ជាតិ
សង្គមជាតិ
ពលរដ្ឋខ្លះ រអ៊ូរឿងសំរាម ហើយស្នើឲ្យក្រុមហ៊ុននិងរដ្ឋបាលភ្នំពេញ ដោះស្រាយបញ្ហាជូនកម្មករឲ្យបានឆាប់
14, Oct 2020 , 2:00 pm        
រូបភាព
ទិដ្ឋភាពសំរាមនៅផ្លូវបឹកត្របែក
ទិដ្ឋភាពសំរាមនៅផ្លូវបឹកត្របែក
ភ្នំពេញ៖ ពលរដ្ឋមួយចំនួន នៅរាជធានីភ្នំពេញរអ៊ូរទាំពីបញ្ហាសំរាម ដែលមានក្លិននិងរាយប៉ាយយ៉ាងអនាធិបតេយ្យ នៅតាមទីកន្លែងនានា ពិសេសនៅពេលមានទឹកជំនន់ ខណៈកម្មករក្រុមហ៊ុនស៊ីនទ្រី កំពុងធ្វើកូដកម្មមិនចូលបំពេញការងារ។ ពលរដ្ឋទាំងនោះ អះអាងថា កូដកម្មរបស់កម្មករប្រមូលសំរាមនិងបញ្ហាគ្រប់គ្រងសំរាមមិនមែនទើបកើតលើកទីមួយឡើយ គឺដោយសារការគ្រប់គ្រងមិនបានល្អរបស់អាជ្ញាធរនិងក្រុមហ៊ុន។



ជាដំណោះស្រាយលើបញ្ហានេះ ពលរដ្ឋ យល់ថា សាលារាជធានីភ្នំពេញ គួរដោះស្រាយឲ្យកម្មករប្រមូលសំរាម រួមទាំងដំឡើងប្រាក់ឲ្យពួកគេបន្ថែមផងដែរ។

អ្នកស្រី វណ្ណ ពេជ្រ អាជីវករលក់ដូរលើផ្លូវ១០៥ ជិតផ្សារបឹកត្របែក លើកឡើងថា សំរាមកកស្ទះជាគំនរនៅពេលបុគ្គលិកស៊ីនទ្រីមិនចូលធ្វើការ។ អ្នកស្រី អះអាងថា ជាក់ស្ដែង គំនរសំរាមនៅក្បែរតូបរបស់អ្នកស្រី បានបង្កឲ្យមានក្លិនស្អុយនិងខ្លះអណ្ដែតពេញប្រឡាយ រហូតដល់ថ្នល់ ពេលមានទឹកលិចឬភ្លៀងម្ដងៗ។

អ្នកស្រី និយាយថា៖«សំរាមមិនត្រឹមតែស្អុយប្រមូលមិនទាន់ទេ ភ្លៀងមកអណ្ដែតពេញហ្នឹង មិនដឹកមេរោគស្អីខ្លះតាមទឹក ហើយកន្លែងនេះ ឲ្យតែភ្លៀងខ្លាំងជាង១ម៉ោង គឺដឹងតែលិចទឹកហើយ រដ្ឋ សាលាក្រុង អាជ្ញាធរ គួរដោះស្រាយឲ្យបានឆាប់ ដោយសារតែក្រុមហ៊ុននិងរដ្ឋគ្រប់គ្រងមិនល្អ បានជួបរឿងអ៊ីចឹង...»។

អាជីវកររូបនេះ បន្ថែមថា សាលារាជធានីភ្នំពេញនិងក្រុមហ៊ុន គួរដោះស្រាយឲ្យកម្មករប្រមូលសំរាម ចំពោះប្រាក់និងអត្ថប្រយោជន៍ ដែលពួកគាត់ខិតខំធ្វើការកន្លងមក។ អ្នកស្រី បន្តថា ការងារប្រមូលសំរាមមិនមែនគ្រប់គ្នាអាចតស៊ូធ្វើបានទេ ហើយការងារនេះ ប្រឈមបញ្ហាគ្រប់សព្វបែបយ៉ាង។

អាជីវកររូបនេះ មានប្រសាសន៍ថា៖«ដោះស្រាយឲ្យពួកគាត់ទៅ សាលាក្រុងក៏ដោយ ក្រុមហ៊ុនស៊ីនទ្រីក៏ដោយ រួមគ្នាជួយគាត់ទៅ ហើយបញ្ហាសំខាន់បន្ថែមប្រាក់ខែឲ្យពួកគាត់ផង។ គ្មាននរណាធ្វើបានដូចពួកគាត់ទេ ហើយបើរើសអ្នកថ្មីៗ គិតតាមអ្នកថ្មីទៅ។ បើមិនគិតគូរពីពួកគាត់ ដូចមានបំណងចង់ជម្រុះអ្នកចាស់ រើសអ្នកថ្មី ដោយមិនចង់បាត់ប្រយោជន៍អ៊ីចឹង...»។

ចំណែក ស្រ្តីម្នាក់ទៀត រស់នៅក្បែរតូបរបស់អ្នកស្រីពេជ្រ ក៏បានលើកឡើងដូចគ្នាដែរថា ក្រុមហ៊ុននិងសាលារាជធានីភ្នំពេញ គួរដោះស្រាយជាមួយបុគ្គលិកប្រមូលសំរាមឲ្យអស់លទ្ធភាព។ ពលរដ្ឋសុំមិនបញ្ចេញអត្តសញ្ញាណរូបនេះ មើលឃើញថា បញ្ហាសំរាមតាមដងផ្លូវប៉ុន្មានថ្ងៃនេះ កាន់តែធ្ងន់ធ្ងរទៅៗ។

អ្នកស្រី និយាយជាមួយសារព័ត៌មានថ្មីៗយ៉ាងដូច្នេះថា៖«ទៅណាក៏ឃើញតែសំរាមដែរ ដើរគេច ដើរបិទច្រមុះ ហិតក្លិនតែសំរាម...ដោះស្រាយឲ្យពួកគាត់ទៅ។ ការងារ [របស់ពួកគាត់] ពិបាក ក្លិនស្អុយ ហើយពួកគាត់សុទ្ធតែជាអ្នកខ្វះខាត ហើយប្រាក់អតីតការងារ ដែលពួកគាត់ចង់បានហ្នឹង មិនមែនធ្វើឲ្យក្រុមហ៊ុនក្រទេ»។

ស្ថានភាពសំរាមនៅដំណាក់កាលនេះ ជះឥទ្ធិលពីរយ៉ាងសំខាន់ៗ គឺបញ្ហាសុខភាព និងសណ្ដាប់ធ្នាប់សាធារណ។ នេះបើតាមការលើកឡើងរបស់លោក លោក សន ជ័យ នាយកអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) ដោយលោកបញ្ជាក់ថា លោកចង់ឃើញមានការដោះស្រាយបញ្ហាឲ្យឆាប់ ដើម្បីជាប្រយោជន៍ដល់កម្មករប្រមូលសំរាមនិងសាធារណជន។

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក សន ជ័យ ថ្លែងថា៖«ឥឡូវនេះត្រូវដោះស្រាយបញ្ហាពីរ គឺ [ទីមួយ] ផលប្រយោជន៍របស់បុគ្គលិកដែលប្រមូលសំរាម និង ទីពីរ គឺឱកាសនៃការដេញថ្លៃនិងការប្រកួតប្រជែងលើការប្រមូលសំរាម។ អាជ្ញាធរសាលារាជធានីភ្នំពេញគួរតែគិត ទៅលើដំណោះស្រាយទាំងពីរនេះក្នុងដំណាក់អន្តរកាល ថាតើក្រុមហ៊ុនស៊ីនទ្រី មុននឹងឈានដល់កិច្ចសន្យាថ្មីជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជាកិច្ចសន្យាជាមួយក្រុមហ៊ុនថ្មីទៀត។ គេត្រូវដោះស្រាយជាមួយក្រុមហ៊ុនដែលមានស្រាប់ដូចស៊ីនទ្រីហ្នឹង ក្នុងពេលវេលាមួយឲ្យបានម៉ត់ចត់»។ លោក ពន្យល់ថា ម៉ត់ចត់ក្នុងន័យនេះ គឺទុកពេលជាក់លាក់ឲ្យក្រុមហ៊ុនស៊ីនទ្រីដោះស្រាយធ្វើកិច្ចការរបស់ខ្លួនឲ្យហេីយសិន ចាំប្រគល់តំបន់ដែលចាត់ចែងថ្មីឲ្យក្រុមហ៊ុន [ដទៃ]។

លោក សន ជ័យ មើលឃើញថា មធ្យោបាយសម្រាប់ការពារសុវត្ថិភាពការងារ ដូចជា ឯកសណ្ឋាន បរិក្ខាររបស់បុគ្គលិកប្រមូលសំរាម គឺមានហានិភ័យខ្ពស់ដល់សុខភាពរបស់ពួកគេ។  លោកថា ក្រុមហ៊ុនស៊ីនទ្រីគួរតែពង្រឹងសមត្ថភាព ដើម្បីឲ្យប្រសិទ្ធភាពការងារនិងជីវភាពរបស់បុគ្គលិកប្រមូលសំរាមបានប្រសើរជាងមុន។

លោក បង្ហាញការសង្កេតរបស់លោកថា៖«ខ្ញុំ ឃើញថាមានហានីភ័យ [ចំពោះ] ពួកគេ។ ពេលខ្លះប្រើដៃទទេ ក្នុងការលើកសំរាម ដាក់ចូលក្នុងរថយន្តដឹកសំរាម...ក្រៅពីប្រមូលសំរាម និងមធ្យោបាយដឹកជញ្ជូន ក៏មិនទាន់ឃើញមានបច្ចេកទេសអ្វីទេ ហើយការដឹកសំរាមឃើញមានទឹកហូរតាមផ្លូវមិនដឹងថាមេរោគអ្វីខ្លះទេ និងជ្រុះរប៉ាត់រប៉ាយ»។

ទន្ទឹមនឹងនេះ លោក មើលឃើញទៀតថា ការរៀបចំឲ្យមានក្រុមហ៊ុនដេញថ្លៃ និងតំបន់គ្រប់គ្រង់សំរាមរបស់សាលារាជធានីភ្នំពេញ គឺជាយុទ្ធសាស្រ្តល្អ ដើម្បីមានការប្រកួតប្រជែងនិងដោះស្រាយបញ្ហាសំរាមឲ្យកាន់តែប្រសើរឡើង៕

Tag:
 បញ្ហាសំរាម
  មតិពលរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com