អន្តរជាតិ
អូស្ត្រាលី ទាមទារ​ចម្លើយ​ពី​ចិន​លើ​ការហាម​នាំចូល​ធ្យូងថ្ម​
14, Oct 2020 , 9:27 am        
រូបភាព
ឧស្សាហកម្មធ្យូងថ្មអូស្ត្រាលី។ រូបភាព៖ Reuters
ឧស្សាហកម្មធ្យូងថ្មអូស្ត្រាលី។ រូបភាព៖ Reuters
ដោយ:
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី នៅ​ថ្ងៃទី​១៣ តុលា​នេះ បានទាមទារ​ឲ្យ​អាជ្ញាធរ​ចិន បំភ្លឺ​ជុំវិញ​បម្រាម​មិន​ឲ្យ​នាំចូល​ធ្យូងថ្ម​របស់​អូស្ត្រាលី​។ ការនាំចេញ​ធ្បូ​ង​ថ្ម ជា​វិស័យ​មួយ​យ៉ាងសំខាន់​របស់​សេដ្ឋកិច្ច​អូស្ត្រាលី ជាពិសេស​ចំពេល​ដែល​ប្រទេស​នេះ កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​។​នេះ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​



​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អូស្ត្រាលី​បានលើកឡើង​ថា លោក​កំពុង​ព្យាយាម​រក​ការបំភ្លឺ​ពិ​ចិន ដែល​ណែនាំ​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​របស់ខ្លួន​លែង​ឲ្យ​ទិញ​ធ្យូងថ្ម​របស់​អូស្ត្រាលី​។​ជា​រៀងរាល់ឆ្នាំ អូស្ត្រាលី​នាំចេញ​ធ្យូងថ្ម ដែលមាន​តម្លៃ​ដល់​ទៅ​១០​ពាន់​លាន​ដុល្លារ​។​
 
​លោក​Simon Birmingham រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​អះអាងថា ពេលនេះ​លោក​កំពុង​ពិភាក្សា​ជាមួយ អ្នក​នាំ​ាំ​ចេញ​ធ្យូងថ្ម​អូស្ត្រាលី និង​ទាក់ទង​អាជ្ញាធរ​ចិន​ជុំវិញ​ការសង្ស័យ​ខាងលើនេះ​។​ទោះជា​យ៉ាងណាក្តី លោក Birmingham ពុំទាន់​បញ្ជាក់​ជា​ផ្លូវការ​ឡើយ ថា​មាន​បម្រាម​ការនាំ​ចូល​ធ្យូងថ្ម​ពី​ចិន​។​
 
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី ក៏បាន​លើកឡើង​ផងដែរ​ថា ទំនាក់ទំនង​ជាមួយ​ចិន​មាន​លក្ខណៈ​លំបាក ដោយសារ​ចិន​ធ្វើ​មិនដឹងមិនលឺ ក្រោយ​ប្រទេស​ទាំង​២​មាន​ជម្លោះ​ជាមួយគ្នា​លើ​បញ្ហា​ជាច្រើន​។​
 
​សារព័ត៌មាន​ពាណិជ្ជកម្ម​អូស្ត្រាលី​មួយចំនួន រួមមាន S&P Global Platts បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន​រដ្ឋ​ចិន​ដែល​ផលិត​អគ្គីសនី និង​ស្លដែក បានទទួល​បញ្ជា​ដោយផ្ទាល់​មាត់​ពី​អាជ្ញាធរ​ចិន លែង​ឲ្យ​ទិញ​ធ្យូងថ្ម​អូស្ត្រាលី​។​
 
​បើសិន​ជាមាន​បម្រាម​លើ​ការ​នាំចូល​ធ្យូងថ្ម​នេះ​មែន ទំនាក់ទំនង​រវាង​ចិន និង​អូស្ត្រាលី​នឹង​កាន់តែ​ធ្លាក់ចុះ​មួយកម្រិត​បន្ទាប់ពី​ប្រទេស​ទាំង​២​ឈ្លោះ​គ្នា​រឿង​ប្រភព​ជំងឺ​COVID-19 សន្តិសុខ ពាណិជ្ជកម្ម និង​ចារកិច្ច​។ បម្រាម​នាំចូល​ធ្យូងថ្ម​នេះ ក៏​នឹង​ប៉ះពាល់​សេដ្ឋកិច្ច​អូស្ត្រាលី​បន្ថែមទៀត ដ្បិតអី​ការនាំចេញ​របស់​ប្រទេស​នេះ​ពឹងផ្អែក​មួយផ្នែកធំ​លើ​ការនាំចេញ​ធនធានធម្មជាតិ​ទាំងនេះ ខណៈ​អូស្ត្រាលី​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច​ជា​លើកដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ​។​
 
​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អូស្ត្រាលី​អះអាងថា​៖« ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ យើង​ឃើញ​មាន​ទម្រង់​មួយចំនួន​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ធ្យូងថ្ម ពី​ចិន​ទៅ​អូស្ត្រាលី​»​។​ប៉ុន្តែ​លោក​អះអាងថា ទីផ្សា​ធ្យូងថ្ម​ក៏​ត្រឡប់មក​សភាព​ដើម​វិញ ដោយសារ​ការដាក់​កូតា​ដោយ​អាជ្ញាធរ​ចិន​។​លោក Birmingham រំពឹងថា​បញ្ហា​ធ្យូងថ្ម​នេះ​នឹង​អាច​ដោះស្រាយ​ដោយ​មិនចាំបាច់​មាន​អន្តរាគមន៍​ពី​រដ្ឋាភិបាល​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា ក្រោយពេល​អូស្ត្រាលី​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​លើ​ការផ្ទុះ​ជំងឺឆ្លង​COVID-19 រដ្ឋាភិបាល​ចិន​បាន​គំរាម​លើ​ការ​នាំចូល​ស្រា សាច់គោ និង​ស្រូវ​សាឡី​ពី​អូស្ត្រាលី​។​
​បន្ថែម​ពីនេះ ប៉េកាំង​ក៏បាន​ព្រមាន​ប្រជាជន​ខ្លួន​មិន​ឲ្យ​ទៅ​រៀន ឬ​កំសាន្ត​នៅ​អូស្ត្រាលី​ផងដែរ ដោយ​អះអាងថា​មានការ​រើសអើង​ពូជសាសន៍​។ វិស័យ​អប់រំ និង​ទេសចរណ៍​អាស្រ័យ​មួយ​ភាគ​ធំ​លើ​ជន​ជាតិចិន និង​មាន​សារៈសំខាន់​ផងដែរ​ដល់​សេដ្ឋកិច្ច​អូស្ត្រាលី​៕
 
 

Tag:
 ​ចិន​
 ​អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com