សង្គមអន្តរជាតិ​
អន្តរជាតិ
មន្ត្រី​ទូត​ចិន​៖ ការស្នើ​ឲ្យ​ចិន​ចូលរួម​ក្នុង​ការចរចា​គ្រប់គ្រង​អាវុធ​នុយក្លេអ៊ែរ​ត្រីភាគី មិនអាច​ទៅរួច​ទេ​
13, Oct 2020 , 10:19 pm        
រូបភាព
តំណាងអចិន្រ្តៃយ៍រងចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Geng Shuang។ រូបភាព៖ ក្រសួងការបរទេសចិន
តំណាងអចិន្រ្តៃយ៍រងចិនប្រចាំនៅអង្គការសហប្រជាជាតិ លោក Geng Shuang។ រូបភាព៖ ក្រសួងការបរទេសចិន
ជាថ្មី​ម្ដងទៀត ចិន​បាន​បដិសេធ​ចូលរួម​ក្នុង​ការចរចា​ត្រីភាគី​ជាមួយ​អាមេរិក និង​រុស្ស៊ី​លើ​ការគ្រប់គ្រង​នុយក្លេអ៊ែរ​។ បេសកជន​ចិន ប្រាប់​កិច្ចប្រជុំ​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​១២ ខែតុលា ថា ចំនួន​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​មាន​ចំនួន​តិចជាង​នុយក្លេអ៊ែរ​របស់​អាមេរិក និង​រុស្ស៊ី​ឆ្ងាយ​ណាស់ ហើយ​ចិន​ក៏​កំពុង​អនុវត្ត​គោលនយោបាយ​មិន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​វាយប្រហារ​មុន​ដែរ​។​

 
​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នៃ​គណៈកម្មាធិការ​ទីមួយ​របស់​មហាសន្និបាត​អង្គការ​សហ​ប្រជា​តិ​លើក​ទី​៧៥ លោក Geng Shuang តំណាង​អចិន្ត្រៃយ៍​រង​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​លើកឡើងថា ក្នុង​រយៈពេល​ថ្មីៗ​នេះ អាមេរិក បានចាត់ទុក​ជា​ចិន ជា​មហាអំណាច​នុយក្លេអ៊ែរ​លំដាប់​ទី​៣​លើ​ពិភពលោក​» បន្ទាប់ពី​អាមេរិក និង​រុស្ស៊ី ហើយ​ស្នើ​ឲ្យ​ចិន​ចូលរួម​ក្នុង​កិច្ចចរចា​គ្រប់គ្រង​អាវុធ​ត្រីភាគី​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ លោក Geng បាន​អះអាងថា ការចង់​ឲ្យ​ចិន​ចូលរួម​ក្នុង​កិច្ចចរចា​គ្រប់គ្រង​អាវុធ​ត្រីភាគី​នេះ គឺ​មិន​យុត្តិធម៌ មិនមាន​ហេតុផល និង​មិនអាច​ទៅរួច​។ «​នេះ​គ្រាន់តែ​ជា​ល្បិច ដើម្បី​ផ្លាស់ប្តូរ​ការចាប់អារម្មណ៍​របស់​សហគមន៍​អន្តរជាតិ​ប៉ុណ្ណោះ​»​។ អ្នកការទូត​ចិន បានលើកឡើង​បែបនេះ ដោយ​បន្ថែមថា អាមេរិក កំពុង​យក​លេស ដើម្បី​គេចវេស​ពី​ការទទួលខុសត្រូវ​ដ៏​សំខាន់​មួយ​លើ​អាវុធ​នុយក្លេអ៊ែរ និង​បង្កើត​ឧត្តមភាព​យោធា​របស់ខ្លួន​ឲ្យ​ខ្ពស់បំផុត​។ 
 
 
​បើតាម​លោក Geng ការមិន​ចូលរួម​របស់​ចិន​ក្នុង​កិច្ចចរចា​ខាងលើនេះ ក៏​ដោយសារតែ​ចិន​ប្រកាន់យក​យុទ្ធសាស្ត្រ​ការពារ​ខ្លួន ដែល​រក្សា​បរិមាណ​អាវុធ​នុយក្លេអ៊ែរ​ឲ្យ​នៅ​កម្រិត​ទាប ដើម្បី​ការពារ​សន្តិសុខ​ជាតិ​របស់ខ្លួន​ប៉ុណ្ណោះ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​Xinhua លោក Geng ដែលជា​អតីត​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ដែរនោះ បាន​បន្ថែមថា ចិន​នឹងមិន​ចូលរួម​ការ​ប្រ​ណាំ​ប្រជែង​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក និង​រុស្ស៊ី​ឡើយ ព្រោះ​គម្លាត​អាវុធ​ចិន ជាមួយ​អាមេរិក និង​រុស្ស៊ី មាន​ទំហំ​ធំ​ណាស់​។ 
 
​ជាមួយគ្នានេះ តំណាង​អចិន្ត្រៃយ៍​រង​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បញ្ជាក់ថា ចិន​មិន​ចូលរួម​ក្នុង​កិច្ចចរចា​បែប​នោះទេ ហើយក៏​មិន​ខ្លាច​ការគំរាមកំហែង និង​ការ​សម្លុត​ដែរ​។ ជាមួយគ្នានេះ មន្ត្រីការទូត​ចិន​រូបនេះ ក៏បាន​និយាយ​ការពារ​ជំហរ​របស់​ទីក្រុង​ប៉េកាំង​ទៀតថា ការមិន​ចូលរួម​ក្នុង​ការចរចា មិនមែន​ជាការ​គេចវេស​ការទទួលខុសត្រូវ​អ្វី​ឡើយ ឬក៏​ជា​បដិសេធ​ក្នុងការ​ចូលរួម​ដំណើរការ​នៃ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ដែរ ប៉ុន្តែ​ចិន​នៅតែ​បន្ត​គាំទ្រ​ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។​
 
​បើតាម​លោក Geng ក្នុងចំណោម​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ ចិន​ជា​ប្រទេស​តែមួយគត់ ដែល​ប្រកាន់យក​គោលនយោបាយ​មិន​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ ដើម្បី​វាយប្រហារ​ប្រទេស​ណាមួយ​មុន​, មិន​ប្រើប្រាស់​នុយក្លេអ៊ែរ ដើម្បី​សម្លុត​ប្រទេស​ដទៃ​។​
 
​សូមបញ្ជាក់ថា គណៈកម្មាធិការ​ទីមួយ​នេះ ជា​គណៈកម្មាធិការ​សន្តិ​សុខ​អន្តរជាតិ និង​ការរំសាយ​អាវុធ ដែលមាន​តួនាទី និង​ទទួលបន្ទុក​លើ​បញ្ហា​សន្តិសុខ​អន្តរជាតិ និង​ការរំសាយ​សព្វាវុធ​។ គណៈកម្មាធិការ​នេះ តែងតែ​ប្រារព្ធ​ឡើង​នៅក្នុង​ខែតុលា បន្ទាប់ពី​មហាសន្និបាត​អង្គការសហប្រជាជាតិ​៕ 

Tag:
 ចិន​
  រុស្ស៊ី​
  អាមេរិក​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com