សង្គមអន្តរជាតិ​
អន្តរជាតិ
មនុស្ស​២៩​នាក់​ហើយ បាត់បង់​ជីវិត​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​វៀតណាម​
14, Oct 2020 , 10:35 am        
រូបភាព
កងទ័ពវៀតណាម ជួយសង្គ្រោះអ្នកនេសាទនៅខេត្តQuang Tri នៅថ្ងៃទី ១១ ខែតុលា ។ រូបភាព៖ Reuters
កងទ័ពវៀតណាម ជួយសង្គ្រោះអ្នកនេសាទនៅខេត្តQuang Tri នៅថ្ងៃទី ១១ ខែតុលា ។ រូបភាព៖ Reuters
ដោយ:
​អ្នកស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង និង​ការបាក់​ដី​ក្នុង​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម បាន​កើន​ដល់​២៩​នាក់​ហើយ គិត​ត្រឹម​ថ្ងៃទី​១៣ ខែតុលា ហើយ​មនុស្ស​រាប់សិប​នាក់​ទៀត​បាន​បាត់​ខ្លួន​។

 
​ភ្លៀង​ធ្លាក់​មិន​ដាច់ ចាប់តាំងពី​ដើមខែ​តុលា បាន​បង្ក​ទៅជា​ទឹកជំនន់​និង​ការបាក់​ដី​ក្នុង​ខេត្ត​មួយចំនួន​ក្នុង​ភាគ​កណ្ដាល​នៃ​ប្រទេស​វៀតណាម ហើយ​ជំនន់​ទឹកភ្លៀង​នេះ រំពឹង​កាន់តែ​អាក្រក់​ខ្លាំង​ទៀត​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ ខណៈ​ព្យុះ​ណា​ង​កា​កំពុង​វាយប្រហារ​លើ​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ នៅ​ថ្ងៃទី ១៤ ខែតុលា​។ 
 
​ជំនន់​ទឹកភ្លៀង​ដែល​កំពុង​បន្ត​នេះ បានសម្លាប់​មនុស្ស​២៩​នាក់​ក្នុងប្រទេស​វៀតណាម ខណៈ​ផ្ទះសម្បែង​១៣០ ០០០​ខ្នង និង​ដីស្រែ​រាប់ម៉ឺន​ហិកតា​ត្រូវបាន​ខូចខាត​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក​វៀតណាម​។ 
 
​កម្មករសំណង់​១៧​នាក់ បាន​បាត់​ខ្លួន​ក្រោយ​ហេតុការណ៍​បាក់​ដី​នៅ​ការដ្ឋាន​គម្រោង​ទំនប់​វា​រី​អគ្គិសនី​មួយកន្លែង​ក្នុង​ខេត្ត Thua Thien-Hue ភាគ​កណ្ដាល​វៀតណាម​។ ចំណែក​មនុស្ស​១៣​នាក់​ផ្សេងទៀត ដែល​បញ្ជូនទៅ​ជួយសង្គ្រោះ​កម្មករ​ទាំងនេះ​ក៏បាន​បាត់​ខ្លួន​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​រដ្ឋ​វៀតណាម Nhan Dan នៅ​ថ្ងៃទី​១៣ ខែតុលា​។ 
 
​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន ស៊ួ​ន​ហ្វុ​ក  ក្នុង​សេចក្តីថ្លែងការណ៍​មួយ បានចេញ​បញ្ជា​ឲ្យ​ក្រសួងការពារជាតិ​បញ្ជូន​កងទ័ព​សង្គ្រោះ​បន្ថែមទៀត​ទៅកាន់​ការដ្ឋាន​សំណង់​ដែល​បាក់​ដី​នេះ​។ យ៉ាងណាមិញ គិត​ត្រឹម​ព្រឹក​ថ្ងៃ​អង្គារ ក្រុម​សង្គ្រោះ​វៀតណាម ពុំ​អាច​ចូល​ទៅដល់​ចំណុច​ការដ្ឋាន​ទំនប់​វា​រី​អគ្គិសនី​នោះបាន ដោយហេតុថា​កម្រិត​ទឹក​ខ្ពស់ ភ្លៀង​ធ្លាក់​ខ្លាំងពេក និង​មាន​បាក់​ដី​បន្ថែម​។ 
 
​មកទល់ពេលនេះ អាជ្ញាធរ​តំបន់​វៀតណាម បាន​ជម្លៀស​ពលរដ្ឋ​ជិត​៥​ម៉ឺន​នាក់​ចេញពី​តំបន់​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ទៅកាន់​ទីទួល​សុវត្ថិភាព ហើយ​ពួកគេ​ក៏បាន​ស្នើសុំ​អាហារ​បន្ទាន់​ពី​រដ្ឋាភិបាល​៕ 
 
 

Tag:
 វៀតណាម​
  ជំនន់​ទឹកភ្លៀង​
  ព្យុះ​ណា​ង​កា
© រក្សាសិទ្ធិដោយ thmeythmey.com