សង្គមអន្តរជាតិ​
អន្តរជាតិ
តៃវ៉ាន់​ថា ការចោទប្រកាន់​ចិន​ពាក់ព័ន្ធ​រឿង​ចារកម្ម ជា​ព័ត៌មាន​ក្លែងក្លាយ​
13, Oct 2020 , 8:14 pm        
រូបភាព
ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing-wen ថ្លែងសុន្ទរកថាអំឡុងពិធីបុណ្យជាតិ នៅថ្ងៃទី ១០ ខែតុលា ។ រូបភាព៖ Reuters
ប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី Tsai Ing-wen ថ្លែងសុន្ទរកថាអំឡុងពិធីបុណ្យជាតិ នៅថ្ងៃទី ១០ ខែតុលា ។ រូបភាព៖ Reuters
ដោយ:
រដ្ឋាភិបាល​កោះ​តៃវ៉ាន់ បានចាត់ទុក​ការចោទប្រកាន់ថា​ក្រុង​ត៉ៃ​ប៉ិ​បានធ្វើ​ចារកម្ម​លើ​ចិន​ជា «​ព័ត៌មាន​ក្លែងក្លាយ​» ហើយ​រិះគន់​ចិន​ថា កំពុង​ធ្វើ​នយោបាយ​ដោយ​ព្យាយាម​មួលបង្កាច់​មនុស្ស​ទាំងឡាយ​ជា​ចារកម្ម ។ ការ​ប្រតិកម្ម​ពី​សំណាក់​តៃវ៉ាន់ ធ្វើ​ឡើយ​ក្រោយ​ពលរដ្ឋ​តៃវ៉ាន់​ម្នាក់ទៀត ត្រូវ​ចាប់ខ្លួន​ក្រោម​បទ​ចោទ​សន្តិសុខ​ជាតិ ហើយ​បាន​ចេញមុខ​សារភាព​ទោសកំហុស​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ចិន​។

 
 
២​ថ្ងៃ​ជាប់​គ្នា ទូរទស្សន៍​រដ្ឋ​ចិន CCTV បាន​ចាក់ផ្សាយ​ការសារភាព​ទទួលកំហុស​របស់​ជនជាតិ​ចិនតៃវ៉ាន់​ពី​កំហុស​ធ្វើ​ចារកម្ម​។ នៅ​ថ្ងៃទី​១២ ខែតុលា បុរស​តៃវ៉ាន់​ម្នាក់ទៀត​ឈ្មោះថា Cheng Yu-chin ដែល​ត្រូវបាន​អះអាងថា ធ្លាប់​ធ្វើជា​គ្រូបង្រៀន​នៅ​សាធារណរដ្ឋ​ឆែក ក៏បាន​សារភាព​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​ចិន​។ 
 
​មួយ​ថ្ងៃមុន​ករណីនេះ ទូរទស្សន៍​ក៏បាន​ផ្សាយ​ពី​ការសារភាព​រប​ស់បុរ​ស​តៃវ៉ាន់​ម្នាក់ទៀត ដែល​លួច​ថត​យោធា​ចិន​ធ្វើ​សមរ​យុទ្ធ​នៅក្បែរ​ហុងកុង​ដោយ​គ្មាន​ការអនុញ្ញាត កាលពី​ឆ្នាំមុន​។​
 
​បន្ថែម​ពីមុខ​ងារ​ជា​គ្រូបង្រៀន ទូរទស្សន៍​រដ្ឋ​ចិន​ដដែល​នេះ ចុះផ្សាយ​ទៀតថា លោក Cheng ក៏​ធ្លាប់​ធ្វើជា​ជំនួយការ​ឲ្យ លោក Cho Jung-tai ដែលជា​អតីត​ប្រធាន​បក្ស​ប្រជាធិបតេយ្យ​ជឿនលឿន (DPP) ដែលជា​បក្ស​កាន់អំណាច​របស់​តៃវ៉ាន់​។ លោក Chang បានបង្ហាញ​មុខ​លើ​កញ្ចក់​ទូរទស្សន៍​ហើយ​សារភាពថា លោក​បានទទួល​ស្គាល់​កំ​ហុ​ស​ថា ទង្វើ​របស់លោក​បង្ក​គ្រោះថ្នាក់​ដល់​ប្រទេស​ចិន​។ 
 
CCTV ផ្សាយ​បន្តថា លោក Cheng ត្រូវ​ចាប់ខ្លួន​នៅក្នុង​ប្រទេស​ចិន​ក្នុង​ខែមេសា ឆ្នាំ​២០១៩ តែ​មិនបាន​បញ្ជាក់​លម្អិត​ឡើយ​។ 
 
​យ៉ាងណាមិញ ទាំង​លោក Cho និង​បក្ស DPP តៃវ៉ាន់ អះអាងថា ពួកគេ​ពុំ​ធ្លាប់​ស្គាល់​និង​ធ្វើការ​ជាមួយ​បុរស​តៃវ៉ាន់​រូបនេះ​ឡើយ​។ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក លោក លោក Cho Jung-tai អះអាងថា ព័ត៌មាន​នេះ​រាយការណ៍​ពុំ​ត្រឹមត្រូវ​ទេ​។ 
 
​ជាមួយគ្នានេះដែរ ក្រុមប្រឹក្សា​កិច្ចការ​ចិនដីគោក​របស់​តៃវ៉ាន់ បានបញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ខ្លួន​ពុំ​ទទួល​ការស្នើសុំ​ពី​សមាជិកគ្រួសារ​ណាមួយ​ឲ្យ​ជួយ​ដោះស្រាយ​ក្នុងករណី​នេះឡើយ​។ 
 
​ក្រុមប្រឹក្សា​តៃវ៉ាន់​នេះ ក៏បាន​ថ្កោលទោស​ចិន​ក្រោយ​ចាក់ផ្សាយ​ការសារភាព​លោក Cheng លើ​ទូរទស្សន៍​នេះ​ថា​ព័ត៌មាន​ក្លែងក្លាយ ហើយ​សង្កត់ធ្ងន់ថា ចិន​កំពុង​លេង​នយោបាយ​ដោយ​ព្យាយាម​មួលបង្កាច់​មនុស្ស​ថា​ធ្វើ​ចារកម្ម​។ 
 
​ជា​ញឹកញយ ក្រុម​សិទ្ធិមនុស្ស​និង​រដ្ឋាភិបាល​លោកខាងលិច បាន​រិះគន់​ចិន​ដែល​បង្ហាញមុខ​ជនសង្ស័យ​ឲ្យ​សារភាព​លើ​កញ្ចក់​ទូរទស្សន៍​មុន​សវនាការ​ពួកគេ​៕

Tag:
 តៃវ៉ាន់​
  ចិន​
  ហុងកុង​
  ចារកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com