សូម​ប្រុងប្រយ័ត្ន​! ទឹកស្ទឹង​ព្រែក​ត្នោត ឡើងដល់​កម្រិត​ប្រកាសអាសន្ន​
ជាតិ
២៥ខេត្ត/រាជធានី
សូម​ប្រុងប្រយ័ត្ន​! ទឹកស្ទឹង​ព្រែក​ត្នោត ឡើងដល់​កម្រិត​ប្រកាសអាសន្ន​
13, Oct 2020 , 10:13 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
រូបភាពពីទំព័រហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ​៖ ទឹកស្ទឹង​ព្រែក​ត្នោត ក្នុង​ខេត្តកណ្តាល និង​នៅ​ខាងលិច​រាជធានី​ភ្នំពេញ បាន​ឡើងដល់​កម្រិត​ប្រកាសអាសន្ន ដោយសារ​បរិមាណ​ទឹក​ហូរ​ខ្លាំង​មកពី​ផ្នែក​ខាងលើ​ចូលក្នុង​ស្ទឹង​បន្ថែម និង​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់ នៅ​ព្រលប់​ថ្ងៃទី​១៣ តុលា​នេះ​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។

 
​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម កំពុង​ដឹកនាំ​ក្រុមការងារ​ប​ចេ្ច​ក​ទេស​ក្រសួង អន្តរាគមន៍​ទប់​ជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​ភូមិសាស្ត្រ​ភាគ​ខាងលិច​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ដែល​បាន​ឈានដល់​កម្រិត​ប្រកាសអាសន្ន ពី​ការ​ប្រឈម​នឹង​ទឹកជំនន់​។  តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ធនធានទឹក និង​ឧតុនិយម ការ​ជោរជន់​នៅ​ស្ទឹង​ព្រែក​ត្នោត គឺ​ដោយ សារ​បរិមាណ​ទឹក​ហូរ​ខ្លាំង​មកពី​ផ្នែក​ខាងលើ​ចូលក្នុង​ស្ទឹង​ព្រែក​ត្នោត​បន្ថែម និង​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់ នៅ​ព្រលប់​ថ្ងៃទី​១៣​តុលា​នេះ​។​
 
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បញ្ជាក់​ដូច្នេះ​ថា​៖ «​បរិមាណ​ទឹក​ហូរ​ខ្លាំង មកពី​ផ្នែក​ខាងលើ​ចូលក្នុង​ស្ទឹង​ព្រែក​ត្នោត​បន្ថែម និង​ភ្លៀង​ធ្លាក់​ខ្លាំង​មុននេះ​លើសពី​កម្រិត ៧២,៨០ មី​លី​ម៉ែត្រ បណ្តាល​ឲ្យ​កម្ពស់​ទឹក​នៅ​ទំនប់​អាងទឹក​៧​មករា ឡើង​ខ្ពស់​កម្ពស់​អតិបរមា​»​។​

ទាក់ទងនឹងកម្រិតកម្ពស់ទឹកនៅស្ទឹងព្រែកត្នោតនេះដែរ លោក ឃួង ស្រេង​ អភិបាលរាជធានីភ្នំពេញ ក៏កំពុងស្ថិតនៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីអន្តរាគមន៍ដោយផ្ទាល់ ធ្វើយ៉ាងណា បញ្ចៀសការជន់លិចរាជធានីភ្នំពេញ ក្នុងករណីលិចធ្លាយ ឬការបើកបង្ហូរទឹកស្ទឹង​ព្រែកត្នោតនោះ។ តំបន់ទំនាបមួយចំនួននៅក្នុងរាជធានីភ្នំពេញ ក៏បានជន់លិចដោយសារទឹកភ្លៀងដែលធ្លាក់យូរម៉ោង នៅថ្ងៃទី១៣តុលានេះដែរ។
 
​បើតាម​ក្រសួង​ធនធានទឹក គិត​ចាប់ពី​ថ្ងៃត្រង់​ថ្ងៃទី​១៣ តុលា​នេះ កម្ពស់​ទឹកបាន​ហក់​ឡើង ០,៣០​ម៉ែត្រ​បន្ថែម ធ្វើ​ឲ្យ​កម្ពស់​ទឹក​ដែល​ស្មើនឹង​កម្រិត​កម្ពស់​ខ្នង​ទំនប់ បន្ត​កើន​កម្ពស់​ទឹក​ទៅ​ហូរ​លើ​ពី​បាវ​ខ្សាច់ ហូរ​ចុះទៅ​ផ្នែក​ខាងក្រោម​។ ការ​ជន់​ជំនន់​ស្ទឹង​ព្រែក​ត្នោត និង​កម្ពស់​ទឹក​មានការ​កើនឡើង ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​អំពាវនាវ​ដល់​ពលរដ្ឋ​រស់​នៅតាម​បណ្តោយ​សណ្តរ​ទំនប់ និង​ផ្នែក​ខាងក្រោម ឲ្យ​ប្រុងប្រយ័ត្ន និង​ត្រៀមលក្ខណៈ​ដើម្បី​បញ្ជៀ​ស​គ្រោះថ្នាក់​ជាយថាហេតុ ពី​ជំនន់​ទឹកភ្លៀង​លើស​ណ្តរ​ស្ទឹង​ព្រែក​ត្នោត​៕
 
 

Tag:
 ជំនន់
 ស្ទឹងព្រែកត្នោត
 កណ្តាល
 ភ្នំពេញ
 លឹម គានហោ
© រក្សាសិទ្ធិដោយ thmeythmey.com