សង្គមជាតិ
អន្តរជាតិ
ទីភ្នាក់ងារ​UN៖ ការប្រែប្រួល​អាកាសធាតុ នឹងធ្វើ​ឲ្យ​គ្រោះធម្មជាតិ​កើនឡើង​រៀងរាល់ឆ្នាំ​
15, Oct 2020 , 6:59 pm        
រូបភាព
 
ដោយ៖ ​កង ម៉េង​ហុង
 
​ទីភ្នាក់ងារ​ផ្នែក​អាកាសធាតុ​របស់​អង្គការសហប្រជាជាតិ (UN) នៅ​ថ្ងៃទី​១៣ ខែតុលា បាន​ព្រមាន​ពី​ការកើនឡើង​គ្រោះធម្មជាតិ​ដូចជា​ទឹកជំនន់ គ្រោះរាំងស្ងួត និង​ខ្យល់ព្យុះ​ដែល​បង្កដោយ​ការប្រែប្រួល​អាកាសធាតុ​។  ជាមួយនឹង​ការកើនឡើង​គ្រោះធម្មជាតិ​នេះ ចំនួន​មនុស្ស​ដែល​ត្រូវការ​ជំនួយ​មនុស្សធម៌ នឹង​កើនឡើង​ផងដែរ​។​

 
​ខណៈដែល​បម្រែបម្រួល​អាកាសធាតុ​នៅតែ​ជា​បញ្ហា​ប្រឈម​របស់​ពិភពលោក​នោះ ឥទ្ធិពល​របស់​វា ក៏​នាំ​ឲ្យ​មាន​កើនឡើង​គ្រោះធម្មជាតិ​កាន់តែ​ច្រើនឡើង​ដែរ​នៅ​ឆ្នាំ​ខាងមុខៗ ហើយ​មនុស្ស​ដែល​រងគ្រោះ​កាន់តែ ក៏​កើនឡើង​តាម​នោះដែរ​។ នេះ​បើតាម​របាយការណ៍​ស្ថាន​ភាព​អាកាសធាតុ (The State of Climate Services) ឆ្នាំ​២០២០ ដែល​ចេញ​ដោយ​ទីភ្នាក់ងារ​ឧតុនិយម​ពិភពលោក (WMO) របស់​អង្គការសហប្រជាជាតិ​។ 
 
WMO ព្រមាន​ក្នុង​របាយការណ៍​ដែល​រៀបចំ​ជាមួយ​១៦​ស្ថាប័ន​ទៀតថា ចំនួន​មនុស្ស​ដែល​ត្រូវការ​ជំនួយ​មនុស្សធម៌​អន្តរជាតិ​អាច​កើនឡើង ៥០ ភាគរយ​នៅ​ឆ្នាំ ២០៣០ បើ​ប្រៀបធៀប​ទៅនឹង​ចំនួន ១០៨ លាន​នាក់​ដែល​ត្រូវការ​វា​នៅ​ទូទាំង​ពិភពលោក​ក្នុង​ឆ្នាំ ២០១៨ ។​
 
​របាយការណ៍​ថ្មី​មួយ​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី ១៣ បន្ថែមថា គ្រោះមហន្តរាយ​កាន់តែច្រើន​ដែល​បណ្តាលមកពី​អាកាសធាតុ​កំពុង​កើត​ឡើងជា​រៀងរាល់ឆ្នាំ​។ គ្រោះមហន្តរាយ​ជាង ១១,០០០ លើក​បាន​កើតឡើង​ត្រូវបាន​គេ​សន្មត​ថា​ពាក់ព័ន្ធ​ជាមួយ​អាកាសធាតុ និង​បាតុភូតធម្មជាតិ​។ ឧទាហរណ៍ រលក​យក្ស​ស៊ូណាមិ​ទាក់ទង​នឹង​ទឹកសមុទ្រ​ជាដើម​។ 
 
​ក្នុង​រយៈពេល​៥០​ឆ្នាំ​ចុង​ក្រោយនេះ​គ្រោះមហន្តរាយ​បាន​បណ្តាលឱ្យ​មនុស្ស ២ លាន​នាក់​បាន​ស្លាប់​និង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ដែលមាន​តម្លៃ​ប្រមាណ ៣.៦ ពាន់​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​របាយការណ៍​ដដែល​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ត្រេកអរ​នោះ ចំនួន​អ្នកស្លាប់​ជា​មធ្យម​ដោយសារ​គ្រោះមហន្តរាយ​ក្នុង​មួយឆ្នាំ​បាន​ធ្លាក់ចុះ​មួយ​ភាគបី ខណៈ​ចំនួន​គ្រោះធម្មជាតិ និង​ការចំណាយ​ខាង​សេដ្ឋកិច្ច​បាន​កើនឡើង​ក៏ដោយ​។​
 
​របាយការណ៍​ឆ្នាំ​២០២០ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ប្រាក់​បន្ថែមទៀត​ទៅក្នុង​ប្រព័ន្ធ​ប្រកាសអាសន្ន​ជាមុន ដែល​អាច​លើកកម្ពស់​សមត្ថភាពរ​បស់​ប្រទេស​នានា​ក្នុងការ​រៀបចំ​ត្រៀម​ឆ្លើយតប​និង​កាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រោះមហន្តរាយធម្មជាតិ​។​
 
​អគ្គលេខាធិការ WMO លោក Petteri Taalas បាន​និយាយថា នៅពេលដែល COVID-19 បង្កើតឱ្យមាន​វិបត្តិ​សុខភាព​និង​សេដ្ឋកិច្ច​អន្តរជាតិ​ដ៏​ធំ​មួយ​ដែល​វា​នឹង​ចំណាយពេល​រាប់​ឆ្នាំ​ដើម្បី​ធ្វើ​ប្រសើរ​ឡើងវិញ វា​ក៏​ជាការ​សំខាន់​ដែល​ត្រូវ​ចងចាំ​ថា ការប្រែប្រួល​អាកាសធាតុ​នឹង​បន្ត​បង្កើន​ការគំរាមកំហែង​ដល់​អាយុជីវិត​មនុស្ស ប្រព័ន្ធ​អេកូឡូស៊ី សេដ្ឋកិច្ច និង​សង្គម​ជាច្រើន​សតវត្សរ៍​ទៀត​ទៅ​អនាគត​។ 
 
​លោក​អគ្គលេខាធិការ WMO រូបនេះ​បាន​សង្កត់ធ្ងន់ថា ការ​ងើប​ឡើងវិញ​ពី​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​នេះ ជា​ឱកាស​មួយ​ដើម្បី​ដើរ​ទៅមុខ​ប្រកបដោយ​ចីរភាព​ឆ្ពោះទៅរក​ភាព​ធន់ និង​ការ​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​ដែល​បណ្តាលមកពី​សកម្ម​ភាព​មនុស្ស​ផងដែរ​៕

Tag:
 ​បម្រែបម្រួល​អាកាសធាតុ​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com