ជាតិ
សង្គមជាតិ
​ដំណាំ​កសិកម្ម​ជាង​១២​ម៉ឺន​ហិកតា​ហើយ ដែល​ត្រូវ​លិចលង់​ដោយសារ​ទឹកជំនន់​
13, Oct 2020 , 9:49 pm        
រូបភាព
ស្ថានភាពទឹក​ជំនន់នៅ​ខេត្តបាត់ដំបងក្រោយភ្លៀងធ្លាក់ខ្លាំងកាលពី​ថ្ងៃទី១០ ខែតុលា។ រូបថត AFP
ស្ថានភាពទឹក​ជំនន់នៅ​ខេត្តបាត់ដំបងក្រោយភ្លៀងធ្លាក់ខ្លាំងកាលពី​ថ្ងៃទី១០ ខែតុលា។ រូបថត AFP
ដោយ:
គិត​ត្រឹម​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ គ្រោះទឹកជំនន់ បាន​ជន​លិច​ដំណាំ​កសិកម្ម​ជាង​១២​ម៉ឺន ហិកតា នៅក្នុង​រាជធានី​-​ខេត្ត​ចំនួន​១៦ នៃ​ប្រទេស​កម្ពុជា​។ នេះ​បើតាម លោក ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ដូច្នេះ កាលពី​ល្ងាច ថ្ងៃទី ១២ ខែតុលា ឆ្នាំ​២០២០​។​

 
​លោក ឃុន សុខា បាន​លម្អិត​ថា ដំណាំ​កសិកម្ម​ដែល​បាន​លិចលង់​ទាំងនោះ​រួមមាន ដំណាំ​ស្រូវ​ជិត ៨​ម៉ឺន​ហិកតា និង​ដំណាំ​រួមផ្សំ​ដទៃទៀត​ជាង ៤​ម៉ឺន​ហិកតា​។   រាជធានី​-​ខេត្ត ដែល​រងគ្រោះ​មាន រាជធានី​ភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ​, ស្ទឹងត្រែង ,​កំពង់ចាម ,​ពោធិ៍សាត់​,​សៀមរាប​, បាត់ដំបង​, បន្ទាយមានជ័យ​, ឧ​ត្ត​រ​មានជ័យ​, ព្រះវិហារ​, ប៉ៃលិន​, កោះកុង​, ព្រះសីហនុ , ស្វាយរៀង និង​ខេត្តមណ្ឌលគិរី​។​
 
​លោក ឃុន សុខា បញ្ជាក់​បន្ថែមថា​៖«​ដោយសារ​យើង កំពុងស្ថិត​នៅក្នុង​ព្យុះ​ទី​១៥​។ ដូច្នេះ​ខេត្ត​ទាំង​១៦ នៅតែ​បន្ត​មាន​ភ្លៀង​ធ្លាក់ អ៊ីចឹង​ផល​ប៉ះ អាច​នឹង​នៅ​ត្រឹង ឬ​មានការ​កើនឡើង​នៅ​តំបន់​ខ្លះ​»​។​
 
​លោក ឃុន សុខា មិនទាន់​បញ្ជាក់​ពី​ដំណោះស្រាយ​ចំពោះ​ផលប៉ះពាល់​ដាំំ​កសិកម្ម​នៅឡើយ ខណៈដែល​បច្ចុប្បន្ន​អាជ្ញាធរ កំពុងតែ​មមាញឹក​លើ​ការងារ​សង្គ្រោះ និង​ជម្លៀស​ពលរដ្ឋ​ទៅកាន់​ទី​សុវត្ថិភាព ផ្តល់​សេវាកម្ម​សុខភាព​ស្បៀង និង​ទឹកស្អាត​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​ផលប៉ះពាល់​ដំណាំ​កសិកម្ម គ្រោះទឹកជំនន់​ក្នុងប្រទេស​កម្ពុជា បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​១០​នាក់​ហើយ គិត​ចាប់ពី​ថ្ងៃទី​១ ដល់ទី​១១ ខែតុលា ឆ្នាំ​២០២០៕

Tag:
 ​ទឹកជំនន់​
  កសិកម្ម​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com