ប្រុងប្រយ័ត្ន​! កម្ពុជា​ទទួល​ឥទ្ធិពល​ព្យុះ «​សូ​ដែល​» ដែល​នឹង​ចូលមក​តាម​រតនគិរី​
ជាតិ
សង្គមជាតិ
ប្រុងប្រយ័ត្ន​! កម្ពុជា​ទទួល​ឥទ្ធិពល​ព្យុះ «​សូ​ដែល​» ដែល​នឹង​ចូលមក​តាម​រតនគិរី​
13, Oct 2020 , 9:58 am        
រូបភាព
​ភ្នំពេញ​៖ សមុទ្រ​ចិន​ខាងត្បូង មាន​ព្យុះ​ទី​១៦ ណា​ង​កា (Nanga) ដែល​បាន​ចូលមកក្នុង​ឈូង​សមុទ្រ​តុងកឹង ហើយ​ឆ្លងកាត់​កោះ​ហៃណាំ​រួច​ចូលមក​ប្រទេស​វៀតណាម​។ បាតុភូត​នោះ​ក៏​បណ្តាល​ឲ្យ​កម្ពុជា​នឹង​ទទួលរង​ព្យុះ​ទី​១៧​ថ្មី​គឺ​សូ​ដែល (Soudel) ដែល​បណ្តាល​ឲ្យ​តំបន់​ទំនាប ជួរ​ភ្នំ​ដងរែក ខ្ពង់រាប​ឦសាន និង តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២០ ខែតុលា​ខាងមុខនេះ​។

 
​ក្រសួង​ធនធានទឹក បាន​ព្យាករ​ថា ព្យុះ​ទី​១៧​នេះ នឹង​ចូលមក​ប្រទេស​វៀតណាម​ត្រង់ចំណុច​គី​ញើ​ន ដោយ​បន្ត​ឆ្លងកាត់​ចូលមក​កម្ពុជា​តាម​ខេត្តរតនគិរី ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​១៩ ខែតុលា​ក្នុង​កម្លាំង​ជា​វិ​សម្ពាធ និង​សម្ពាធ​ទាប​។ 
 
​បាតុភូត​នោះ​នឹងធ្វើ​ឲ្យ​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ក្នុង​កម្រិត​បរិមាណ​ពី​តិច​ទៅ​បង្គួរ​។ បណ្តា​ខេត្ត​នៅតាម​តំបន់​ភាគ​ពាយ័ព្យ និង​ភាគ​ខាងជើង​នឹងមាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​។ នៅតាម​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន និង​មាន​ភ្លៀង​ធ្លាក់​មធ្យម​ទៅ​បង្គួរ​។​
 
​ចំណែក​នៅ​បណ្តា​ខេត្ត​ជាប់​តំបន់​សមុទ្រ​នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។ ក្រសួង​ធនធានទឹក​បញ្ជាក់ថា នៅលើ​ផ្ទៃសមុទ្រ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន លាយឡំ​នឹង​ខ្យល់ បក់បោក និង​រលក​សមុទ្រ​ខ្ពស់ៗ​។ 
 
​ហេតុដូច្នេះ ក្រសួង​ធនធានទឹក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​តាម​ទី​ទំនាប ក្បែរ​ផ្លូវទឹក ជាប់​តំបន់ភ្នំ និង​ជួរ​ភ្នំ ប្រុងប្រយ័ត្ន​នឹង​ជំនន់​ទឹកភ្លៀង​។ ចំណែក​អ្នកនេសាទ និង​អ្នកដំណើរ​តាម​សមុទ្រ ក៏ត្រូវ​ប្រុងប្រយ័ត្ន​នឹង​ខ្យល់ និង​រលក​ខ្ពស់ៗ​ផងដែរ​៕ 
 
 

Tag:
 ​ព្យុះ​
 ​អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com