ជាតិ
ពីនេះ ពីនោះ
រូបត្លុក
ទឹក​លិច​មួយផ្នែក​នៃ​ភ្នំពេញ​ពញ្ញាក់​ឲ្យ​អាជ្ញាធរ អ្នក​អភិវឌ្ឍ និង​ពលរដ្ឋ​ពិចារណា​ឡើងវិញ​!
14, Oct 2020 , 11:42 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ទឹក​លិច​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​មិន​ត្រូវបាន​ពលរដ្ឋ​ស្តីបន្ទោស​នរណាម្នាក់​ឡើយ ព្រោះ ពួកគេ​គិតថា វា​គឺជា​រឿង​គ្រោះធម្មជាតិ ហើយ​ប្រទេស​ផ្សេង​មួយចំនួន​ក៏​កំពុង​រងគ្រោះ​នឹង​បញ្ហា​នេះ​ដូចគ្នា​ដែរ​។ តែ​ទឹក​លិច​ផ្នែក​ខ្លះ​នៃ​រាជធានី​ភ្នំពេញ​នៅតែ​ជា​រឿង​រអ៊ូរទាំ​របស់​ពល​រដ្ឋ​មួយចំនួន​នៅ​ទីក្រុង​ភ្នំពេញ​។ សំណាង និង​សុធីរ បានឃើញ​ការ​រអ៊ូរទាំ​របស់​ពល​រដ្ឋ​នៅតាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ផង នៅតាម​តៀម​កាហ្វេ​ផង និង​នៅតាម​សហគមន៍​របស់​ពួកគេ​ផង​។ ហេតុអ្វី​ផ្នែក​ខ្លះ​នៃ​ភ្នំពេញ​នៅតែ​លិច នៅពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​?

 
​សុធីរ​៖ អា សំណាង​! ម្សិលមិញ​ធ្វើដំណើរ​ត្រឡប់ទៅផ្ទះ​វិញ ម៉ូតូ​អ្ហែង​លិច​ទឹក​ឬទេ​? 
 
​សំណាង​៖ លើសពី​លិច គឺ​ម៉ូតូ​ខូច​តែម្តង ហើយ​អញ​ចំណាយលុយ​ជួសជុល​អស់​ច្រើន​ម៉ឺន​រៀល​ថែម​ទៀតផង​។ 
 
​សុធីរ​៖ ចុះ​ផ្ទះ​វិញ​? 
 
​សំណាង​៖ អញ​ចំណាយពេល​ជាង​២​ម៉ោង​ដើម្បី​ជិះ​ទៅដល់​ផ្ទះ ព្រោះ​ផ្លូវ​មួយចំនួន​លិច​ទឹក និង​ស្ទះចរាចរណ៍​។ នៅ​ដល់ផ្ទះ ផ្ទះ​លិច​ទឹក​ទៀត ព្រោះ ផ្លូវ​មុខផ្ទះ​អញ​វា​ខ្ពស់ជាង​ផ្ទះ​អញ​ខ្លាំងពេក​។ 
 
​សុធីរ​៖ អញ​ឃើញ​គេ​ជីក​ផ្លូវ​ធ្វើ​លូ​ហ្នឹង​វា​ច្រើនពេក​ទៅហើយ​។ តើ​ហេតុអ្វី​បានជា​ផ្លូវ​នៅតែ​លិច​ទឹក​? 
 
​សំណាង​៖ អញ​ក៏​មើលឃើញ​ដូច​តែ​អ្ហែង​ដែរ​។ តែ​រឿងនេះ​ប្រហែលជា​មកពី​កត្តា​មួយចំនួន​ហើយ​មើលទៅ ដូចជា អាចមកពី​ភ្លៀង​ធ្លាក់​វា​ខ្លាំងពេក​(​ម​រិ​មាណទឹក​ច្រើន​ជ្រុល​), លូ​ហូរ​មិនទាន់​, ម៉ាស៊ីនបូមទឹក​ចេញពី​ទីក្រុង​បូម​មិនទាន់​។ អាច​ថា លូ​ហូរ​យឺត​ព្រោះ សំរាម​ច្រើនពេក និង​…
 
​សុធីរ​៖ និង​អី​ទៀត រកហេតុ​ផល​មក​បន្ថែ​ម​មក អា សំណាង​! 
 
​សំណាង​៖ ដូច​អ្ហែង​ធ្លាប់​លឺ​អ្នកជំនាញ​ពន្យល់​ហើយ​ថា សណ្ឋាន​ដីភ្នំ​ពេញ​មាន​រាង​ជា​បាតខ្ទះ អមដោយ​ទំនប់​ព័ទ្ធជុំវិញ ដូច្នេះ បើ​ភ្លៀង​ធ្លាក់​គំហុក​ខ្លាំងពេក ពេលនោះ សមត្ថភាព​នៃ​ការ​បូម​ចេញ​អាច​ពិបាក​។ អញ​ឃើញ​អាជ្ញាធរ​បន្ថែម​រថយន្ត​បូមទឹក​ចេញពី​រាជធានី​ភ្នំពេញ​ច្រើន​គ្រឿង​ណាស់ តែ​នៅ​មិនអាច​ដោះស្រាយបាន​។ ភ្លៀង​កាលពី​ម្សិលមិញ​ច្រើន​ម៉ោង​ណាស់​។ នេះ គឺជា​លើក​ទី​១​ក្នុង​រយៈពេល​ជាង​១​ទសវត្សរ៍​ហើយ​ដែល​ភ្លៀង​ធ្លាក់​ខ្លាំង​យ៉ាង​ដូច្នេះ​នៅ​ភ្នំពេញ​។ ម្យ៉ាងទៀត អញ​ធ្លាប់​លឺ​អ្នកជំនាញ​ខាង​ស្ថាបត្យកម្ម​និយាយប្រាប់​អញ​ថា ការចាប់​បេតុង​គ្រប់​ទីកន្លែង​នៅ​រាជធានី​ភ្នំពេញ​នេះ ក៏​បង្កើន​ធារទឹក​នៅលើ​ផ្លូវ​ច្រើន​ដែរ ព្រោះ កាលពី​ពេលមុន រាជធានី​ភ្នំពេញ​នៅមាន​ដី​ទំនេរ​គ្មាន​បេតុង​ច្រើន​។ ធម្មតា ដី ក៏​អាច​បឺត​ទឹក​បញ្ចូល​ទៅក្នុង​ដី​បាន​ច្រើន​ដែរ​។ 
 
​សុធីរ​៖ អ៊ីចឹង ទឹក​លិច​ហ្នឹង អត់​មាន​ទាក់ទង​នឹង​ការ​លុប​បឹង​ទេ​ឬ​? 
 
​សំណាង​៖ អ្ហែង​សួរ​អញ​អ៊ីចឹង អញ​ពិបាក​ឆ្លើយ​ណាស់​រឿងនេះ​។ ពិបាក​ឆ្លើយ ព្រោះ អញ​មិនមែនជា​អ្នកជំនាញ​ខាង​ហ្នឹង​។ 
 
​សុធីរ​៖ អើ​! អញ​ដឹង​ហើយ​ថា អ្ហែង​មិនមែនជា​អ្នកជំនាញ​ទេ តែបើ​តាម​យោបល់​របស់​អ្ហែង តើ​ផ្លូវ​លិច​ទឹក​ហ្នឹង​អាច​បណ្តាល​មួយផ្នែក​ណា​មកពី​ការ​លុប​បឹង​ធម្មជាតិ​មួយចំនួន​នៅ​ភ្នំពេញ​ឬទេ​? 
 
​សំណាង​៖ អញ​គ្រាន់តែ​អាច​ឆ្លើយថា វា​មិនមែន​មកពី​រឿង​លុប​បឹង​ទាំងអស់​ទេ​។ កាលពី​អតីតកាល​យូរលង់​មកហើយ បឹង​ជាច្រើន​ត្រូវបាន​គេ​លុប​ជា​បន្តបន្ទាប់​ដើម្បី​អភិវឌ្ឍ ដូចជា បឹ​ក​កេងកង បឹង​ព្រលឹត អូរឫស្សី បឹងកក់ បឹងត្របែក​។​ល​។ រាល់​ការអភិវឌ្ឍ​វា​តែងតែ​ប៉ះពាល់​ខ្លះ​ហើយ​។ ប៉ុន្តែ ប្រជាពលរដ្ឋ​ខ្លួនឯង​ក៏​ទទួលបាន​ផល​ច្រើន​ពី​ការអភិវឌ្ឍ​ដែរ​។ អ្វីដែល​គួរកត់សម្គាល់ គឺថា ការ​លិច​ផ្លូវ​នៅ​ភ្នំពេញ​នាពេល​បច្ចុប្បន្ននេះ មាន​រយៈពេល​តិចជាង​កាលពី​ជាង​១០​ឆ្នាំមុន ហើយ​នេះ គឺ​ដោយសារ​ការកែលម្អរ​ប្រព័ន្ធ​លូ និង​សមត្ថភាព​នៃ​ម៉ាស៊ីនបូមទឹក​ចេញពី​ក្រុង​។ ម្យ៉ាងទៀត អញចង់​បញ្ជាក់ប្រាប់​អ្ហែង​ថា ទីក្រុង​មួយចំនួន​ទាំង​នៅ​អាស៊ី ដូចជា ប្រទេស​ថៃ នៅក្បែរ​យើង និង​នៅ​អឺរ៉ុប​មួយចំនួន​ក៏​លិច​ទឹក​ដែរ ពេល​មេឃ​ភ្លៀង​ខ្លាំង​ម្តងៗ​។ ទោះបីជា​អញ​ឲ្យ​ហេតុផល​ថា កណ្តាល​ក្រុង​នាពេល​បច្ចុប្បន្ន​លិច​ទឹក​មាន​រយៈពេល​ខ្លី​ជាង​កាលពី​ជាង​១០​ឆ្នាំមុន​ក៏ដោយ តែ​អ្នករស់នៅ​ភាគ​ខាងលិច​ភ្នំពេញ (​ក្រៅ​ក្រុង​) ហាក់​ប្រឈម​នឹង​ការលិចលង់​ខ្លាំង​ជាង​មុន​។ ផ្ទុយទៅវិញ អ្នករស់នៅ​ក្នុង​បុរី (​តំបន់​ថ្មី​+​ខ្ពស់​) មិន​ប្រឈម​នឹង​បញ្ហា​ទឹកជំនន់​ទឹកភ្លៀង​ឡើយ​។ 
 
​សុធីរ​៖ អ៊ី​ចឹ​មានន័យថា មាន​អ្នក​លិច និង​មាន​អ្នក​អត់​លិច​? 
 
​សំណាង​៖ គឺជា​រឿង​ត្រឹមត្រូវ មាន​កន្លែង​នៅ​បន្ត​លិច តែ​ក៏មានដែរ​កន្លែង​ដែល​ធ្លាប់​លិច ហើយ​លែង​លិចទៅ​វិញ ព្រោះតែ​ការកែលម្អរ​ប្រព័ន្ធ​លូ និង​ប្រឡាយ​មេ​។ អញ​និយាយ​បែ​នេះ មិនមែន​មានន័យថា អាជ្ញាធរ អ្នក​អភិវឌ្ឍ​បុរី និង​ប្រជាពលរដ្ឋ​ឈប់​គិត​នោះទេ​។ អញ​គិតថា ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា​ប៉ុន្មាន​ថ្ងៃនេះ គឺជា​ការ​ពញ្ញាក់​ឲ្យ​អ្នកពាក់ព័ន្ធ​ពិចារណា​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។ តើ​រាល់​ការអភិវឌ្ឍ​តំបន់​ថ្មី​ត្រូវ​គិតពី​អ្នក​នៅ​ជុំវិញ​ឬទេ​? តើ​អ្នក​អភិវឌ្ឍ​ត្រូវ​គិតពី​ផលប៉ះពាល់​ដល់​អ្នក​នៅ​តំបន់​ទាប​ឬទេ​? តើ​អាជ្ញាធរ​ត្រូវ​កំណត់​ការសាងសង់​ប្រព័ន្ធ​ប្រឡាយ​ដូចម្តេច​ដើម្បី​រំដោះ​ទឹក​ចេញ ចៀសវាង​កុំ​ឲ្យ​តំបន់​អភិវឌ្ឍ​ថ្មី​ប្រសើរឡើង តែ​តំបន់​ចាស់​ខ្លះទៀត កាន់តែ​រងគ្រោះ​។ ពលរដ្ឋ​ត្រូវ​ដោះស្រាយ​រឿង​សំរាម​ឲ្យ​បាន​មួយចំនួនធំ មានន័យថា ចូរ​កុំ​បោះចោល​សំរាម​ក្នុង​ប្រព័ន្ធ​ប្រឡាយ​លូ​។ 
 
​សរុប​មកវិញ ភ្លៀង​លើក​នេះ ធ្ងន់ធ្ងរ​ខ្លាំងណាស់ បន្ទោស​នរណា​ក៏​ពិបាក​ដែរ​។ សម្រួល​អារម្មណ៍​ខ្លះទៅ អា ធីរ​! 
 
​សុធីរ​៖ អានេះ វា​និយាយ​មកនេះ ចង់​ឲ្យ​អញ​ទ្រាំ​តើ​។ 
 
​សំណាង​៖ ជារួម អា​រឿង​លិច​ទឹក​ហ្នឹង ពិបាក​ទាំង​គេ ទាំង​អញ តែ​អ្វីដែល​អញ​កំពុង​និយាយប្រាប់​អ្ហែង​ហ្នឹង គឺជា​ការពិត​ដែល​កំពុង​កើតឡើង​នៅក្នុង​សង្គម​តើ​! នៅលើ​លោក​នេះ វា​គ្មាន​អ្វីដែល​ល្អឥតខ្ចោះ​នោះទេ​។ ពេលខ្លះ អ្ហែង​គួរ​ចេះ​ទ្រាំ​ខ្លះទៅ ជីវិត គឺ​អ៊ីចឹង​។ 
 
​សុធីរ​៖ យី​អានេះ អញ​សួរ​វា​រឿង​ទឹក​លិច​ផ្លូវ លិច​ផ្ទះ វា​បែរជា​មក​ប្រដៅ​អញ​រឿង​ជីវិត​ទៅវិញ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com