អន្តរជាតិ
ប្រមុខ​ការទូត​ចិន​ថា អាមេរិក ជប៉ុន ឥណ្ឌា​និង​អូស្ត្រាលី ចង់​បង្កើត​ណា​តូ​នៅ​ឥណ្ឌូ​-​បា​ស៊ី​ហ្វិ​ក
14, Oct 2020 , 2:29 pm        
រូបភាព
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជាមួយសមភាគីម៉ាឡេស៊ី លោក Hishammuddin Hussein។ រូបភាព៖ Xinhua
លោកវ៉ាង យី រដ្ឋមន្រ្តីការបរទេសចិន ជាមួយសមភាគីម៉ាឡេស៊ី លោក Hishammuddin Hussein។ រូបភាព៖ Xinhua
​ប្រមុខ​ការទូត​ចិន លោក វ៉ាង យី នៅ​ថ្ងៃទី​១៣ ខែតុលា បាន​រិះគន់​ក្រុម​ប្រទេស​កិច្ចសន្ទនា​សន្តិសុខ​ចតុ​ភាគី (Quad) ដែលមាន​អាមេរិក ជប៉ុន អូស្ត្រាលី និង​ឥណ្ឌា ថា មានបំណង​ចង់​បង្កើត​បក្សសម្ព័ន្ធ​យោធា​NATO នៅក្នុង​តំបន់​ឥណ្ឌូ​-​បា​ស៊ី​ហ្វិ​ក​។ ការលើកឡើង​នេះ ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​Quad ទើបតែ​ធ្វើឡើង​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន សប្តាហ៍​មុន​។​



​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​រួមគ្នា​ជាមួយ​សម​ភាគី​ម៉ាឡេស៊ី លោក Hishammuddin Hussein នៅក្នុង​ទីក្រុង​គូ​ឡា​ឡាំ​ពួ លោក​វ៉ាង យី រដ្ឋមន្ត្រីការបរទេស​ចិន បានលើកឡើង​ពី​បញ្ហា​ជាច្រើន​ដូចជា COVID-19 សហប្រតិបត្តិការ​លើ​វ៉ាក់សាំង​COVID-19 សមុទ្រ​ចិន​ខាងត្បូង និង​ទំនាក់ទំនង​ទ្វេភាគី​ជាដើម​។ 
 
​ប្រមុខ​ការទូត​ចិន​រូបនេះ ក៏ត្រូវ​បា​អ្នកសារព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ចោទ​ជា​សំណួរ​ជុំវិញ​កិច្ចសន្ទនា​សន្តិសុខ​ចតុ​ភាគី​រវាង​អាមេរិក ឥណ្ឌា ជប៉ុន និង​អូស្ត្រាលី (Quad) ដែល​ទើប​បញ្ចប់​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​ថ្មីៗ​នេះ​។ លោក វ៉ាង ឆ្លើយថា​៖ «​យុទ្ធសាស្ត្រ​ឥណ្ឌូ​-​បា​ស៊ី​ហ្វិ​ក ធ្វើឡើង​ដើម្បី​បង្កើត បក្សសម្ព័ន្ធ​NATO តំបន់​ឥណ្ឌូ​-​បា​ស៊ី​ហ្វិ​ក ដែលមាន​យន្តការ​កិច្ចសន្ទនា​ចតុ​ភាគី​ជា​មូលដ្ឋាន​»​។ 
 
​បើតាម​ប្រមុខ​ការទូត​ចិន កិច្ចសន្ទនា Quad ជា​កន្លែង​បណ្តុះ​ឲ្យ​មានគំនិត​សង្គ្រាមត្រជាក់​ជាថ្មី បង្កើត​ការប្រឈមមុខ​ដាក់គ្នា និង​ការប្រកួតប្រជែង​នៅក្នុង​តំបន់​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល ទីប្រឹក្សា​រដ្ឋ​ចិន បាន​បន្ថែមទៀតថា កិច្ចសន្ទនា Quad ក៏​គ្រាន់​ជាការ​ការពារ​នូវ​ប្រព័ន្ធ​អនុត្តរភាព និង​គ្រប់គ្រង​របស់​អាមេរិក​ប៉ុណ្ណោះ​។ តាម​ការចុះផ្សាយ​របស់​កាសែត South China Morning Post លោក​វ៉ាង បានចាត់ទុក Quad ថា គឺជា​គ្រោះថ្នាក់​សន្តិសុខ និង​បង្ក​ឲ្យ​មាន​ប្រវត្តិសាស្ត្រ​ច្រំ​ដែល​។ 
 
​ការលើកឡើង​របស់លោក វ៉ាង ធ្វើឡើង​បន្ទាប់ពី​កិច្ចប្រជុំ​សន្ទនា​សន្តិសុខ​ចតុ​ភាគី​ប្រព្រឹត្តឡើង​នៅ​ទីក្រុង​តូ​ក្យូ​នា​សប្តាហ៍​មុន​។ ក្នុង​កិច្ចប្រជុំ​នោះ លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ រដ្ឋមន្ត្រីការបរទេស​អាមេរិក បាន​អំពាវនាវ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត​ទប់ស្កាត់​សកម្មភាព​អុង​អាត់​របស់​ចិន​នៅក្នុង​តំបន់​។ យ៉ាងណាក៏ដោយ ក្នុង​កិច្ចប្រជុំ​នេះ គឺ​មានតែ​អាមេរិក​ប៉ុណ្ណោះ ដែល​និយាយ​ពី​ចិន​ចំៗ​។ 
​ក្រៅពី​ក្រុម​ប្រទេស Quad លោក​វ៉ាង ក៏បាន​លើកឡើង​ពី​សមុទ្រ​ចិន​ខាងត្បូង ដោយ​ជំរុញ​ឲ្យ​អាស៊ាន​បង្ការ​ការរំខាន​ពី​កម្លាំង​ខាងក្រៅ​មក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​។ ក្នុងន័យនេះ ចិន និង​អាស៊ាន គួរតែ​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដោយ​សន្តិវិធី ជាជាង​ការប្រឈមមុខ​ដាក់គ្នា​។ 
 
​សូមបញ្ជាក់ថា លោក​វ៉ាង យី កំពុងស្ថិត​ដំណើរ​ទស្សនកិច្ច​ទៅ​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ចំនួន​៤ ក្នុងនោះ​មានដូចជា​កម្ពុជា ម៉ាឡេស៊ី ឡាវ ថៃ និង​សំចត​នៅ​សិង្ហ​បុរី​។ លោក​បានបញ្ចប់​ទស្សន​កិច្ច​បី​ប្រទេស​រួច នៅតែ​ថៃ និង​ឡាវ​៕ 

Tag:
 ​ចិន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com