​រូបរាង​ត្រឹមតែ​ជា​ក្តារបន្ទះ (Skateboard) យក្ស​មួយ​ប៉ុណ្ណោះ​។

 
Ree ស្ថិត​ក្នុងចំណោម​ក្រុមហ៊ុន​បង្កើត​ថ្មី​ដ៏​ទាក់ទាញ​មួយ​ប្រចាំឆ្នាំ​២០២០ ហើយ​ត្រូវបាន​ក្រុមហ៊ុន​ផលិត​យានយន្ត​ជាច្រើន​ចាប់អារម្មណ៍​លើ​គម្រោង​រចនា​របស់​ក្រុមហ៊ុន​មួយ​នេះ​។ ក្នុង​វីដេអូ​របស់ខ្លួន Ree បាន​បង្ហោះ​ពី​ដំណើរការ​សាកល្បង​រថ​យន្ត EV រាង​ក្តារបន្ទះ​ដែល​រចនា​បី​ទម្រង់​ផ្សេងៗ​គ្នា ដោយបាន​បញ្ជាក់ថា រថយន្ត​ទាំងនេះ អាច​ផ្ទុក​មនុស្ស និង​ទំនិញ​មួយចំនួន​សម្រាប់​ដំណើរ​លើ​ចម្ងាយ​ផ្លូវ​ដែល​ជិត​។​
 
​រថយន្ត EV ដែល​រចនា​ដោយ Ree នោះ មិនបាន​បំពាក់​កាប៊ីន ឬ​ខ្សែក្រវាត់​សម្រាប់​ការបើកបរ​ឡើយ ពោលគឺ​វា​មាន​រាងរៅ​ដូចជា​ក្តារបន្ទះ ដោយមាន​ឧបករណ៍​បញ្ជា ប៉ុន្តែ​វា​មិនមែន​ស្ថិតក្នុង​ចំណោម​រថយន្ត​ដែល​គ្មាន​មនុស្ស​បើកបរ (Self-driving) នោះទេ​។​
 

 

លោក Daniel Barel សហ​ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន REE Automotive ដែលមាន​ទីស្នាក់ការ​នៅ​ក្រុង Tel-Aviv បាន​អះអាងថា មហិច្ឆតា​ក្រុមហ៊ុន​របស់លោក គឺ​ចង់​ក្លាយជា​ក្រុមហ៊ុន​នាំមុខ​លើ​ការ​រចនា​រថយន្ត EV ជាមួយនឹង​ជម្រើស​ដ៏​សម្បូរបែប​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ REE មិនទាន់បាន​បញ្ជាក់​ពី​ការបង្ហាញ​ជា​សាធារណៈ​នូវ​រថយន្ត EV ក្តារបន្ទះ​យក្ស​នោះឡើយ ព្រោះ​ត្រូវការ​ពេលវេលា និង​គំនិត​ច្នៃប្រឌិត​បន្ថែម​។ បើតាម​គេហទំព័រ​របស់​ក្រុមហ៊ុន រថយន្ត​ដែល​ត្រូវបាន​រចនា​នោះ មាន​៦​ម៉ូ​ដែល​ហើយ ក្នុងនោះ​មាន P1, P2, P4, P6 និង P7​។​
 
​រថយន្ត​ទាំងនោះ មាន​ទំហំ​ប្រហាក់ប្រហែលគ្នា ប៉ុន្តែ​អាច​ផ្ទុក​ទម្ងន់​បាន​ផ្សេងគ្នា ហើយ​អាច​ប្រើប្រាស់​សម្រាប់​ដំណើរ​កម្សាន្ត ការដឹក​ទំនិញ និង​សេវាកម្ម​ផ្សេងៗ ដែល​នៅ​ជិត​។ ជាមួយគ្នានេះ គេ​ក៏​អាច​បំពាក់​ដំបូល​បាន​ផងដែរ ប្រសិនបើ​មិន​ចង់​ជិះ​ដូចជា​ក្តារបន្ទះ​៕




 

© រក្សាសិទ្ធិដោយ thmeythmey.com