ជាតិ
ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលជួបគ្រោះរាំងស្ងួតរាល់ឆ្នាំ ក៏ជន់លិចផងដែរ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង កំពុងកាន់ដើមស្រូវ (រូបពីហ្វេសប៊ុករដ្ឋបាលខេត្តបាត់ដំបង)
× បាត់ដំបង៖ ស្រុកគាស់ក្រឡក្នុងខេត្តបាត់ដំបង ដែលតែងជួបគ្រោះរាំងស្ងួតស្ទើររាល់ឆ្នាំ និងមានសណ្ឋានដីខ្ពស់មិនងាយមានទឹកជំនន់ហូរដល់ បានជួបគ្រោះទឹកជំនន់ដោយសារទឹកភ្លៀង ដោយទឹកបានហូរចូលស្ទើរគ្រប់ឃុំទាំងអស់។ ទោះជាយ៉ាងណា គិតត្រឹមថ្ងៃទី១៤ខែ តុលានេះ ទឹកជំនន់បានស្រកចុះជាលំដាប់ហើយ។ នេះបើតាមលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីៗ។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានថ្មីនៅព្រឹកថ្ងៃទី១៤នេះថា ស្ថានភាពទឹកទំនន់នៅក្នុងស្រុកគាស់ក្រឡ បានធូរស្រាលជាលំដាប់ហើយ។ ទោះជាយ៉ាងណា ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ ប្រជាជនប្រមាណជា៧០គ្រួសារ ដែលរស់នៅក្នុងឃុំផ្សេងគ្នា ត្រូវបានជម្លៀសទៅទីទួលសុវត្ថភាព ដែលស្ថិតក្នុងវត្តហប់។
លោក ងួន រតនៈ បញ្ជាក់បន្ថែម៖«ឥឡូវនេះកាន់តែធូរស្រាយហើយ។ មិនមានអ្នករងគ្រោះដល់អាយុជីវិតទេ ក៏ប៉ុន្តែឃុំខ្លះយើងត្រូវជម្លៀសគាត់មកទីទួលសុវត្ថិភាព ដោយយកគាត់ទៅដាក់ក្នុងវត្តហប់ ស្ថិតក្នុងឃុំហប់។ យើងយកគាត់ពីគ្រប់ស្រុក ប្រហែលជា៧០គ្រួសារ។ យើងយកមកតាំងពីម្សិលមិញ»។
ទឹកជំនន់ដែលហូរចូលស្រុកគាស់ក្រឡ បានហូរចេញពីស្រុកសង្កែ និងស្រុកបាណន់ ដែលជាស្រុកកំពុងជួបបញ្ហាគ្រោះទឹកជំនន់ធ្ងន់ធ្ងរ៕
Tag:
បាត់ដំបង
ទឹកជំនន់
គ្រោះមហន្តរាយ
© រក្សាសិទ្ធិដោយ thmeythmey.com