ជាតិ
សង្គមជាតិ
នារី​ខ្មែរ ដែល​ចាញ់បោក​មេខ្យល់​ទៅធ្វើ​ការ​នៅ​ចិន ត្រូវបាន​សង្គ្រោះ​ហើយ​
15, Oct 2020 , 8:29 pm        
រូបភាព
ដោយ: ថ្មីៗ
​នារី​ខ្មែរ​ម្នាក់ ដែល​និយាយ​តាម​វីដេអូ​ឃ្លី​ប​ថា នាង ត្រូវ​មេខ្យល់​បោក​យកទៅ​ធ្វើការ​នៅ​ចិន ហើយ​រង​ការ​ធ្វើបាប​នោះ ត្រូវ​អាជ្ញាធរ​កម្ពុជា ស្រាវ​ជ្រាង​រកឃើញ​អាសយដ្ឋាន​របស់​នាង កាលពី​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ និង​បាន​បញ្ជូនទៅ​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​សៀង​ហៃ​។

 
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជីវ ផល្លី ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប្រាប់ថា បច្ចុប្បន្ន នារីរ​ខ្មែរ​រូបនេះ កំពុងស្ថិត​ក្រោម​ការ​គាំពារ​ពី​សំណាក់​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​សៀង​ហៃ​។ លោក បន្តថា ស្ថាន​អគ្គ​កុងស៊ុល កំពង់​រៀបចំ​បែបបទ ដើម្បី​បញ្ជូន​នាង​មក​កម្ពុជា​វិញ នៅ​ចុងខែ​តុលា ឆ្នាំ​២០២០​។ 
 
​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ នៅ​ព្រឹក​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០២០ មន្ត្រីនគរបាល​ប្រឆាំងនឹង​ការជួញដូរ​មនុស្ស​រូប​នេះ មានប្រសាសន៍ថា​៖«​ដោយសារតែ​នាង​មាន​បញ្ហា​សុខភាព អ៊ីចឹង យើង មិនទាន់​សួរ​នាង​ទេ​។ ពេល​នាង មកដល់​កម្ពុជា​វិញ យើង នឹង​សម្ភាស​ព័ត៌មាន​ពី​នាង និង​សួររក​មេខ្យល់ ដើម្បី​ស្រាវជ្រាវ​តាម​ចាប់ យកមក​ចាត់ការ​តាមច្បាប់​»​។​
 
​នារី​ខ្មែរ​រូ​នោះ មាន​ស្រុកកំណើត នៅ​ស្រុក​ចម្ការលើ ខេត្តកំពង់ចាម​។ ថ្មីៗ​នេះ គេ បានឃើញ​វីដេអូ​អំពី​នាង នៅលើ​បណ្តាញ​សង្គម​។ នាង និយាយថា នាង ត្រូវបាន​មេខ្យល់​បោក​យកទៅ​ធ្វើការ​នៅ​ចិន​អស់​រយៈពេល​ប្រមាណ​ពីរ​ឆ្នាំ​ហើយ ហើយ​នាង រង​ការ​ធ្វើបាប​និង​ជួប​ការលំបាក​ជាច្រើន​។ នាង រៀបរាប់ថា សូម្បីតែ​នាង​ឈឺ ក៏​គេ មិន​បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ​ដែរ​។ នាង បន្តថា នាង គ្មាន​ទាំង​ទូរស័ព្ទ ដើម្បី​ទាក់ទង​មក​គ្រួសារ​នៅ​កម្ពុជា រហូតដល់​បាន​ពឹង​គេ ឲ្យ​ជួយ​ថត​វីដេអូ បង្ហោះ​លើ​បណ្តាញ​សង្គម ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​។​
 
​ក្នុង​វីដេអូ នាង និយាយ​បណ្តើ​រយំ​បណ្តើរ ដោយ​លើកដៃ​សំពះ ស្នើ​ទៅ​សម្តេចនាយក​រដ្ឋមន្ត្រី​ថា​៖«​ខ្ញុំ ចង់ទៅ​ស្រុក​វិញ​។ ខ្ញុំ សំណូមពរ​លោក​អ៊ុំ ហ៊ុន សែន ជួយ​ខ្ញុំ​ផង លោក​ឯកឧត្តម​ណាក៏ដោយ ឲ្យ​តែ​លោក ជួយ​ខ្ញុំ​បាន​។​...​ខ្ញុំ សង្ឃឹមថា លោក​អ៊ុំ ជួយ​ខ្ញុំ ឲ្យ​ខ្ញុំ​ទៅ​ស្រុកកំណើត​ជួប​ម៉ែឪ​ខ្ញុំ​វិញ​»​។ 
 
​ពេល​ឃើញ​វីដេអូ​អំពី​នារី​ខ្មែរ​រូបនោះ ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​បញ្ជូន​ករណី​រប​ស់​នាង ទៅ​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​៕ 
 
 
 
 

Tag:
 ពលករ​ខ្មែរ​នៅ​ចិន
© រក្សាសិទ្ធិដោយ thmeythmey.com