អន្តរជាតិ
លោក ស៊ី ជិន​ភីង ប្រាប់​ឲ្យ​កង​ម៉ា​រី​ន​ចិន​ពង្រឹងសមត្ថភាព​ត្រៀម​ធ្វើសង្គ្រាម
14, Oct 2020 , 9:59 pm        
រូបភាព
លោកប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងអំឡុងទស្សនកិច្ចនៅមូលដ្ឋានទ័ពម៉ារីន ក្នុងទីក្រុងឆាវចូវ ខេត្តគ័ងតុង នៅថ្ងៃទី ១៣ ខែតុលា ។ រូបភាព Xinhua
លោកប្រធានាធិបតីចិន ស៊ី ជិនភីង ថ្លែងអំឡុងទស្សនកិច្ចនៅមូលដ្ឋានទ័ពម៉ារីន ក្នុងទីក្រុងឆាវចូវ ខេត្តគ័ងតុង នៅថ្ងៃទី ១៣ ខែតុលា ។ រូបភាព Xinhua
ដោយ:
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង បាន​ប្រាប់​ឲ្យ​កង​ម៉ា​រី​ន​នៃ​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន​ពង្រឹងសមត្ថភាព​ធ្វើសង្គ្រាម និង​ត្រៀមលក្ខណៈ​ទប់ទល់​គ្រោះថ្នាក់​ជានិច្ច​។ លោក ស៊ី ណែនាំ​បែបនេះ​អំឡុង​ទស្សនកិច្ច​ថ្ងៃទី​២​របស់លោក​ក្នុង​ខេត្ត​គ័ង​តុង​ភាគខាងត្បូង​ប្រទេស​។ 

 
​ពី​មូលដ្ឋានទ័ព​ម៉ា​រី​ន​នៅ​ទីក្រុង​ឆាវ​ចូ​វ​ខេត្ត​គ័ង​តុង​នៅ​ថ្ងៃទី ១៣ ខែតុលា លោក ស៊ី ជិន​ភីង បាន​ទទូច​ឲ្យ​កង​ម៉ា​រី​ន​ពង្រឹងសមត្ថភាព​ប្រយុទ្ធ​ដើម្បី​ប្រែក្លាយជា​កងទ័ព​ដ៏​មាន​ឥទ្ធិពល​មួយ ដែល​អាច​ប្រតិបត្តិ​ការឆ្លើយតប​លឿន​រហ័ស និង​មាន​សមត្ថភាព​ប្រយុទ្ធ​ក្រោម​លក្ខខណ្ឌ​អាកាសធាតុ​គ្រប់បែបយ៉ាង​។ 
 
​យោងតាម​ទូរទស្សន៍​រដ្ឋ​ចិន CCTV លោក​ប្រធានាធិបតី ស៊ី និយាយ​ដូច្នេះ​ថា​៖«​ផ្តោត​ការគិត​និង​ថាមពល​អ្នក​លើ​ការត្រៀម​លក្ខណៈ​ទៅធ្វើ​សង្គ្រាម ហើយ​ត្រូវតែ​ត្រៀម​ទប់ទល់​គ្រោះថ្នាក់​ជានិច្ច​»​។​
​លោក ស៊ី ដែលជា​ប្រធាន​គណៈកម្មការ​យោធា​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន​ដែរនោះ បាន​ប្រាប់​កង​ម៉ា​រី​ន​ទៀតថា ពួកគេ មានការ​ទទួលខុសត្រូវ​សំខាន់​ក្នុងការ​ការពារ​បូរណភាព​ទឹកដី​និង​អធិបតេយ្យភាព ព្រមទាំង​ផលប្រយោជន៍​លំហ​សមុទ្រ​របស់​ប្រទេស ក៏ដូចជា​ផលប្រយោជន៍​នៅ​បរទេស​ផងដែរ​។ 
 
​ទន្ទឹមនេះ លោក​ប្រធានាធិបតី​សង្កត់ធ្ងន់​ពី​ភាពចាំបាច់​សម្រាប់​កង​ម៉ា​រី​ន​ចិន​ក្នុងការ​ធ្វើការ​ជិតស្និទ្ធ​បន្ថែមទៀត​ជាមួយ​កងកម្លាំង​ដទៃទៀត​របស់​កងទ័ព​រំដោះប្រជាជន​ចិន ហើយ​ធ្វើ​សមាហរណកម្ម​ស៊ីជម្រៅ​ឲ្យ​ប្រែក្លាយជា​ប្រព័ន្ធ​ប្រតិបត្តិកា​រួម​។ 
 
​ទស្សនកិច្ច​របស់លោក​ស៊ីក្នុង​មូលដ្ឋានទ័ព​នេះ ធ្វើឡើង​ខណៈ​ភាព​តានតឹង​កើនឡើង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង​ចំណងមិត្តភាព​កាន់តែ​ជិតស្និទ្ធ​រវាង​តៃវ៉ាន់​និង​សហរដ្ឋអាមេរិក ។ ចិន​ដែល​ចាត់ទុក​កោះ​តៃវ៉ាន់​ជា​ដែនដី​របស់ខ្លួន ប្តេជ្ញា​ប្រើ​កម្លាំងយោធា​បើ​ចាំបាច់​។ 
 
​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោក Zhao Lijian បានបញ្ជាក់​នៅ​ថ្ងៃទី​១៣ ខែតុលា​ថា ក្រុង​ប៉េកាំង នឹង​វាយបក​ឆ្លើយតប​នឹង​របាយការណ៍​ដែលថា សភា​អាមេរិក​កំពុង​ត្រួតពិនិត្យ​លើ​កិច្ចព្រមព្រៀង​ចំនួន​៣​ផ្គត់ផ្គង់​សព្វាវុធ​ទំនើបៗ​ឲ្យ​តៃវ៉ាន់​។ «​សហរដ្ឋអាមេរិក គួរ​លុបចោល​ភ្លាមៗ​នូវ​គម្រោង​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ បញ្ឈប់​កិច្ចព្រមព្រៀង​លក់​អាវុធ​ណាៗ​ទាំងអស់ និង​កាត់​ចំណងទាក់ទង​យោធា​ជាមួយ​តៃវ៉ាន់​»​។ លោក Zhao លើកឡើង​បែបនេះ​៕ 
 
 
 

Tag:
 ចិន​
  ស៊ី ជិន​ភីង​
  ការពារជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com