​ពលរដ្ឋ​ជាង​១៤០០​គ្រួសារ​នៅ​ស្រុក​កណ្តាលស្ទឹង កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​ពី​ស្ទឹង​ព្រែក​ត្នោត​
ជាតិ
សង្គមជាតិ
​ពលរដ្ឋ​ជាង​១៤០០​គ្រួសារ​នៅ​ស្រុក​កណ្តាលស្ទឹង កំពុង​រងគ្រោះ​ដោយ​ទឹកជំនន់​ពី​ស្ទឹង​ព្រែក​ត្នោត​
15, Oct 2020 , 10:38 am        
រូបភាព
​ពលរដ្ឋ​ចំនួន​១,៤៧៩​គ្រួសារ រស់នៅក្នុង​ឃុំ​ចំនួន​៧ នៃ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល កំពុង​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង និង​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត​។ នេះ​ជាការ​លើកឡើង​របស់លោក លោក អ៊ូច សៅ​រឿន អភិបាលស្រុក​កណ្តាលស្ទឹង ប្រាប់​សារព័ត៌មាន​ថ្មីៗ នា​ព្រឹក​ថ្ងៃទី​១៥​តុលា​។​

 
​លោក អ៊ូច សៅ​រឿន​ បានបញ្ជាក់ បច្ចុប្បន្ន​ថ្វី​ដ្បិត​កម្រិត​ទឹក​នៅ​ផ្នែក​លើ​នៅ​ទ្រឹង  ប៉ុន្តែ​កម្រិត​ទឹក​ផ្នែក​ខាងក្រោម បែរជា​មានការ​ហ​ក់ឡើ​ង ក្នុង​ល្បឿ​ង​លឿន​ទៅវិញ​។ អភិបាលស្រុក​កណ្តាលស្ទឹង​រូបនេះ បន្ត​និយាយ​ដូច្នេះ​៖«​ប្រសិនបើ​ទឹក​ផ្នែក​ក្រោម​នៅតែ​ហក់​ឡើង​បែបនេះ នោះ​នឹង​បន្ត​រាលដាល​ធ្វើឱ្យ ប៉ះពាល់​ដល់​ពលរដ្ឋ​នៅរស់​ក្នុង​ឃុំ​ផ្សេងៗ​ទៀត ដែល​សណ្ឋាន​ដី​ទាប​»​។ 
 
​បើតាម​លោក លោក អ៊ូច សៅ​រឿន ឃុំ​ទាំង​៧​ដែលមាន​កំពុង​រងគ្រោះ ដោយ​ទឹកជំនន់​នេះ មាន​ឃុំ​ដើម​ឬ​ស ឃុំ​កន្សោម ឃុំ​តា​មោក ឃុំ​អន្លង់​រមៀត ឃុំ​ព្រះពុទ្ធ ឃុំ​គោក​ត្រប់ និង​ឃុំ​ជើង​កែប​។ «​គិត​ត្រឹម​ម៉ោង​៩​ព្រឹក​នេះ គឺ​មិនទាន់មាន​ពលរដ្ឋ​ណា បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​ឡើយ  ព្រោះ​ស្ថានភាព​ទឹកជំនន់​នេះ គឺ​យើង​នៅ​អាច​គ្រប់គ្រង​បាន​»​។​
 
​ដើម្បី​គ្រប់គ្រង​គ្រោះមហន្តរាយ​ទឹកជំនន់​នេះ អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ខេត្តកណ្តាល គឺ​បាន​ត្រៀមកម្លាំង និង​ទីទួល​សុវត្ថិភាព​រួច​អស់ហើយ សម្រាប់​ជម្លៀស​ពលរដ្ឋ​ចេញពី​កន្លែង​គ្មាន​សុវត្ថិភាព​ដែល​បង្កដោយ​ជំនន់​នេះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល ដោយ​បន្ត​អះអាង​ដូច្នេះ៖​«​យើង​បាន​ត្រៀមកម្លាំង​គ្រប់​ស្ថាប័ន សម្រាប់​ជម្លៀស នឹង​សង្គ្រោះ​ពលរដ្ឋ ឱ្យមាន​សុវត្ថិភាព​។ យើង​បានរៀបចំ​កងកម្លាំង​រួច​អស់ហើយ ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ឱ្យបាន​ទាន់ពេលវេលា»​។​
 
​សូមជម្រាបថា ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ដែល​បន្តបាន​ហក់​ឡើង​ក្នុង​កម្រិត​ប្រកាសអាសន្ន​នេះ បានធ្វើឱ្យ​ស្រុក​កណ្តាលស្ទឹង ស្រុក​អង្គស្នួល និង​ក្រុង​តាខ្មៅ រងគ្រោះ​ដោយ​ជំនន់​នេះ​។ លើសពីនេះ​ទៀត ឥទ្ធិពល​ជំនន់​ទឹកស្ទឹង​ព្រែក​ត្នោត ក៏បាន​ពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅក្នុង​ខណ្ឌដង្កោ បង្ខំចិត្ត​ចាក​ចេញពីផ្ទះ ទៅកាន់​ទីទួល​សុវត្ថិ​៕ 


លោក អ៊ូច សៅរឿន អភិបាលស្រុកកណ្តាលស្ទឹង

 
 
 

Tag:
 ស្រុក​កណ្តាលស្ទឹង​
 ​ទឹកជំនន់​
  ស្ទឹង​ព្រែក​ត្នោត​
  កណ្តាល​
© រក្សាសិទ្ធិដោយ thmeythmey.com